+85561 777 090
Logo
បាំងតែប៉ុន្មានថ្ងៃទៀត ! គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋានសាងសង់ហើយ
Updated on: December 16, 2022, 7:09 a.m.
Published on: December 16, 2022, 7:09 a.m.

បាំងតែប៉ុន្មានថ្ងៃទៀត ! គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋានសាងសង់ហើយ


រាជធានីភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពីការរៀបចំកម្មវិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និង គម្រោង​លើក​កម្ពស់​​គុណភាពផ្លូវជាតិលេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម) ក្រោមហិរញ្ញប្បទាន សម្បទាន​ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែមករា ឆ្នាំ២០២៣​ខាងមុខ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា ដោយមានការ​ចូល​​រួម​​ពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងលោក លោកស្រី ជាមន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាសមាជិក សមាជិកា គណៈកម្មការ និងអនុគណៈកម្មការជាច្រើនរូប ។ កិច្ចប្រជុំនេះធ្វើនាទីស្តីការក្រសួង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកា​គណៈ​កម្មាការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននូវគម្រោងទាំងពីរខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបាន ដោយរលូន ប្រកបដោយ​សុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ ដែលមាននៅក្នុងលិខិតបង្គាប់ការ ។

អង្គប្រជុំបានពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ទៅលើចំណុចសំខាន់ៗនានា ដែលរួមមានដូចជា៖ ការរៀប​ចំ​សុន្ទរក​ថាជូនថ្នាក់ដឹកនាំ ការជ្រើសរើសទីតាំងក្នុងការរៀបចំកម្មវិធី ការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ ភ្ញៀវកិត្តិ​យស​ជាតិអន្តរជាតិ ព្រមទាំងការរៀបចំចងក្រងទិន្នន័យព័ត៌មាន រូបភាព និងវីដេអូ ឯកសារជាដើម ដើម្បីដាក់​ជូន​ទៅ​ខុទ្ទកាល័យ​សម្តេចតេជោ នាយករដ្ឋមន្ត្រី គោរពស្នើសុំគោលការណ៍ ក្នុងការបញ្ចេញខ្លឹមសារផ្សព្វផ្សាយ នៅលើទំព័រ​ហ្វេស​ប៊ុក​ផ្លូវការរបស់សម្តេចផ្ទាល់ ។

ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ក៏បានធ្វើការផ្តាំផ្ញើដល់អនុប្រធានគណៈកម្មការ សមាជិកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ត្រូវទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីឱ្យការរៀបចំពិធីប្រកាសបើកការដ្ឋានគម្រោងទាំងពីរនេះ អាចសម្រេច​ទៅ​បាន​ប្រកបដោយជោគជ័យ៕

Comments