+85561 777 090
Logo
អត្រា​​តម្លៃ​​ដី​​​នៅ​ខណ្ឌ​សែនសុខនឹងកើន​ឡើង​​​​ខ្ពស់​ ​ជាងខណ្ឌផ្សេងៗ ក្នងរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០១៩នេះ​​​
Updated on: June 2, 2022, 10:50 a.m.
Published on: February 27, 2019, 3:44 a.m.

អត្រា​​តម្លៃ​​ដី​​​នៅ​ខណ្ឌ​សែនសុខនឹងកើន​ឡើង​​​​ខ្ពស់​ ​ជាងខណ្ឌផ្សេងៗ ក្នងរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០១៩នេះ​​​


តម្លៃ​ដី​នៅ​តាម​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ដើម​ឆ្នាំ២០១៩នេះ​ត្រូវ​បាន​នាំ​មុខដោយ​ខណ្ឌ សែនសុខ ខណៈខណ្ឌ​ជ្រោយចង្វារ​ស្ថិត​នៅ​ទ្រឹងនៅឡើយ។

​បើ​តាម​របាយ​ការណ៍​ស្រាវជ្រាវ ​​ពី​​ក្រុមហ៊ុន​អចលន​ទ្រព្យ​ ឃី រៀល​អ៊ី​ស្ទេត​ បាន​ឲ្យ​ដឹង​ថាជា​មួយ​​​អត្រា​កំណើន១៧.១ភាគរយធៀប​ទៅ​នឹង​ដើម​ឆ្នាំ​​២០១៨ ខណ្ឌ​សែនសុខបាន​ក្លាយ​ជា​តំបន់​ដែល​អចលន​ទ្រព្យ​ កើន​តម្លៃ​​​ខ្ពស់​ជាង​គេ​ នៅ​ដើម​ឆ្នាំ​២០១៩ ។ ខណៈដែលតម្លៃ​ដី​​ក្នុង​ ខណ្ឌ​មានជ័យមាន​​អត្រា​កំណើន​១៦ភាគរយខណ្ឌ​ដង្កោ​១២.១​ភាគរយ ខណ្ឌ​ព្រែកព្នៅ១០.១ ​ភាគរយ និង​ខណ្ឌ​ឫស្សីកែវ៩.៦ភាគរយកំពុងតែតាមពីក្រោយយ៉ាងប្រភិតប្រភីង ។

អានអត្ថបទបន្ថែម៖ អ៊ីអនម៉ល២ ជម្រុញតម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងខ្លាំង!

របាយ​ការណ៍​បង្ហាញ​ថាតម្លៃ​​ដី​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ មាន​កំណើន​ ៩.៣​ភាគរយ, ខណ្ឌ​ទួលគោក ៦.៣​ភាគរយ, ខណ្ឌ​ពោធិ៍សែនជ័យ ៥.៥​ភាគរយ និង​ខណ្ឌ ​៧មករា ចំនួន ២.៩ភាគរយ។ ចំណែកឯ ​តម្លៃ​ដី​នៅ​ខណ្ឌ​​ដូនពេញ មាន​កំណើន​ ១.៧ភាគរយ ខណ្ឌ​ចំការមន ១ ​ភាគរយ និង​​តម្លៃដី​នៅ​ខណ្ឌ​ជ្រោយចង្វារ​មិន​មាន​កំណើនអ្វីទាល់តែសោះ​ ។​

លោក សន សៀប ស្ថាបនិក និងជានាយក​ក្រុមហ៊ុន​ ឃី រៀល​​អ៊ីស្ទេត បាន​ប្រាប់​ថាការ​ស្ទុះ​ឡើង​នៃ​តម្លៃ​ដី ​នៅ​ក្នុង​ខណ្ឌ​សែនសុខ​គឺ​ដោយ​​សារ​​ទី​នោះ​មាន​​គម្រោង​ធំៗ​ជា​ច្រើន​​ដូច​ជាផ្សារ​ទំនើប​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​អគារ​ខុនដូ ​ការិយាល័យ និង​លំនៅឋាន​ជា​ដើម​។ បច្ចុប្បន្ន​ខណ្ឌ​សែនសុខ​កំពុង​វិវឌ្ឍ​ខ្លួនក្លាយ​ទៅ​ជា​កន្លែង​រស់​នៅ និង​​ប្រកប​មុខ​ជំនួញដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​គ្រប់​លំដាប់​ថ្នាក់​ ។​

លោកបានបន្ថែមថា៖ «​តម្លៃ​ដី​​ក្នុង​​ខណ្ឌ​​សែនសុខ​នឹង​បន្ត​កើន​ឡើង​​ទៀត ។ ​ដី​លំនៅដ្ឋានក្នុង​ខណ្ឌ​​សែនសុខមាន​តម្លៃ​ចាប់​ពី៣៥០ដុល្លារ​​ ទៅ​​១,៤០០ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ ចំណែក​តំបន់​ពាណិជ្ជកម្ម​មាន​តម្លៃ​ពី​៨០០​ដុល្លារ ​ទៅ​ដល់​ ២,៩០០​ដុល្លារ​​ក្នុង​១ ​ម៉ែត្រ​ការ៉េ» ។

បច្ចុប្បន្ន​ខណ្ឌ​​សែនសុខកំពុង​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ពិសេស​​មាន​​ប្រព័ន្ធ​​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ​ថ្នល់​​​ធំ​ទូលាយ និង​នៅ​មាន​ដី​ទំនេរ​ធំៗ​ជា​ច្រើន ដូចនេះតម្លៃ​អចលន​ទ្រព្យ​នៅ​ខណ្ឌ​សែនសុខ​នឹង​បន្ត​​កើន​ឡើង​ខ្ពស់​ជាង​គេក្នុង​ឆ្នាំ​២០១៩​នេះ ។​

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh

Comments