+85561 777 090
Logo
ផ្សារ​ទំ​នើប​ខ្នាត​តូច (ម៉ាត) កំ​ពុង​ពង្រីក​ខ្លួន​ទ្រង់​ទ្រាយ​ធំ
Updated on: June 7, 2022, 3:05 a.m.
Published on: July 2, 2019, 10:46 a.m.

ផ្សារ​ទំ​នើប​ខ្នាត​តូច (ម៉ាត) កំ​ពុង​ពង្រីក​ខ្លួន​ទ្រង់​ទ្រាយ​ធំ


Aeon Maxvalu

កំ​ណើន​ហាង​លក់​រាយ​ បាន​បង្កើន​តម្រូវ​ការ​ទី​តាំង​ដើម្បី​ដំ​ណើរ​ការ​អាជីវ​កម្ម។ តម្រូវ​ការ​ច្រើន​ជាង​មុន​ ស្រប​ពេល​ការ​ផ្គត់​ផ្គង់​ថយ​ចុះ បាន​ធ្វើ​ថ្លៃ​ឈ្នួល​កើន​ឡើង​យ៉ាង​ខ្លាំង នៅពេល​លោក​ ហេង សេង​លី ​បាន​​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ទូ​ទៅភោជនីយ​ដ្ឋាន​ ផាក កា​ហ្វេ កាល​ពី​ឆ្នាំ ២០១៤ លោក​បាន​តាំង​ចិត្ត​ក្នុង​ការ​ពង្រឹង​កេរ្ត៍ឈ្មោះ​ម៉ាក​យី​ហោ​អា​ហារ​​ដ្ឋានក្នុង​ស្រុក​មួយ​នេះឲ្យ​រឹង​មាំ​​​ហើយ​គ្រោង​​​បង្កើន​ចំ​នួន​ហាង​ដើម្បី​​​​​ទំ​នុក​ចិត្ត​អតិ​ថិ​ជន។  

ត្រ​លប់​ទៅ​ពេល​នោះ​វិញ ​វិ​ស័យ​អា​ហា​រ​និង​ភេសជ្ជៈ​មិន​ទាន់​រីក​ខ្លាំង ឬ មាន​តម្រូវ​ការ​ធំ​ដូច​ពេល​នេះ​នៅ​ឡើយ​ទេ ហើយ​ហាង​ ផាក ​កាហ្វេ មាន​សា​ខាត្រឹម​​ ៦ ប៉ុណ្ណោះ​នៅ​កម្ពុជា។

នា​ពេល​នោះ មាន​ទី​តាំង​ជា​ច្រើន​ដែលមាន​សក្តានុ​ពល​ និង​នៅ​ទំ​នេរ​ដើម្បី​បើក​​ហាង​ថ្មី​បាន​ ប៉ុន្តែ លោក សេង​លី​ មាន​បញ្ហា​ប្រឈម​ធំ​មួយ​គឺ​​ការ​ទទួល​បាន​អតិ​ថិ​ជន​ថ្មី​បន្ថែម​ឲ្យ​កើន​លឿន​ដូច​ចិត្ត​ ដែល​ចង់​ពង្រីក​ហាង​។ ប៉ុន្តែ​ឈាន​ដល់​ឆ្នាំ​ទី​ប្រាំនៃ​បេស​កកម្ម​របស់​លោក ​វិ​ស័យ​នេះ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ កា​រទទួល​បាន​កំណើន​អតិ​ថិ​ជន​ថ្មី លែង​សូវ​ជា​ក្តី​បារម្ភ​របស់​លោក​ សេងលី​ ទៀត​ហើយ តែ​ជំ​នួស​វិញ​លោក​ប្រ​ឈមបញ្ហា​​ថ្មី​វិញ គឺ​​ការ​កើន​ឡើង​នូវ​ខ្ទង់​​ចំ​ណាយ​​លើ​ថ្លៃ​ជួល​ទី​តាំង​ ដែល​​​អាច​ប៉ះ​ពាល់​ដល់​ប្រាក់​ចំ​ណេញ​​។

