ខណ្ឌពោធិ៍សែនជ័យកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគក្នុងស្រុក ហើយតំបន់ទាំងមូលបានក្លាយជាជម្រើសដ៏ទាក់ទាញបំផុតមួយសម្រាប់វិនិយោគិនដែលចង់អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដើម្បីបំពេញទៅតាមតម្រូវការអ្នកក្នុងស្រុក។
ជាតំបន់អភិវឌ្ឍន៍ថ្មី និងជាតំបន់មានសក្តានុពលថ្មីមួយនៅក្នុងភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញ តំបន់ឈូកវ៉ាមានតម្លៃដីទាបបើបើធៀបនឹង ជាយក្រុងផ្សេងទៀតដែលកំពុងអភិឌ្ឍន៍ខ្លាំងដូចជា សែនសុខ និងជ្រោយចង្វារជាដើម។
លោក ឈាង រ័ត្ន នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់គម្រោងបុរីធីវីស្តា និងគម្រោងដីឡូត៍ និងលំនៅដ្ឋានឈូកវ៉ាថ្មីបានឲ្យដឹងថាដោយសារកំនើននៃវិស័យអចលនទ្រព្យក្នុងតំបន់ឈូកវ៉ាទើបនឹងងើបឡើងទើបវិស័យដីធ្លីគឺកំពុងមានសក្ដានុពលខ្លាំងបើធៀបនឹងអចលនទ្រព្យផ្សេងៗទៀត។
លោក រ័ត្ន បានបន្ថែមថាក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះមានវិនិយោគិន និងអ្នកទិញលក់អចលនទ្រព្យជាច្រើនបានងាកមកចាប់អារម្មណ៍លើទីផ្សារដីធ្លីនៅក្នុងបន់ឈូកវ៉ានេះច្រើនជាងមុន។ ដោយហេតុថាក្នុងតំបន់នេះក៏មានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនបានចូលមកវិនិយោគផងដែរ ដែលគម្រោងទាំងនេះមានដូចជា៖ បុរីពិភពថ្មីចំនួន៣ គម្រោងបុរីវ៉ារីណា បុរីរតនៈ និងគម្រោងផ្ទះល្វែងជាច្រើនទៀត។
ទាក់ទងនឹងគម្រោងលំនៅដ្ឋានបើយោងទៅតាមរបាយការណ៍លំនៅដ្ឋានដែលចេញដោយក្រុមហ៊ុនវីត្រាស់នៅក្នុងឆ្នាំ២០១៧បានបង្ហាញថាខណ្ឌពោធិ៍សែនជ័យទាំងមូលមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់លើគម្រោងលំនៅដ្ឋានចាប់តាំងពីឆ្នាំ២០០១មកម្លេះ។ រហូតមកដល់ពេលនេះខណ្ឌពោធិ៍សែនជ័យមានគម្រោងធំៗចំនួន៩៤ និងគម្រោងតូចៗចំនួន១១១ដែលក្នុងនោះគម្រោងចំនួន៥៨ត្រូវបានបញ្ចប់ជាស្ថាពរ ដែលមានលំនៅដ្ឋានសរុប១៦,០០០ខ្នង ខណៈយូនីតចំនួន៣,៥០០ខ្នងបានគម្រោងនឹងបញ្ចប់នៅត្រីមាសទីមួយឆ្នាំ២០១៨នេះ។
លើសពីនេះទៅទៀតគេសង្កេតឃើញថាសក្តានុពលនៃតំបន់ក៏ត្រូវបានជម្រុញដោយសារគម្រោងអភិវឌ្ឍន៍របស់រដ្ឋមានដូចជា៖ ផ្លូវធំ៦០ម៉ែត្រផ្លូវក្រវ៉ាត់ក្រុងភ្ជាប់ពីផ្លូវសម្តេចហ៊ុនសែនទៅផ្លូវទំបន់កប់ស្រូវប្រព័ន្ធទឹក និងប្រព័ន្ធភ្លើងរដ្ឋជាដើម។ ជាពិសេសតំបន់ឈូកវ៉ាស្ថិតនៅជិតរោងចក្រដែលសំបូរប្រជាពលរដ្ឋរស់នៅ និងប្រកបអាជីវកម្មខ្នាតតូច មធ្យមជាច្រើនក្រៅពីនោះមាន មន្ទីរពេទ្យ សាលារៀនរដ្ឋ ផ្សារឈូកវ៉ា ផ្សារពិភពថ្មី និងសេវាកម្មសំខាន់ៗជាច្រើនទៀត។
