+85561 777 090
Logo
សម្តេច ស ខេ​ង ហាម​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​ធ្វើ​រឿង​នេះ​ចៀង​វាង​កើតរឿង​ទំនាស់​ដីធ្លី
Updated on: June 7, 2022, 6:41 a.m.
Published on: March 30, 2022, 8:47 a.m.

សម្តេច ស ខេ​ង ហាម​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​ធ្វើ​រឿង​នេះ​ចៀង​វាង​កើតរឿង​ទំនាស់​ដីធ្លី


Cambodia-Vietnam Border

បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​បាន​ជួល​ដីស្រែ ចម្ការ នៅ​តាម​បន្ទាត់​ព្រំដែន​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិតខាង​ដើម្បី​ធ្វើ​អាជីវកម្ម និង​បង្កបង្កើន​ផង​នានា ព្រោះ​ការ​ជួល​ដី​ឱ្យ​គេ​វា​មាន​ភាព​ងាយស្រួល ប៉ុន្តែ​នៅ​ពេល​ជួល​យូរ​ៗ​ទៅ​ជនបរទេស​ថា​គាត់​មក​នៅ​លើ​ដី​នេះ​យូរហើយ​ទាមទារ​កម្មសិទ្ធិ ដូច្នេះ​អាច​នឹង​បង្ក​ជា​បញ្ហា​ទំនាស់​ដីធ្លី​ពិបាក​នឹង​ដោះស្រាយ ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ទាក់ទង​ទៅ​នឹង​ការ​ជួល​ដី​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ឱ្យទៅ​ជនបរទេស​ដែល​អាច​បង្ក​បញ្ហា​ដីធ្លី និង​ការ​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា ។ ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្តព្រៃវែង កាលពី​ពេល​កន្លង​ទៅ​នេះ ។

សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ការ​គ្រប់​គ្រង់​សន្តិសុខ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ធ្វើការ​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន និង​ការ​រត់ពន្ធ​ខុសច្បាប់​ចូល​ក្នុង​ប្រទេស​កម្ពុជា ។ សម្តេច​បាន​ណែនាំ​ទៅ​កាន់​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ត្រូវ​ណែនាំ​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ជ្រួលជ្រើម​ជួល​ដី​ទៅ​ឱ្យ​ពលរដ្ឋ​វៀតណាម​បន្ត​ទៅ​ទៀត ព្រោះ​បារម្ភ​ថា​អាច​នឹង​កើតជា​ទំនាស់​ដីធ្លី​ដែល​មាន​ភាព​ស្មុគស្មាញ​ពិបាក​នឹង​ដោះស្រាយ ។

សម្តេច ស ខេ​ង បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា ៖«​កន្លង​ទៅ វា​មាន​បញ្ហា​ទាក់ទង​ការ​គ្រប់គ្រង អាហ្នឹង​វា​ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី​ដែរ គឺថា​ប្រជាពលរដ្ឋ​គាត់​ជួល​ដី​នៅ​តាម​ព្រំដែន គាត់​អត់​ធ្វើ​ទេ គាត់​ជួល​យក​លុយ វា​ស្រួល ប៉ុន្តែ​វា​ក៏​មិន​ស្រួល​ដែរ នៅ​ពេល​យូរ​ៗ​ទៅ ដែល​គាត់​ថា គាត់​មក​នៅ​លើ​ដី​ហ្នឹង​យូរហើយ ដូច្នេះ​ដោះ​មិន​ងាយ​ចេញ​ទេ នេះ​ហើយ​ជា​បញ្ហា ។ អ៊ីចឹង​ហើយ​មិន​ត្រូវ​ទេ អត់​មាន​សិទ្ធិ​ទេ ខ្ញុំ​គិត​ថា វា​អា​សិទ្ធិ​ជួល​ហ្នឹង ខ្ញុំ​មិនដឹង​ទេ អ្នក​ណា​សម្រេច​ទេ ប៉ុន្តែ​សុំ​សិក្សា​ឱ្យ​បាន​មែនទែន សិទ្ធិ​ជួល​អ៊ីចឹង​ៗ អត់ឱ្យ​ជួល​ទេ​។ អាហ្នឹង​អត់​បាន​ទេ ជួល​យូរ​ៗ​ទៅ គាត់​ថា​អាហ្នឹង​ដី​គាត់​មក​ធ្វើ​យូរហើយ នេះ​ជា​បញ្ហា​» ។

គួររម្លឹកផង​ដែរ​ថា ពាក់ព័ន្ធ​ទៅនឹង​ការ​ជួល​ដី​ទៅឱ្យជនបរទេស​ជិតខាង​ចូល​មក​បង្កបង្កើន​ផល កាលពី​ថ្ងៃ​ទី​១៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ ហាម​ជួល លក់​ដីស្រែ​ចំការ​ឬ​លំនៅ​ដ្ឋា​ន​នៅ​តាម​តំបន់​ព្រំដែនឱ្យ​ទៅ​​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិតខាង រួម​ទាំង​តំបន់​មិន​ទាន់​បាន​កំណត់​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​ផ្លូវការ​រួច​ជា​ស្ថាពរ ​។ រាជរដ្ឋាភិបាល​បញ្ជាក់​ក្នុង​សារាចរ​នោះ​ថា ការ​ជួល​ដី​ជាប់​ព្រំដែន​ឱ្យទៅ​ប្រទេស​ជិតខាង​គឺ​បាន​បង្ក​ភាព​ស្មុគស្មាញ​ដល់​កិច្ចការ​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​ ៕

អត្ថបទដោយ

Author Profile

Comments