លោក​ថ្លែង​ថា​៖​«​ហាង​អាហារ​ ហាង​កា​ហ្វេ និង​ហាង​លក់​ទំ​និញ​បែប​ទំនើប បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅបី​ឆ្នាំ​ចុង​ក្រោយ​ ហើយ​ហាង​ទាំង​នេះ​កំ​ពុង​បង្កើន​តម្លៃ​អចល​ន​ទ្រ​ព្យ​នៅ​ភ្នំពេញ»។ លោក​បន្ត​ថា​ ផាក​កា​ហ្វេ​ កំ​ពុង​ដំ​ណើរ​ការ​ហាង​ ១៥ នា​ពេល​បច្ចុប្បន្ន ហើយ​ត្រូវ​ចំ​ណាយ​ជា​មធ្យម​ក្នុង​មួយ​ហាង​ ៥,០០០ ដុល្លារ​សម្រាប់​ការ​ជួល​ទី​តាំង​នី​មួយៗ​ក្នុង​មួយ​ខែ។ លោក​បញ្ជាក់​ថា​៖​ «យើង​ត្រូវ​ចំ​ណាយ​ច្រើន​ជាង​មុន​ជិត​ពីរ​ដង​​ធៀប​នឹង​កាល​ពី​បី​ឆ្នាំ​មុន​ ​ដើម្បី​ជួល​ទី​តាំង​ទំ​ហំ​ដ​ដែល​»​។

វិ​ស័យ​លក់​រាយ​ ដែល​សំ​ដៅ​ដល់​ហាង​អា​ហារ​និង​ភេសជ្ជៈ ហាង​លក់​ទំ​និញ​រាយ និង​ផ្សារ​ទំ​នើប​ជា​ដើម បានកំ​ពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា។​ ហាង​ម៉ាក​យី​ហោ​អន្តរ​ជាតិ​ជា​ច្រើន​កំ​ពុង​ចូល​មក​ទី​ផ្សារ​កម្ពុជា​កាន់​តែច្រើន ហើយ​កំ​ណើន​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​អចន​ទ្រព្យ​នៅ​ទី​តាំង​ដែល​ហាង​ទាំង​នេះ​ទៅ​ដល់​បាន​ឡើង​ថ្លៃ។  

គ្រាន់​តែ​ចំ​នួន​ហាង​កា​ហ្វេមួយ​មុខ ​អ្នក​នៅ​ក្នុង​ឧស្សា​ហ​កម្ម​នេះ​បាន​លើក​ឡើង​ថា​មាន​មិន​ក្រោម ៣០០ ហាង​ធំ​ៗ​ទេ​នៅភ្នំពេញ​។

កញ្ញា ពៅ ធី​តា ប្រ​ធាន​ផ្នែក​ទី​ផ្សារ​លក់​រាយ ក្រុម​ហ៊ុន​ផ្តល់​សេវា​អចលន​ទ្រព្យ CBRE បាន​លើក​ឡើង​ថា​ វិ​ស័យ​លក់​រាយ​នៅ​កម្ពុជា​កំ​ពុង​រីក​ចម្រើន​ ហើយ​បាន​ទាក់​ទាញ​ម៉ា​ក​យី​ហោ​អន្តរ​ជាតិ​ជា​ច្រើនបោះ​ទុន​ដើម្បី​ដំ​ណើរ​ការ។ កញ្ញាបន្ត​ថា ​តម្រូវ​ការ​ទី​តាំងបាន​​កើន​ឡើង​ ស្រប​ពេល​ដែល​ការ​ផ្តត់​ផ្គង់​នៅ​ដ​ដែល​ ឬ កាន់​តែ​តិច​ជាង​មុន បាន​ធ្វើ​ឲ្យ​ថ្លៃឈ្នួល​កើន​ឡើង​ជា​លំ​ដាប់​។

