រូបភាព៖ Mekong Eye
កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាបានកើតមានជារឿយៗ ហើយកាន់តែឃើញមានវត្តមានច្បាស់បំផុតក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាងកាលពីថ្ងៃនេះទី១៤ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានទទួលជំនួបជាមួយនឹងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជាបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងមួយស្តីអំពីកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង។
ការចុះព្រមព្រៀងនេះត្រូវបានប្រព្រឹត្តនៅឯទីស្តីការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលបានសម្រេចយល់ព្រមក្នុងទឹកប្រាក់ចំនួន ៧,៦៦៤,៥៥៦.៣០ដុល្លារអាមេរិច។ ថវិការនេះត្រូវបានគាំទ្រ និងអនុម័តឱ្យប្រើប្រាស់ដោយរដ្ឋាភិបាលចិន ដើម្បីគាំទ្រទៅដល់គម្រោងចំនួន១៩របស់កម្ពុជាស្របតាមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងទី៤ដែលបានប្រព្រឹត្តឡើងនៅទីក្រុងហ្លួង ប្រាបាង្គ កាលពីថ្ងៃទី ១៦-១៧ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។
កញ្ចប់ថវិការនេះដែរ ត្រូវបានគេផ្តោតសំខាន់ដើម្បីប្រើប្រាស់លើសកម្មភាពនានាដែលពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការអប់រំ និងកម្មសិក្សាផ្លាស់ប្តូរជាងដើម។
ស្របពេលជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានប្រសាសន៍បន្តថា “កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះកំពុងតែធ្វើការបោះជំហានទៅមុខយ៉ាងខ្លាំងជាពិសេសខណះពេលដែលមានការសហការយ៉ាងជិតស្និតពីបណ្តាប្រទេសដែលជាសមាជិកនេះ។ លើសពីនេះទៅទៀត លោកបានបន្ថែមថា “បើទោះបីជាកិច្ចសហប្រតិបត្តិការនេះមានទំហំតូច ប៉ុន្តែវាបានផ្តល់ជាផលប្រយោជន៍យ៉ាងច្រើនទៅដល់អនុតំបន់ទន្លមេគង្គដែលមានកម្ពុជាជាដើម។
រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ បាននិយាយដូច្នេះថា៖«នៅក្នុងបរិបទនៃការវិវត្តយ៉ាងឆាប់រហ័សនៃទិន្នន័យ និងការច្នៃប្រឌិតថ្មីរបស់ពិភពលោកសមត្ថភាពនៃការចែករំលែកចំណេះដឹងថ្មី ចំណេះធ្វើ និងបទពិសោធន៍របស់ប្រទេសមេគង្គ និងចិនដែលខ្ញុំអាចហៅថាជាហេដ្ឋារចនាសម្ព័ន្ធទន់បានជួយបំពេញយ៉ាងល្អទៅដល់ហេដ្ឋារចនាសម្ព័ន្ធរឹងដែលត្រូវបានអនុវត្តក្រោមគម្រោងទ្វេភាគី និងពហុភាគីដទៃទៀត។ សម្រាប់រូបខ្ញុំតម្លៃពិតប្រាកដនៃគម្រោងខ្នាតតូចទាំងនេះគឺវាអាចបង្កើតនូវលទ្ធផលរូបីក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកដល់សុខុមាលភាពរបស់ប្រជាជន»។
បន្ថែមកម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់នេះ ដោយផ្អែកលើសកម្មភាពអនុវត្តជាក់ស្តែងដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា និងតំបន់មេគង្គ។ ចំណែកស្ថាប័ន ឬភា្នក់ងារអនុវត្តគម្រោងនានាត្រូវសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងការអនុវត្តគម្រោងទាំងនេះ។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន។
គូសបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី១នោះទេដែលប្រទេសចិនបានគាំទ្រកម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ពោលគឺកាលពីឆ្នាំ២០១៧រដ្ឋាភិបាលចិនក៏អនុម័តថវិការគាំទ្រដល់គម្រោងចំនួន១៦របស់កម្ពុជាដែរ។ ចាប់តាំងពីការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រទេសកម្ពុជាបានទទួលគម្រោងសរុបចំនួន៣៥ ហើយដោយក្នុងនោះគឺមានការផ្តោតសំខាន់លើសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម បច្ចេកទេសព័ត៌មានវិទ្យា អប់រំនិងស្រាវជ្រាវធនធានទឹក អភិវឌ្ឍន៍ជនបទ ទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាសការផ្លាស់ប្តូរផ្នែកវប្បធម៌ និងសាសនា។ ក្នុងនោះមានគម្រោងមួយចំនួនត្រូវបានបញ្ចប់ជាស្ថាពរ និងគម្រោងដែលនៅសល់ផ្សេងទៀតកំពុងជិតបញ្ចប់ដែលគម្រោងទាំងនោះសុទ្ធតែមានវឌ្ឍនភាពគួរឲ្យសម្គាល់។ នេះបើតាមការបង្ហាញបន្ថែមពីរដ្ឋមន្ត្រីក្រសួងការបរទេស៕
Comments