+85561 777 090
Logo
ធ្លាប់តែជាដីស្រែដាច់កន្ទុយភ្នែកពេលនេះដីខេត្តកំពង់ស្ពឺប្រែជាត្រូវប៉ាន់ខ្លាំង
Updated on: June 2, 2022, 10:59 a.m.
Published on: December 31, 2021, 7:29 a.m.

ធ្លាប់តែជាដីស្រែដាច់កន្ទុយភ្នែកពេលនេះដីខេត្តកំពង់ស្ពឺប្រែជាត្រូវប៉ាន់ខ្លាំង


ខេត្តកំពង់ស្ពឺជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប ហើយនៅចំកណ្ដាលរវាងតំបន់ប៉ូលសេដ្ឋកិច្ចកម្ពុជាគឺរវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានផ្លូវជាតិលេខ៣ និងលេខ៤ ។ ​អ្វីដែលពិសេសនោះគឺខេត្តកំពង់ស្ពឺកំពុងតែមានសក្កានុពលយ៉ាងខ្លាំងក្នុងការស្រូបយកគម្រោងជាច្រើនមកវិនិយោគ និងធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែរីកចម្រើនបន្ថែមទៀត ។

បច្ចុប្បន្នខេត្តកំពង់ស្ពឺកំពុងតែមានសក្តានុពលខ្លាំងចំពោះវិស័យអចលនទ្រព្យ ជាពិសេសបើតាមការសង្កេតជាក់ស្តែងគឺតាមបណ្តោយផ្លូវជាតិលេខ៤១ និង៥១កំពុងតែលេចធ្លោទាក់ទាញការវិនិយោគគម្រោងធំៗកាន់តែច្រើនឡើងៗដែលអាចធ្វើឱ្យដីធ្លីនៅផ្លូវទាំង២នេះចាប់ផ្តើមត្រូវប៉ាន់ជាបណ្តើរៗ ។

ផ្លូវជាតិលេខ៤១ដែលពីមុនធ្លាប់តែជាវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែកពេលនេះបានប្រែរូបរាងជាដីរាបស្មើជាមួយនឹងគម្រោងអភិវឌ្ឍជាច្រើនគម្រោងដែលធ្វើឱ្យតម្លៃដីធ្លីតាមបណ្តោយផ្លូវមួយនេះកាន់តែកើនឡើងជាបន្តបន្ទាប់ ដោយដីធ្លីចេញពីផ្លូវជាតិលេខ៤ ប្រមាណ៥ទៅ១០មានតម្លៃចាប់ពី១០០ ទៅ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយចេញកាន់តែឆ្ងាយមានតម្លៃចាប់ពី៨០ ទៅ១៥០ ដុល្លារក្នុងរមួយម៉ែត្រការ៉េទៅតាមប្រភេទដី ។

ចំណែកឯផ្លូវជាតិលេខ៥១វិញមានគម្រោងអភិវឌ្ឍន៍ និងប្រជាជនរស់នៅច្រើនជាងបណ្តោយផ្លូវជាតិលេខ៤១ និងថែមទាំងអាចជួលសម្រួលដល់ការដឹកជញ្ជូនធ្វើឱ្យបណ្តោយផ្លូវជាតិលេខ៥១កាន់តែមានសកម្មភាពសេដ្ឋកិច្ចជារៀងរាល់ថ្ងៃ ។ ផ្លូវជាតិលេខ៥១មានសក្តានុពលសេដ្ឋកិច្ចដោយសារតំបន់នេះសំបូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម គម្រោងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ដីឡូត៍ជាច្រើនកន្លែង ។

មានរោងចក្រជាង៥០កន្លែងកំពុងដំណើរការ និងមានផ្សារ សាលារៀន និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកន្លែងសេវាកម្មផ្សេងៗទៀតដែលធ្វើឱ្យតម្លៃដីធ្លីតាមបណ្តោយផ្លូវជាតិលេខ៥១ចាប់ផ្តើមឡើងស្រឺតៗជាបន្តបន្ទាប់ដោយដីឡូត៍មានទំហំ ៥ម x ២០ម មានតម្លៃចាប់ពី ២០,០០០ដុល្លារ រហូតដល់ជិត ៤០,០០០ដុល្លារ ។ សម្រាប់ដីមិនទាន់មានការអភិវឌ្ឍន៍មានក្បាលពី ២០ ទៅ ៣០ ម៉ែត្រមានតម្លៃពី៦០ ដុល្លារ ទៅ ១០០ ដុល្លារ/ម៉ែត្រការ៉េ បើធៀបនឹងមួយឆ្នាំមុនមានតម្លៃពីត្រឹមតែ៣០ដុល្លារទៅ៥០ដុល្លារក្នុង១ម៉ែត្រការ៉េប៉ុណ្ណោះ ៕

Comments