កញ្ញា​បន្ត​ថា​៖​«​​​តំ​បន់​ពាណិជ្ជ​កម្ម​មួយ​ចំ​នួនកំ​ពុង​មាន​ការ​ខ្វះ​ខាត​ទី​តាំងនា​ពេល​នេះ​។ ទី​តាំង​ល្អ​ ដូច​ជា​នៅ​បឹងកេង​កង នៅ​ទួល​គោក​ជុំ​វិញ​ផ្សារ​ TK Avenue អីជា​ដើម ​គឺ​សឹង​ពេញ​អស់​ហើយ ហើយ​ពិបាក​រក​កន្លែង​មែន​ទែន​»។ កញ្ញា​បញ្ជាក់​ថា​៖​«នៅ​ថ្ងៃខាង​មុខ ហាង​លក់​រាយ​ទាំង​អស់​ហ្នឹង​លែង​សូវ​ដាក់​ទី​តាំង​ដាច់​ដោយ​ឡែក​ទៀត​ហើយ (Standalone) [ដោយ​សារ​ពិ​បាក​រក​ទី​តាំង​] ហើយ​ទៅ​ដាក់​នៅ​ក្នុង​ផ្សារ​ទំ​នើប​វិញ​»។

ហាង​លក់​រាយ​ទំនើប​ក៏​មាន​តម្រូវ​ការ​ទី​តាំង​ខ្លាំង​ដែរ​

convenience stores in Cambodia

បន្ថែម​លើ​កំណើន​តម្រូវ​ការទី​តាំង​សម្រាប់​ហាង​អា​ហារ ចំ​នួន​​ហាង​លក់​ទំ​និញ​រាយ​បែប​ទំ​នើប ក៏​កំ​ពុង​កើន​ឡើង​នៅ​កម្ពុជា ហើយ​កំ​ពុង​ត្រូវ​ការ​ទី​តាំង​ច្រើន។

ហាង Super Duper ​​ជា​ហាង​លក់​ទំនិញបែប​លោក​ខាង​លិច​ដំ​បូង​​គេ​នៅ​កម្ពុជា ​ដែល​ដំ​ណើរ​ការ​​​ ២៤ ម៉ោង ​បាន​បើក​ដំណើរ​ការនៅ​កម្ពុជានៅ​​​ឆ្នាំ​២០១៥។ គិត​មក​ដល់​នា​ពេល​នេះ ហាង​នេះ​​កំ​ពុង​ដំ​ណើរ​ការ​ដោយ​មាន​ហាង​ ៤ ទី​តាំង​។

ហាង​ Circle K ដែល​មាន​មូល​ដ្ឋាន​នៅ​អាមេរិក បាន​បើក​ដំ​ណើរ​ការ​នៅ​កម្ពុជាកាល​ពី​ខែ កុម្ភៈ​ឆ្នាំ ២០១៨ ហើយ​គិត​មក​ទល់​ពេល​នេះ​បាន​ពង្រីក​ទី​តាំងរហូត​ដល់ ២៣ កន្លែង។ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រុម​ហ៊ុន​គ្រប់​គ្រង​ផ្សារ​ទំ​នើប​ខ្នាត​តូចដ៏​​ធំ​ជាង​គេ​របស់​ថៃ  CP All បាន​បង្ហាញ​ពី​គម្រោងថា​នឹង​​នាំ​យក​ ហាង​លក់​រាយ​ 7-Eleven មកដំ​ណើរ​ការ​នៅ​​​កម្ពុជា​។​

បន្ទាប់​ពី​បើក​ដំ​ណើរ​ការ​ហាង​លក់​រាយ​ទំនើប​ខ្នាត​តូច​សា​ខា​ទី​មួយ​នៅ​កម្ពុជា​កាល​ពី​ដើម​ឆ្នាំ ២០១៧ ​Aeon Maxvalu ​បាន​ពង្រីក​ទី​តាំង​ជា​បន្ត​បន្ទាប់ ហើយ​បាន​បើក​ដំណើរ​ការ​ហាងទី​ ៩ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ទី ៣ កក្កដា​ ដោយ​ដាក់​ទី​តាំង​នៅ​ បឹង​កេង​កង​មួយ។ ​

