+85561 777 090
Logo
1500លានដុល្លារ ! កូរ៉េផ្តល់កម្ចីឱ្យកម្ពុជាដើម្បីអភិឌ្ឍន៍សេដ្ឋកិច្ច និងសាងសង់ស្ពានអរិយក្សត្រ
Updated on: December 15, 2022, 7:43 a.m.
Published on: December 15, 2022, 7:43 a.m.

1500លានដុល្លារ ! កូរ៉េផ្តល់កម្ចីឱ្យកម្ពុជាដើម្បីអភិឌ្ឍន៍សេដ្ឋកិច្ច និងសាងសង់ស្ពានអរិយក្សត្រ


រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជាអធិបតីក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុប១,៥ពាន់លានដុល្លារអាមេរិក​សម្រាប់​គាំទ្រ​ការ​អភិវឌ្ឍ​នៅកម្ពុជា ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាពនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ពិធីចុះហេត្ថលេខានេះមានចំនួនពីររួមមាន៖

ទី១-ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក ។ ឯកសារនេះ ត្រូវចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា និងឯកឧត្តម ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។

ទី២-ការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមាន​ទឹក​ប្រាក់​ចំនួន ៧០,០០០,០០០ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាមេរិក ។

ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េដែលសាងសង់ចាប់ពីផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ គឺសាងសង់ស្ពានចំនួន២នៅទីតាំង «ផ្សាររាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ – អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ ដោយ​សាង​សង់​ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមាន​ប្រវែង​សរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿន​អតិបរមា ៨០ គ.ម/ម៉ោង ។

គម្រោងទាំងពីរនេះចុះហត្ថលេខាដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា ។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាល នៃសាធារណរដ្ឋ​កូរ៉េ​នាពេល​នេះនឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ ៕

Comments