+85561 777 090
Logo
តើគួរវិនិយោគដីធ្លីយ៉ាងដូចម្តេចដើម្បីបានចំណេញច្រើន
Updated on: June 6, 2022, 5:06 p.m.
Published on: September 23, 2016, 8:29 a.m.
Realestate News

តើគួរវិនិយោគដីធ្លីយ៉ាងដូចម្តេចដើម្បីបានចំណេញច្រើន


Horizontal-Ribbon-Editorial

plot-land-for-sale-pic

ជិតពីរទសវត្សរ៍ចុងក្រោយនេះ វិស័យអចលនទ្រព្យមានការរីកចំរើនយ៉ាងខ្លាំងនៅកម្ពុជា ជាក់ស្តែងវត្តមានអាគារខ្ពស់ៗជាច្រើនបានរីកដូចផ្សិតនៅរាជធានីភ្នំពេញ ពិសេសតំលៃដីធ្លីក៏បានកើនឡើងយ៉ាងគំហុកផងដែរ ដែលតំបន់ខ្លះកើនឡើងទ្វេរដង និងតំបន់ខ្លះទៀតកើនឡើងមួយគុណនឹងបីឬបួនដងក៏មាន។

តើអ្នកមានបំណងវិនិយោគលើដីធ្លីដែរឬទេ? មានប្រាក់ច្រើនកម្រិតណា? ទីតំាងណា?  ហើយដីប្រភេទណាអ្នកគួរទិញ?

នៅក្នុងទស្សនាវដ្តីPROPERTY VIEW លេខ០៣នេះ បាននាំយកចំណេះដឹងពីអ្នកជំនាញ ដើម្បីធ្វើជាមូលដ្ឋានយកមកគិតពិចារណា និងវិភាគថាគួរវិនិយោគដីធ្លីនៅទីណា កន្លែងណាដែលទទួលបានប្រាក់ចំណេញច្រើននិងឆាប់រហ័ស។

ទិញដីក្នុងគោលបំណងអ្វី?

តើអ្នកមានបំណងទិញដី ដើម្បីទុកលក់យកប្រាក់ចំណេញ ឬទុកសាងសង់សំណង់នានា? លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ប្រសិនជាលោកអ្នកចង់ទិញដីដើម្បីសាងសង់ខុនដូ សាងសង់អាគារការិយាល័យ ឬសម្រាប់សាងសង់សណ្ឋាគារ សូមទិញដីនៅក្នុងខ័ណ្ឌចំការមន។

ប្រសិនជាចង់ទិញដីទុកលក់យកប្រាក់ចំណេញ រយៈពេលបីឆ្នាំខាងមុខ គួរទិញនៅតំបន់ទួលគោក និងតំបន់ភ្នំពេញថ្មី ប៉ុន្តែបើទិញដីដែលមានចម្ងាយពី៧ទៅ១០គីឡូម៉ែត្រពីទីក្រុង ពួកគេត្រូវរង់ចាំដល់៧ឆ្នាំទើបចំណេញបាន។ បើទិញចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីក្រុង គឺពួកគេអាចទទួលបានផលចំណេញនៅរយៈពេល១០ឆ្នាំក្រោយ។

ការទិញដីធ្លីជាការវិនិយោគត្រឹមត្រូវ និងមិនត្រឹមត្រូវ

លោកគីម ហ៊ាងបានថ្លែងថា ការវិនិយោគដីធ្លីជាការវិនិយោគដ៏ត្រឹមត្រូវ ប្រសិនជាលោកអ្នកសល់លុយដោយខ្លួនឯង មិនដឹងយកទៅវិនិយោគអ្វី ប៉ុន្តែប្រសិនជាយកលុយបង្វិល ឬយកលុយពីធនាគារដើម្បីទិញដីវិនិយោគ អ្នកជំនាញរូបនេះបាននិយាយថា “កុំអី” ព្រោះអ្នកខ្លះគិតថាការប្រាក់ធនាគារ១ឆ្នាំ៨ភាគរយ ហើយដីឡើងថ្លៃ២០ភាគរយក្នុងមួយឆ្នាំ គឺអាចខ្ចីឥណទានពីធនាគារយកមកទិញបាន ប៉ុន្តែវាជាការយល់ច្រឡំ ព្រោះដីមិនងាយលក់ភ្លាមៗនោះទេ និងអាចមានភាពជាប់គាំងរយៈពេលពីរឬបីឆ្នាំពោលគឺត្រូវការពេលវេលា។