លោក ជ័យ រតនា ជំ​នួយ​ការ​នាយក​​ប្រ​តិ​បត្តិការ​ហាង​លក់​រាយ​ Aeon Maxvalu បាន​ឲ្យ​ដឹង​ថា​ ​ហាង​ Aeon Maxvalu នឹង​ពង្រីង​ទី​តាំង​បន្ថែម​ទៀត ហើយ​គ្រោង​ដល់ ៣០០ ហាងនៅ​ទូ​ទាំង​ប្រ​ទេស​នៅ​ឆ្នាំ ២០២៥។ លោក​បន្ត​ថា ហាង​ទី​ ១០ នឹង​បើក​ដំ​ណើរ​ការ​នៅ​ថ្ងៃ​ទី ១៩ ខែ​កក្កដានេះ ស្រប​ពេល​ហាង​ ៣ ផ្សេង​ទៀត​នឹង​ដាក់​ឲ្យ​ដំ​ណើរ​កា​រ​នៅ​ខែ​វិច្ឆិកា ខាង​មុខ ដែល​ធ្វើ​ឲ្យ​ចំ​នួន​ហាង​សរុប​កើន​ដល់ ១៣ ទី​តាំង​នៅ​ដំ​ណាច់​ឆ្នាំ ២០១៩ នេះ។

យោង​តាម​លោក រតនា អ្នក​ប្រើ​ប្រាស់​កម្ពុជា​កំ​ពុងមាន​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ដើរ​ទិញ​ឥវ៉ាន់។ ពួក​គេ​ហ៊ាន​ចំ​ណាយ​ច្រើន​ជាង​មុន​ដើម្បី​ទិញ​ទំ​និញ នៅ​ក្នុង​ទីតាំង​ដែល​មាន​បរិ​យាកាស​ល្អ ម៉ា​ស៊ីន​ត្រជាក់ និង​មាន​ធា​នា​ពី​គុណ​ភាព​ទំនិញ។

ស្រប​ពេល​ដែលហាង​លក់​ទំនិញ​គ្រោង​បង្កើន​ទី​តាំង លោក​រតនា​ ក៏​បាន​បញ្ជាក់ដែរ​ថា​ កំណើន​តម្លៃ​ឈ្នួល​កំ​ពុង​ក្លាយ​ជា​បញ្ហា​ប្រ​ឈម​​​ដល់​ផែន​ការ​នេះ​។​

លោក​បន្ត​ថា​៖​«​ហាង​យើង​ជា​ច្រើន​កំ​ពុង​ជួប​បញ្ហា​ឡើង​ថ្លៃ​ជួល​ទី​តាំ​ង​នេះ​។ បញ្ហា​ថ្លៃ​ឈ្នួល​នេះ​អាច​ប៉ះ​ពាល់​ខ្លាំង​ដល់​ផែន​ការ​ពង្រីក​ហាង​របស់​យើង​សម្រាប់​រយៈ​ពេល​វែង»។

យ៉ាង​ណា​ក៏​ដោយ​ មិន​មែន​សុទ្ធ​តែ​គ្រប់​គ្នា​បារម្ភ​ខ្លាំង​ពី​និន្នា​ការ​នេះ​នោះ​ទេ។ បុគ្គលិក​ថ្នាក់​គ្រប់​គ្រង​ម្នាក់​នៅ​ ហាង Super Duper ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទទួល​ស្គាល់​ថា​ តម្លៃ​ជួល​ទី​តាំង​ពិត​ជា​កើន​បន្តិ​ច​មែន ចំនែក​ប្រ​តិ​បត្តិ​ការ​មួយ​ចំ​នួន​ដូច​ជា​ហាង​កា​ហ្វេ ឬ ហាង​អាហារ​ជា​ដើម កំ​ពុង​ជួប​ការ​លំ​បាក​ ហើយ​អាច​ប្រ​ឈម​នឹង​ការ​បិទ​ហាង។

លោក​បន្ត​ថា​៖​«​ហាង​ខ្លះ​អាច​បិទ​វិញ ហើយ​ទី​តាំង​ដែលគេ​ប្រើ​ប្រាស់​​​នា​ពេល​នេះ នឹង​ទំ​នេរ​វិញ​។ ខ្ញុំ​សង្ឃឹម​ថា​តម្លៃ​ជួល​ទី​តាំង​នឹង​នៅ​ថេរ​នា​ថ្ងៃ​ខាង​មុខ​»៕

ចង់ទិញអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!

 

 

Comments