ក្រុមហ៊ុនកូរ៉េធំៗបានបង្ហាញពីផែនការដណ្តើមទីផ្សារផ្គត់ផ្គង់សម្ភារៈក្នុងវិស័យសំណង់នៅកម្ពុជា ដោយបានរៀបចំការតាំងបង្ហាញផលិតផលរបស់ខ្លួននៅកម្ពុជាជាលើកដំបូង ដោយបញ្ជាក់ថាកំណើនដ៏ខ្លាំងក្លានៃវិស័យសំណង់កម្ពុជាគឺជាឱកាសសម្រាប់ពួកគេក្នុងការពង្រីកអាជីវកម្ម។
ភ្នាក់ងារផ្សព្វផ្សាយនិងជំរុញពាណិជ្ជកម្មកូរ៉េ (KOTRA) ដែលជាផ្នែកមួយនៃស្ថានទូតកូរ៉េ កាលពីថ្ងៃព្រហស្បត្តិ៍បានសហការជាមួយសមាគមអ្នកសាងសង់កម្ពុជារៀបចំការតាំងបង្ហាញផលិតផល និងសម្ភារៈសំណង់នៅកម្ពុជា ជាលើកដំបូង ដើម្បីបង្កើតឱកាសដល់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់របស់កូរ៉េ ២៤ ក្រុមហ៊ុនចាប់ផ្តើមជ្រាតចូលទីផ្សារសម្ភារៈសំណង់កម្ពុជា ដែលកំពុងត្រូវបានផ្គត់ផ្គង់ដោយចិន វៀតណាម និងថៃ។
លោក Kyungmoo Kwon នាយកគ្រប់គ្រង Kotra Phnom Penh បានលើកឡើងថាវិស័យសំណង់កម្ពុជាកំពុងមានការរីកចម្រើនខ្លាំង ហើយនិន្នាការនេះបានផ្តល់ឱកាសដល់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ជាច្រើនក្នុងការរីកចម្រើន។
លោកបន្តថា កន្លងមកផលិតផលសម្ភារៈសំណង់ត្រូវបានផ្គត់ផ្គង់ជាចម្បងដោយក្រុមហ៊ុនចិន វៀតណាម និងថៃជាដើម។
លោកថ្លែងថា៖«យើងពិតជាចង់ណែនាំសម្ភារៈសំណង់ដែលមានប្រសិទ្ធភាពជាង សុវត្ថិភាពជាង និងមានគុណភាពជាង [ផលិតផលពីប្រទេសផ្សេង] សម្រាប់វិស័យសំណង់កម្ពុជា»។ លោកបន្ថែមថា កូរ៉េ ចាប់អារម្មណ៍ខ្លាំងលើសក្តានុពលវិស័យសំណង់កម្ពុជា ហើយនឹងពង្រីកអាជីវកម្មលើសពីការផ្គត់ផ្គង់សម្ភារៈនាពេលខាងមុខ។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីបញ្ចប់ការតាំងបង្ហាញនេះ យើងនឹងពង្រីកការធ្វើការតាំងបង្ហាញ គ្រឿងចក្រក្នុងវិស័យសំណង់ អាជីវកម្មផ្នែកតុបតែង និងការស្វែងរកការសហការបន្ថែមទៀត សម្រាប់ការវិនិយោគទាក់ទងនឹងវិស័យសំណង់កម្ពុជា»។
យោងតាមលោក Kyungmoo គិតមកទល់ពេលនេះ មានក្រុមហ៊ុនកូរ៉េ ៤០ ក្រុមហ៊ុនកំពុង ដំណើរការនៅកម្ពុជាក្នុងវិស័យសំណង់ និងអចលនទ្រព្យ។
វិនិយោគិនកូរ៉េបានចូលប្រលូតក្នុងវិស័យសំណង់កម្ពុជា តាំងពីវិស័យនេះបានចាប់ផ្តើមរីក ចម្រើនដំបូងនៅកម្ពុជា ដោយការប្រកាសដំណើរការគម្រោងធំៗមួយចំនួន។ តែការវិវត្តន៍ ជាក់ស្តែងហាក់មានភាពយឺតយ៉ាវ ធៀបនឹងវិនិយោគិនចិន។ គម្រោងសំណង់អគារភ្លោះ ៤២ ជាន់ជាឧទាហរណ៍ស្រាប់ ត្រូវបានប្រកាសតាំងពីឆ្នាំ ២០០៦ ហើយត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២០ ទើបរួចរាល់ ដោយសារការពន្យាពេលជាច្រើនលើកច្រើនសារ។
យ៉ាងណាក៏ដោយ លោក ហាន់ ឃាង អនុប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា ការចូលមកនៃអ្នកវិនិយោគិនថ្មី និងការចាប់ផ្តើមពង្រីកអាជីវកម្មរបស់ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់នាពេលនេះអាចជួយស្តារស្ថានភាពឲ្យល្អឡើងវិញ។
លោកថ្លែងថា៖«អ្នកសាងសង់នាពេលនេះចាប់ផ្តើមមានជម្រើសច្រើនជាងមុន ល្អជាងមុនក្នុង ការប្រើប្រាស់សម្ភារៈសំណង់។ ខ្ញុំឃើញថាសម្ភារៈរបស់គាត់ល្អ ហើយកំពុងត្រូវការប្រើប្រាស់ ក្នុងវិស័យសំណង់យើងបច្ចុប្បន្ន។ គុណភាពគាត់ល្អ ហើយតម្លៃក៏អាចប្រកួតប្រជែងបាន ជាមួយផលិតផលពីប្រទេសផ្សេងៗ»៕
តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh។ អ្នកអាចស្វែងរកបុរី ខុនដូ ផ្ទះល្វែង និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើគេហទំព័រអចលនទ្រព្យបាននៅថ្ងៃនេះ!
Comments