មានការជជែកពិភាក្សាអំពីវិបត្តិឥណទានក្នុងប្រទេសកម្ពុជាហើយសំនួរដដែលៗបានចោទសួរឡើងថាតើនឹងមានវិបត្តិឥណទានកើតមានឡើងដែរឬទេ? ក្នុងកម្មវិធី Realestate.com.khTV បានពិភាក្សាជាមួយលោក យិន លាងគង់ ជានិពន្ធនាយកនៃទស្សនាវដ្តី Property View និងជាការីនិពន្ធផ្នែកសេដ្ឋកិច្ចនៅទូរទ្ទស្សន៍ BTV អំពីប្រធានបទនេះ។
មានមតិមួយចំនួនលើកឡើងពីក្តីបារម្ភជុំវិញកំណើនឥណទានហួសកំណត់នៅក្នុង ឧស្សាហកម្មអចលលនទ្រព្យប្រទេសកម្ពុជាជាមួយនឹងការភ័យខ្លាចលើវិបត្តិឥណទាននៅពេលអនាគត។ ស្ថាប័នហិរញ្ញវត្ថុក្នុងពេលថ្មីៗបង្ហាញថាកំណើនឥណទានគឺមានជាមធ្យម ៣០% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការកើនឡើងនេះគឺផ្តោតសំខាន់ក្នុងវិស័យអចលនទ្រព្យ តើអ្នកមានមតិយោបល់អ្វីខ្លះពាក់ព័ន្ធចំណុចនេះ?
នៅពេលដែលមានការកើនឡើងឥណទាន យើងឃើញថាមានចំណុចវិជ្ជមានផងចំណុចអវិជ្ជមានផង។ ចំណុចវិជ្ជមាននោះគឺថានៅពេលដែលឥណទានកើនឡើងនោះនឹងមានលំហូរសាច់ប្រាក់ទៅកាន់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ នៅពេលដែលពលរដ្ឋប្រើប្រាសសាច់ប្រាក់ចំគោលដៅ ដោយបង្កើតអាជីវកម្មមួយដែលមានផែនការច្បាស់លាស់ក៏ដូចជាការពង្រីកអាជីវកម្មឲ្យកាន់តែធំជាងមុនជាដើម សកម្មភាពទំាងនេះគឺបានបង្កើនការងារជូនប្រជាពលរដ្ឋ។ យោងទៅតាមភាសាសេដ្ឋកិច្ចនៅពេលដែលសាច់ប្រាក់ធ្វើចរាចរចុះឡើងវាបង្ហាញអំពីផលវិជ្ជមានសម្រាប់សេដ្ឋកិច្ច។
ចំណែកឯផលអវិជ្ជមានវិញនៅក្នុងលក្ខខណ្ឌមួយដែលអត្រាកំណើនឥណទានឡើងលឿនពេកនោះវានឹងបង្កឲ្យមានវិបត្តិ ជាក់ស្តែងអត្រាកំណើនទំហំឥណទានរាប់បញ្ចូលទំាងធនាគារ និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបានកើនឡើងរហូតដល់ប្រមាណ៦៥%ក្នុងឆ្នំា២០១៥ នៃកំណើនផលិតផលក្នុងស្រុកសរុបដែលបង្ហាញសញ្ញាណគ្រោះថ្នាក់ដល់សេដ្ឋកិច្ចជាតិ។
ដំណឹងល្អមកវិញទំហំឥណទានរបស់យើងបានថយមកវិញក្នុងឆ្នំា២០១៦វាបានកាត់បន្ថយហានិភ័យរួចទៅហើយ។ ការផ្តល់កម្ចីត្រូវបានកាត់បន្ថយពីសំណាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការស្នើប្រាក់កម្ចីត្រូវបានរឹតបណ្តឹងលក្ខខណ្ឌយ៉ាងខ្លំាងនៅពេលថ្មីៗនេះ។
អ្នកគិតថានឹងអាចមានការដួលរលំទីផ្សារអចលនទ្រព្យម្តងទៀតដូចកាលពីឆ្នាំ ២០០៨ ដែរឫទ?
