+85561 777 090
Logo
ពីមុនដីវាលស្រែសោះ ! ឥឡូវ​ដី​នៅ​ផ្លូវ​៤១ និង​៥១​ឡើងថ្លៃ​ត្រូវប៉ាន​ខ្លាំង
Updated on: June 3, 2022, 9:56 p.m.
Published on: March 9, 2022, 8:52 a.m.

ពីមុនដីវាលស្រែសោះ ! ឥឡូវ​ដី​នៅ​ផ្លូវ​៤១ និង​៥១​ឡើងថ្លៃ​ត្រូវប៉ាន​ខ្លាំង


ខេត្តកំពង់ស្ពឺ​ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ភ្នំពេញ​គឺជា​ខេត្ត​មួយ​ដែល​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ មិនតែប៉ុណ្ណោះ​ខេត្ត​មួយ​នេះ​ក៏​ជា​កូនក្រមុំ​ដែល​ទាក់ទាញ​បណ្តា​វិនិយោគិន​ធំ​ៗ​ជា​ច្រើន​ឱ្យទៅ​វិនិយោគ​លើ​ទឹកដី​នៃ​ខេត្តកំពង់ស្ពឺ​ផង​ដែរ ។

ក្រ​ឡែក​ទៅ​មើល​តំបន់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែល​កំពុង​តែ​មាន​សន្ទុះ​វិនិយោគ​ខ្លាំង​ជាងគេ​ប្រចាំ​ខេត្តកំពង់ស្ពឺ​គឺ​ផ្លូវជាតិ​លេខ​៤១ និង​ផ្លូវជាតិ​លេខ​៥១ ដែល​សុទ្ធសឹងតែ​មានការ​ពេញ​និយម​ខ្លាំង​បំផុត​លើ​ការ​វិនិយោគ​ដីធ្លី​នៅ​តំបន់​នោះ ។ ហេតុ​អ្វី​វិនិយោគិន​ជា​ច្រើន​នាំ​គ្នា​សម្រុក​ទៅ​កាន់​តំបន់​ទាំងនោះ (​ផ្លូវជាតិ​លេខ​៤១&៥១) ច្រើន​ជាងគេ?

*​បណ្តុំ​គម្រោង​វិនិយោគធំ​ៗ

ផ្លូវជាតិ​លេខ​៤១​ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​រួម​មាន​គម្រោង​ធំ​ៗ​ជា​ច្រើន​ដូច​ជា ទីលានប្រណាំង​ឡាន​អន្តរជាតិ​លើ​ផ្ទៃដី​ទំហំ​៥០០​ហិ​កតា ដែល​ជា​គម្រោង​អភិវឌ្ឍន៍ ម៉ុង ឫ​ទ្ធី សែន​ជ័យ រួម​ជាមួយនឹង​ផ្លូវជាតិ​លេខ​៤៤ និង​៥១ ដែល​មាន​គម្រោង​អភិវឌ្ឍន៍​តំបន់ឧស្សាហកម្ម​ទំហំ​ប្រមាណ​៥០០​ហិ​កតា​របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ ស្ថិត​នៅ​ចន្លោះ​ផ្លូវ​៥១ និង​៤៤, តំបន់​សេដ្ឋកិច្ច​ពិសេស​ជាង​៦៧​ហិ​កតា និង​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន និង​ឧស្សាហកម្ម​បាត់ដឹង​ជាដើម ។
ក្នុង​នោះ​ផង​ដែរ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ក៏​ធ្លាប់​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្រុមហ៊ុន​វិនិយោគ​នៅ​ហុងកុង​គ្រោង​នឹង​បង្កើត​ទីក្រុង​រណប​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​ចំពោះ​ទីតាំង​ពិតប្រាកដ​នោះ​អភិបាលខេត្ត​សុំ​មិន​បញ្ជាក់​នោះ​ទេ ។

*​កំណើន​ទីផ្សារ​ដីធ្លី

បច្ចុប្បន្ន​ទីផ្សារ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤១ បែងចែក​ជា​ពីរ​តំបន់​គឺ​តំបន់ឧស្សាហកម្ម និង​ទីតាំង​ដី​ឋិត​នៅ​ក្រៅ​តំបន់ឧស្សាហកម្ម ។ ទីផ្សារ​ដីធ្លី​ក្នុង​ខេត្តកំពង់ស្ពឺ​បច្ចុប្បន្ន​ទីតាំង​ដី​ឋិត​នៅ​ក្រៅ​តំបន់ឧស្សាហកម្ម​នៃ​ផ្លូវជាតិ​លេខ ៤១ មាន​តម្លៃ​ជា​មធ្យម ២០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ចំណែក​ទីតាំង​ដី​ក្នុង​តំបន់ឧស្សាហកម្ម​វិញ​មាន​តម្លៃ​ជា​មធ្យម​ប្រមាណ ៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ។

