ប្រទេសកម្ពុជាបានបង្ហាញពីសក្តានុពលនៃវិស័យអចលនទ្រព្យជាបន្តបន្ទាប់ដោយទាញបានបណ្តាវិនិយោគិនជាច្រើនទាំងក្នុង និងក្រៅស្រុក ដើម្បីការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ។ អ្វីដែលកាន់តែពិសេសទៀតនោះក្នុងប្រទេសកម្ពុជាមានបណ្តាខេត្តមួយចំនួនដែលកំពុងមានការប្រកួតប្រជែងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃលើវិស័យអចលនទ្រព្យម ។
ខេត្តកណ្តាល ជាខេត្តមួយក្នុងចំណោមខេត្តដែលមានឥទ្ធិពលចំពោះវិស័យអចលនទ្រព្យផ្សេងៗទៀតដូចជាខេត្តព្រះសីហនុ, កោះកុង, ខេត្តកំពត, បន្ទាយមានជ័យ និងខេត្តកំពង់ចាមជាដើម កំពុងតែបង្ហាញពីសក្តានុពលរបស់ខ្លួនតាមរយៈការអភិវឌ្ឍន៍នានាក្នុងខេត្តដែលមានព្រំប្រទល់ជាប់នឹងរាជធានីភ្នំពេញ ។
បើតាមអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ស្រុកមុខកំពូល ខេត្តកណ្ដាល កំពុងមានសក្តានុពលខ្លាំងលើវិស័យអចលនទ្រព្យ ដែលនឹងទាក់ទាញការវិនិយោគលំនៅដ្ឋានបែបទំនើបកាន់តែច្រើនក្នុងតំបន់នោះនាពេលខាងមុខ ។
តាមប្រភពលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជាបានលើកឡើងថា ៖«សព្វថ្ងៃនៅចន្លោះផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦អា (6A) កំពុងតែទាក់ទាញគម្រោងវិនិយោគលំនៅដ្ឋានជាច្រើន ទាំងគម្រោងវិនិយោគរបស់រដ្ឋាភិបាល និងគម្រោងធំៗរបស់វិស័យឯកជងផងដែរ ដែលវាបានជះឥទ្ធិពលដល់តំបន់ក្បែរៗនោះ ជាពិសេសគឺស្រុកមុខកំពូលនេះតែម្ដង ដែលធ្វើឱ្យតំបន់នេះក្លាយជាតំបន់ដែលមានសក្តានុពលខ្លាំងលើវិស័យអចលនទ្រព្យនាពេលខាងមុខ» ។
មិនតែប៉ុណ្ណោះលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលក៏បានទទួលស្គាល់ពីការអភិវឌ្ឍន៍ដែរថា ស្ទើរតែគ្រប់តំបន់ក្នុងខេត្តកណ្ដាល ដែលព័ន្ធជុំវិញរាជធានីភ្នំពេញមានភាពរីកចម្រើនខ្លាំង ហើយលំនៅដ្ឋានកម្រិតមធ្យមបាននឹងកំពុងដើរតួរយ៉ាងសំខាន់ស្របពេលដែលចំនួនប្រជាជនក្នុងខេត្តនេះបានកើនឡើងដល់ជាង១លាននាក់ ។
សូមបញ្ជាក់ផងដែរថា ស្រុកមុខកំពូល ស្ថិតនៅភាគខាងជើងនៃខេត្តកណ្ដាល ដែលភាគខាងត្បូង នៃស្រុកនេះគឺជាប់ជាមួយនឹងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ លើសពីនេះ ស្រុកមុខកំពូលនេះក៏ត្រូវបានកំណត់ជាប៉ូលសេដ្ឋកិច្ចប្រចាំខេត្តកណ្តាលផងដែរ ៕
Comments