តំបន់ណាចំណេញលឿនជាងគេ

ការទិញដីដែលទទួលបានផលចំណេញលឿនជាងគេ គឺទិញនៅក្នុងខ័ណ្ឌសែនសុខ ដង្កោ និងខ័ណ្ឌពោធិសែនជ័យ ពិសេសតំបន់ទួលគោក និងភ្នំពេញថ្មី ដោយសារតំបន់នេះដីនឹងឡើងថ្លៃទ្វេរដងនៅរយៈពេលពីរ ឬបីឆ្នាំខាងមុខនេះ។

គួរទិញនៅតាមបណ្តាខេត្តឬទេ?

ក្រៅពីខេត្តសៀមរាប និងខេត្តព្រះសីហនុ អ្នកជំនាញរូបនេះបានប្រាប់ថា “កុំទិញអី” ព្រោះក្រៅពីខេត្តទាំងពីរនេះមិនមានខេត្តណាមានសក្តានុពលខ្ពស់លើផ្នែកនេះទេ ហើយក្នុងចំណោមខេត្តទាំងពីរខាងលើ គឺខេត្តព្រះសីហនុមានសក្តានុពលខ្ពស់ជាងខេត្តសៀមរាប ប្រសិនជាទិញដីនៅខេត្តទុកលក់យកប្រាក់ចំណេញ គឺត្រូវរង់ចាំរយៈពេល១០ឆ្នាំទៀត។

ការវិនិយោគដីធ្លីមិនសុទ្ឋជាជម្រើសល្អ

ការវិនិយោគលើវិស័យដីធ្លីមិនសុទ្ឋតែជាជម្រើសល្អនោះទេ ព្រោះក្នុងវិស័យសំណង់ និងអចលនទ្រព្យមានវិស័យផ្សេងៗទៀត ដែលអាចប្រមូលប្រាក់បានលឿនជាងវិស័យដីធ្លី។

លោកគីម ហ៊ាងបានថ្លែងថា ប្រសិនជាអ្នកមានអាយុ៥០ឆ្នាំ ជាពេលដល់អាយុជិតចូលនិវត្តន៍ មិនគួរវិនិយោគលើវិស័យដីធ្លីនោះទេ គឺគួរទិញខុនដូ ទិញដីសាងសង់ផ្ទះជួល ឬទិញផ្ទះល្វែងសម្រាប់ជួល ដែលអាចបានប្រាក់ភ្លាមៗត្រលប់មកវិញ។ ផ្ទុយទៅវិញប្រសិនជាលោក អ្នកមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំ គួរវិនិយោគលើវិស័យដីធ្លី ព្រោះទិញដីមានផលចំណេញខ្ពស់ និងជាវ័យដែលលោក អ្នកកំពុងរកលុយបានច្រើន។

តើមានលុយអ្នកប៉ុន្មាន?

តើលោក អ្នកមានប្រាក់ប៉ុន្មាន មានស្ថានភាពជីវិតយ៉ាងដូចម្តេច? ព្រោះការសម្រេចចិត្តក្នុងលក្ខខ័ណ្ឌនេះមានសារៈសំខាន់ មុនធ្វើការវិនិយោគក្នុងវិស័យនេះ។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ការវិនិយោគលើវិស័យអ្វីមួយ ក៏គួរមានលក្ខខ័ណ្ឌជាក់លាក់ទាក់ទងនឹង ចំនួនទុនវិនិយោគ លក្ខខ័ណ្ឌការងារ លក្ខខ័ណ្ឌជីវិត ជាដើម ដោយលោកបានថ្លែងថា ប្រសិនជាអ្នកទើបរៀបការ ហើយសល់លុយ១០ម៉ឺនដុល្លារ គួរទិញផ្ទះសម្រាប់ស្នាក់នៅសិន ប្រសិនជាមានផ្ទះ ហើយសល់លុយគួរទិញដីទុក ហើយប្រសិនជាមានផ្ទះស្នាក់នៅ និងមានដីរួចហើយ គួរទិញខុនដូ ព្រោះខុនដូជាវិស័យថ្មីមួយដែលកំពុងមានការពេញនិយម និងបង្ហាញពីភាពស៊ីវិល័យ។

ស្វែងរកដីសម្រាប់លក់នៅលើ Realestate.com.kh!

អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។

Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68

property view magazine september 2016

 

Comments