ក្រោយមានការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បានធ្វើឱ្យអចលនទ្រព្យដែលនៅជាប់នឹងផ្លូវក្រវាត់ក្រុងទី៣នេះមានការអភិវឌ្ឍ និងតម្រូវការជាបន្តបន្ទាប់ ហើយត្រូវបានអ្នកជំនាញមើលឃើញថាដោយសារតែកត្តាការអភិវឌ្ឍនេះហើយទើបធ្វើឱ្យជះឥទ្ធិពលទៅលើតម្លៃដីធ្លីនៅតំបន់នោះ ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ CVEA លោក ច្រឹក សុខនីម បានឱ្យដឹងថា ដោយសារតែការអភិវឌ្ឍ និងការពង្រីកខ្លួនរបស់រាជធានីភ្នំពេញទើបធ្វើឱ្យមានតម្រូវការកាន់តែច្រើននៅតាមជាយក្រុង ។ តំបន់ផ្លូវក្រវាត់ក្រុងទី៣មានការអភិវឌ្ឍច្រើនជាងគេ ជាពិសេសក្នុងខេត្តកណ្តាលដោយសារតែមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន និងអចលនទ្រព្យផ្សេង ។
ខេត្តកណ្តាលជាទិសដៅនៃការអភិវឌ្ឍជាយរាជធានីភ្នំពេញដ៏សំខាន់ស្របតាមគោលនយោបាយផែនការអភិវឌ្ឍន៍ថ្មីដោយទទួលបានការវិនិយោគច្រើនលើដីធ្លី និងផ្ទះសម្បែងដែលជាកត្តាជំរុញឱ្យមានការរីកចម្រើនខ្លាំង ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបន្ថែម ។
លោក ច្រឹក សុខនីម ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា យុទ្ធសាស្ត្រអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញធ្វើឡើងដោយការពង្រីកលើហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានភាពល្អប្រសើរ រួចអភិវឌ្ឍន៍លើលំនៅឋាន និងធ្វើការអភិវឌ្ឍលើប្រភេទអគារពាណិជ្ជកម្មបន្ថែមទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីនោះ ។
គួរបញ្ជាក់ផងដែរថា ផ្លូវក្រវាត់ក្រុងទី៣ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ ដែលតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦, លេខ៥, លេខ៤, លេខ៣, លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ៕
Comments