+85561 777 090
Logo
ក្រសួងសាធារណការ បញ្ចប់ការសិក្សាលទ្ធភាពគម្រោងរថភ្លើងក្រោមដី និងរថភ្លើងMonorail
Updated on: June 6, 2022, 5:00 p.m.
Published on: June 21, 2021, 9:24 a.m.

ក្រសួងសាធារណការ បញ្ចប់ការសិក្សាលទ្ធភាពគម្រោងរថភ្លើងក្រោមដី និងរថភ្លើងMonorail


ប្រព័ន្ធរថភ្លើងលើអាកាស “BTS” ទីក្រុងបាងកក គឺជាឧទាហរណ៍ នៃប្រព័ន្ធដឹកជញ្ជូនសាធារណរត់កាត់ក្រុង ដែលទីក្រុងភ្នំពេញអាចយកធ្វើជាគម្រូ។ រូបភាពពី Property News

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ ការសិក្សាលទ្ធភាពគម្រោងប្រព័ន្ធរថភ្លើងMonorail និងរថភ្លើងក្រោមដី សម្រាប់ទីក្រុងភ្នំពេញហើយ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រី។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងឡើងដូចនេះ កំលុងការសង្ខេបរបាយការណ៍ស្ដីពីសមិទ្ធផល និងវឌ្ឍនភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនទៅកាន់សម្ដេចសាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនផងដែរ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួង និងទីភ្នាក់ងារជប៉ុនសម្រាប់សហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថាJICA លើផែនការអភិវឌ្ឍគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI),​ ការធ្វើឱ្យប្រសើរកំពង់ផែស្វយ័តភ្នំពេញ និងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអយស្ម័យយានសាធារណៈ។

អវត្តមាន នៃប្រព័ន្ធដឹកជញ្ជូនសាធារណៈមួយ នៅតែជាចំណោទ ដែលទាមទារឱ្យមានចម្លើយ នៅក្នុងការអភិវឌ្ឍទីក្រុងភ្នំពេញ ទន្ទឹមនឹងការអភិវឌ្ឍលឿនរហ័សរបស់ទីក្រុង និងកំណើនប្រជាជនចំណូលមធ្យមដែលរស់នៅក្នុងទីក្រុង។ បើទោះជាយើងអាចសាទរកំណើនការកកស្ទះចរាចរណ៍ ដែលជាសញ្ញានៃកំណើនសកម្មភាពសេដ្ឋកិច្ចក្ដី ការកកស្ទះនៅតែជាបញ្ហាប្រឈមសម្រាប់ទីក្រុងភ្នំពេញ ដោយសារតែពេលវេលាខ្ជះខ្ជាយកំលុងការកកស្ទះ ថ្លៃសាំង និងផលប៉ះពាល់លើបរិស្ថានជាដើម។

ព័ត៌មានបច្ចេកទេសលំអិត អំពីគម្រោងអយស្ម័យាន នៅមិនទាន់បង្ហាញជាសាធារណៈនៅឡើយទេ។ ទោះបីជាយ៉ាងនេះក្ដី គេបានដឹងថា អយស្ម័យាន និងផ្លូវដែកសម្រាប់រត់ នឹងប្រើប្រាស់សម្ភារៈសម្រាប់ទប់សម្លេងរំខានពីរថភ្លើង ដើម្បីបញ្ចៀសផលប៉ះពាល់ពីសម្លេងរំខាន ទៅលើប្រជាជនដែលរស់នៅជិតផ្លូវរថភ្លើង និងស្ថានីយរថភ្លើង។ ថ្លៃដើម នៃគម្រោងប្រព័ន្ធអយស្ម័យានដែលបានលើកឡើងនេះ មានតម្លៃទាបជាង តម្លៃស្ថាបនាប្រព័ន្ធអយស្ម័យានដែលបានលើកឡើង កាលពីពេលមុនៗ នេះបើតាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រី។

មកទល់ពេលនេះ គេពុំទាន់ទទួលបានរបាយការណ៍ផ្លូវការណ៍ណាមួយ អំពីទីតាំងរបស់ផ្លូវរថភ្លើងទាំងនោះ នោះទេ។ យ៉ាងណាមិញ គេតែងសង្កេតឃើញថា អចលនទ្រព្យ ទាំងសម្រាប់ពាណិជ្ជកម្ម និងរស់នៅ ច្រើនតែកើនឡើងតម្លៃ នៅពេលដែលអចលនទ្រព្យទាំងនោះ ស្ថិតនៅជិតគម្រោងដឹកជញ្ជូនសាធារណៈណាមួយ ដោយសារតែភាពងាយស្រួលរបស់ប្រជាជន ក្នុងការធ្វើដំណើរទៅកាន់ទីក្រុង តាមរយៈប្រព័ន្ធដឹកជញ្ជូនទាំងនោះ។

Comments