+85561 777 090
Logo
ពេលការសាងសង់ស្ពានរួចរាល់ស្រុក១នេះនឹងក្លាយជាទីក្រុងរណបថ្មីរបស់កម្ពុជា
Updated on: June 26, 2023, 9:47 a.m.
Published on: June 26, 2023, 9:47 a.m.

ពេលការសាងសង់ស្ពានរួចរាល់ស្រុក១នេះនឹងក្លាយជាទីក្រុងរណបថ្មីរបស់កម្ពុជា


ស្រុកល្វាឯម នឹងក្លាយជាទីក្រុងរណបថ្មីមួយ ក្រោយស្ពានឆ្លងកាត់ពីជ្រោយចង្វារ មកកាន់ក្រុងអរិយក្សត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកកៀនស្វាយ មកស្រុកល្វាឯមស្ថាបនារួចនៅឆ្នាំ២០២៧ខាងមុខនេះ ។ នេះជាការលើកឡើងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ២ខ្សែ ផ្លូវក្រាលគ្រួសក្រហមចំនួន១ខ្សែ នៅឃុំកោះរះ ឃុំថ្មគរ ឃុំព្រៃករៃ និងឃុំទឹកឃ្លាំង ស្រុកល្វាឯម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តថា គម្រោងស្ពានដែលឆ្លងកាត់ពីស្រុកកៀនស្វាយ មកស្រុកល្វាឯមនេះ គ្រោងនឹងធ្វើថ្នល់លើអាកាស រហូតដល់ផ្លូវល្បឿនលឿនតែម្ដង តែឆ្លងកាត់តាមការពិចារណាក្នុងទិសដៅ ដើម្បីផលប្រយោជន៍ប្រជាជន ក្រសួងសាម៉ីពាក់ព័ន្ធ បានពិភាក្សាគ្នាដោយឈរលើផលប្រយោជន៍ប្រជាជនជាធំ ក៏សម្រេចថា សាងសង់ជាផ្លូវក្រោមវិញ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋទាំងផ្នែកសេដ្ឋកិច្ចដីធ្លី និងការធ្វើដំណើរផងដែរ ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យរដ្ឋបាលខេត្តជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់, គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់, រដ្ឋបាលស្រុកកៀនស្វាយ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន ដែលបានដាក់ចេញ ដោយត្រូវបំពេញការងារទាំងនោះឱ្យបានល្អចេញជាលទ្ធផលផ្លែផ្កាសមប្រកប ៕

Comments