*​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ

តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ដែល​ធ្លាប់តែ​ជា​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​បាន​ប្រែ​រូបរាង​ជា​ដី​រាបស្មើ​ប្រកបដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ជាមួយនឹង​គម្រោង​អភិវឌ្ឍ​ជា​ច្រើន​មាន​ដូច​ជា គម្រោង​បង្កើត​រោងចក្រ សិប្បកម្ម ឃ្លាំង ដែល​ស្រប​តាម​ការ​កំណត់​ទីតាំង​របស់​រដ្ឋាភិបាល ហើយ​ក៏​មាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​លំនៅ​ដ្ឋា​ន​តម្លៃ​កម្រិត​មធ្យម និង​ក្រោម​មធ្យម​ផង​ដែរ ។

ផ្លូវជាតិ​លេខ​៥១​ជា​ផ្លូវ​តំបន់ឧស្សាហកម្ម ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៥១ ជា​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុងមាន​ទំនាក់ទំនង ជាមួយ​ផ្លូវជាតិ​លេខ​៥​តទៅ​ផ្លូវជាតិ​លេខ​៤ ធ្លុះ​ទៅ​ដល់​ផ្លូវជាតិ​លេខ​៣ ដែល​នៅ​ជិត​កំពង់​ផែរ ប្រសិនបើ​ដាក់​ទីតាំង​ធ្វើ​រោងចក្រ និង​កន្លែង​ផលិត​អ្វី​ផ្សេង​ៗ ងាយស្រួល​ចេញចូល និង​ដឹក​ទំនិញ​ទៅ​ផែរ​អន្តរជាតិ ដែល​មាននៅ​កំពត់ ក្រុងព្រះសីហនុ និង​ខេត្តកោះកុង បាន​ន័យ​ថា តំបន់​ផ្លូវ​៥១ កៀក​នឹង​ក្រុង​ផង ហើយ​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​វត្ថុធាតុដើម ផលិតផល​សម្រេច​ចេញ​ទៅ​ផែរ​អន្តរជាតិ​ផង​ដែរ ។

*​តំបន់​ដែល​មាន​គម្រោង​វិនិយោគ​ច្រើន​ជាងគេ

ក្នុង​ចំណោម​គម្រោង​ទាំង ៤៥ ដែល​ត្រូវ​បាន​ផ្តល់​សិទ្ធ​វិនិយោគ​ដោយ CDC នៅ​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ គម្រោង​វិនិយោគ​ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ ៤១ មាន​សរុប​ដល់​ទៅ ២៥ គម្រោង ឬ​ស្មើនឹង ៥៥ ភាគរយ​នៃ​គម្រោង​វិនិយោគ​សរុប ។ ស្រុក​សំរោង​ទង ស្រុក​គងពិសី ស្រុក​ប​សេដ្ឋ ដែល​ជា​តំបន់​ឆ្លងកាត់​ផ្លូវជាតិ​លេខ ៤១ ទទួល​បាន​គម្រោង​វិនិយោគ​ច្រើន​ជាងគេ​។ ស្រុក​ទាំង​បី​បូក​បញ្ចូល​គ្នា​មាន​គម្រោង​វិនិយោគ​សរុប ២៥ គម្រោង ឬ​ស្មើនឹង ៥៥ ភាគរយ​នៃ​គម្រោង​វិនិយោគ​សរុប ៤៥ គម្រោង​។

កត្តា​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខេត្តកំពង់ស្ពឺ​កំពុង​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​អចលនទ្រព្យ ខណៈ​បច្ចុប្បន្ន​មាន​អ្នក​វិនិយោគ​កាន់តែ​ច្រើន​បាន​នាំ​គ្នា​ទៅ​សង់​លំនៅ​ឋាន ឬ​ពុះ​ដី​ឡុ​តិ៍លក់​ជា​បន្តបន្ទាប់ ៕

Comments