កតា្តទាំងនេះបានធ្វើឲ្យតម្លៃដីនៅតំបន់ឈូកវ៉ាស្ទុះឡើងគួរឲ្យកត់ម្គាល់ប្រៀធៀបទៅនឹងពីរ ឬបី ឆ្នាំមុន។ ពាក់ព័ន្ធនឹងតម្លៃដីនៅក្នុងតំបន់នេះ លោក រ័ត្ន បាននិយាយថា ដីនៅតាមផ្លូវធំ (ផ្លូវ ៦០ម៉ែត្រ) មានតម្លៃពី២០០ដុល្លារ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតាមផ្លូវ ២០ម៉ែត្រ ឬ៣០ម៉ែត្រមានតម្លៃពី១៥០ដុល្លារទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណៈដីស្រែ ធម្មតានៅក្នុងតំបន់មានសក្តានុពលមានតម្លៃពី៨០ដុល្លារទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
នៅពេលនិយាយអំពីតម្លៃដីរបស់គម្រោងដីឡូតិ៍វិញលោក រ័ត្ន លើកឡើងថាកាលពី២ទៅ៣ឆ្នាំមុនដីឡូត៍នៅតំបន់នេះក្នុងមួយឡូតិ៍មានតម្លៃត្រឹមតែ៤,០០០ ទៅ៦,០០០ដុល្លារប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នបានកើនឡើងទ្វេដងរហូតដល់១២,០០០ដុល្លារ ទៅ១៥,០០០ដុល្លារ។
ទោះបីជាយ៉ាងណា លោក រ័ត្ន នៅតែមានជំនឿជាក់ថាតម្លៃដីនឹងកើនឡើងទ្វេដងបន្ថែមទៀតក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខព្រោះតម្លៃដីនៅពេលបច្ចុប្បន្ននៅតែទាបជាងតំបន់អភិវឌ្ឍន៍ នានានៅឡើយដែលនេះជាឱកាសល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់ទិញដីទុកលក់យកប្រាក់ចំណេញទៅថ្ងៃមុខ ឬចង់សាងសង់លំនៅដ្ឋានដោយខ្លួនឯង។
បើនិយាយអំពីលំនៅដ្ឋាននៅក្នុងតំបន់ឈូកវ៉ានេះវិញ លោក រ័ត្នបញ្ជាក់ថាដោយសារគម្រោងភាគច្រើនបានវិនិយោគដោយផ្តោតសំខាន់លើតម្រូវការនៃអ្នកក្នុងស្រុកដែលមានចំណូលមធ្យម នាំអោយអតិថិជនអាចស្វែងរកលំនៅដ្ឋានដែលមានតម្លៃទាបដែលមានតម្លៃចាប់ពី៣៥,០០០ ទៅ៤០,០០០ដុល្លារក្នុងមួយល្វែង (សម្រាប់ផ្ទះ E0) និងតម្លៃពី៤៥,០០០ទៅ៥០,០០០ដុល្លារ ក្នុងមួយល្វែង (សម្រាប់ផ្ទះ E0 &E1)
សម្រាប់គម្រោងពុះដីឡូត៍ និងលំនៅដ្ឋានឈូកវ៉ាថ្មីវិញ លោក រ័ត្ន បានបញ្ជាក់ថាគម្រោងនេះបានវិនិយោគលើផ្ទៃដីជាងមួយហិកតាបែងចែកជាជាង១០០ឡូតិ៍មានតាមខ្នាត និងទំហំហើយបានភ្ជាប់រួចជាស្រេចនូវប្រព័ន្ធទឹករដ្ឋប្រពន្ធលូបណ្តាញភ្លើងអគ្គិសនី រដ្ឋ ផ្លូវបេតុងស្តង់ដា និងមានប្លង់រឹងស្របច្បាប់។
អតិថិជនអាចទិញដីគម្រោងឈូកវ៉ាថ្មីជាមួយនឹងតម្លៃត្រឹមតែ១៣,០០០ដុល្លារក្នុងមួយឡូតិ៍ជាមួយនឹងជម្រើសបង់ប្រាក់ដ៏ងាយស្រួល (អាចបង់ផ្តាច់ក៏បាន បងរំលស់ក៏បាន)។ គម្រោងដីឡូតិ៍នេះស្ថិតនៅជិតផ្លូវ ២០ម៉ែត្រ ក្បែរផ្លូវធំទំហំ៤០ម៉ែត្រ និងមានចម្ងាយ ១,០០០ ម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុង៦០ម៉ែត្រ។ នេះបើតាមការលើកឡើងរបស់លោក រ័ត្ន៕
Comments