ចំលើយយ៉ាងខ្លីគឺមិនអាចទៅរួចទេ! ជាក់ស្តែងវិបត្តិអចលនទ្រព្យឆ្នំា២០០៨មិនមែនផ្តើមចេញពីកម្ពុជានោះទេវាជាវិបត្តិសកលផ្តើមចេញពីសហរដ្ឋអាមេរិក។ ទោះបីជាទីផ្សារអចលនទ្រព្យ ប្រទេសកម្ពុជាមានភាពយឺតយ៉ាងណាក្តី ប៉ុន្តែអ្នកវិនិយោគមានភាពវ័យឆ្លាត និងមានបទពិសោធន៍យ៉ាងច្រើនក្នុងវិស័យអចលនទ្រព្យ ពួកគាត់មានការប្រុងប្រយ័ត្នជាងមុន និងមានគោលដៅច្បាស់លាស់ក្នុងការវិនិយោគ។ មួយវិញទៀតរដ្ឋាភិបាលបានចេញច្បាប់មួយចំនួនដើម្បីធ្វើការទប់ស្កាត់កុំឲ្យមានវិបត្តិហិរញ្ញវត្ថុនៅក្នុងវិស័យអចលនទ្រព្យ។
តើស្ថាប័នហិរញ្ញវត្ថុគួរបន្តផ្តល់ឥណទានជូនប្រជាពលរដ្ឋឬយ៉ាងណា?
ខ្ញុំគិតថាគួរតែបន្តផ្តល់ឥណទានជូនប្រជាពលរដ្ឋប៉ុន្តែការផ្តល់ជូនត្រូវមានកម្រឹតនិងលក្ខណ្ឌច្បាស់លាស់។ នៅពេលផ្តល់ឥណទានដល់ប្រជាពលរដ្ឋវាក៏ជាការរួមចំណែកជួយដល់កម្រឹតជីវភាពរបស់ពួកគាត់។ ហើយសម្រាប់កម្ចីទិញផ្ទះវាសាកសម្យនឹងប្រជាជនដែលមានកម្រឹតជីវភាពមធ្យម។ ការផ្តល់ជូនឥណទានបែបនេះគឺជាការផ្តល់ជូននូវការរស់នៅសមរម្យសម្រាប់ប្រជាពលរដ្ឋឲ្យប្រសើរឡើង ហើយគ្រឹះស្ថានហិរញ្ញវត្ថុក៏ទទួលបានប្រាក់ចំណេញផងដែរ។
ប៉ុន្តែក្នុងករណីកំណើនប្រាក់កម្ចីកើនច្រើនពេក នោះអាចបង្កឲ្យមានវិបត្តិកាន់តែច្រើនជាក់ស្តែងដូចវិបត្តិសេដ្ឋកិច្ចពិភពលោកផ្តើមចេញពីសហរដ្ឋអាមេរិក។ ដើមហេតុដោយសារតែការផ្តល់ប្រាក់កម្ចីទិញអចលនទ្រព្យច្រើនហួសកំណត់ដោយមានលក្ខខណ្ឌធូររលុងពេក ប្រជាពលរដ្ឋទិញផ្ទះមិនត្រឹមតែស្នាក់នៅប៉ុណ្ណោះទេ ពួកគេទិញដើម្បីយកវិនិយោគដល់ដំណាក់កាល ឥណទានទំាងនោះជាប់គំាងមិនអាចសងត្រលប់មកវិញបាន ធ្វើឲ្យវិស័យអចលនទ្រព្យជួបវិបត្តិរាលដាលដល់វិស័យសេដ្ឋកិច្ច ទំាងមូលផងដែរ។
ដូចនេះស្ថាប័នហិរញ្ញវត្ថុទំាងនោះត្រូវគិតគូរឲ្យដិតដល់មុននឹងផ្តល់ប្រាក់កម្ចី ការផ្តល់ជូនត្រូវមានកម្រឹត និងមានលក្ខខណ្ឌច្បាស់លាស់ដើម្បីធានាសុវត្ថិភាពក្នុងការសងត្រលប់មកវិញ។ ស្ថាប័នហិរញ្ញវត្ថុមិនអាចបិទការផ្តល់ប្រាក់កម្ចីភ្លាមៗបានទេ ដូចនេះត្រូវធ្វើការថ្លឹងថ្លែងអំពីការផ្គត់ផ្គង់ តម្រូវការ និងទំហំប្រាក់កម្ចីឲ្យមានតម្លាភាព ដើម្បីជួយទៅដល់ស្ថាប័នហិរញ្ញវត្ថុផង ប្រជាពលរដ្ឋផង ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនៃម៉ាក្រូសេដ្ឋកិច្ចទំាងមូល៕
Comments