+85561 777 090
Logo
ក្រសួងសាធារណការ និងដឹកជញ្ជូនចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ
Updated on: June 3, 2022, 7:36 a.m.
Published on: August 23, 2021, 9:14 a.m.

ក្រសួងសាធារណការ និងដឹកជញ្ជូនចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ


រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិ​បតី​ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ ។ នេះបើយោងតាមប្រភពហ្វេសប៊ុកផេកផ្លូវការរបស់ MPWT នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះនៅទីស្តីការក្រសួង ។

គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ។ ផ្លូវនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ ក្រុងខេមរ ភូមិន្ទ ខេត្ត កោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លង ប្រវែង២៥,១គីឡូម៉ែត្រមាន ចំនួន ០៤ គន្លងលើទីតាំងចំនួនបួនគឺ ៖

១). ប្រវែង១២គីឡូម៉ែត្រ (គ.ម ០+០០០- គ.ម ១២+០០០)

២). ប្រវែង៣,៤ គីឡូម៉ែត្រ (គ.ម ៥៧+៧០០ - គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១ (Realignment)

៣). ប្រវែង៤,២គីឡូម៉ែត្រ (គ.ម ១២៤+៤០០ - គ.ម ១២៨+៦០០)ចំណុច ចំណោតតាតៃ និងជាកន្លែង ប្តូរ ខ្សែផ្លូវថ្មីទី២ (Realignment)

៤). ប្រវែង៥,៥ គីឡូម៉ែត្រ(គ.ម ១៤២+៥០០ - គ.ម ១៤៨+០៣៨) ទទឹងផ្លូវ១១ម៉ែត្រ(ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ(បួនគន្លង) ក្រាលបេតុង កៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ ) បេតុងសរសៃដែក(២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ ។

ជាងនេះទៅទៀត ផ្លូវនេះមានការកែសម្រួលចំណុចផ្លូវប្រសព្វចំនួន០៥កន្លែង ១). ចំការហ្លួង ២). ស្រែអំបិល ៣). ផ្លូវបំបែកចូលទៅគីរីសាគរ ៤). ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី ៥).ផ្លូវបំបែកចូលទៅ ព្រលានយន្តហោះ សាងសង់ស្ពានថ្មីចំនួន០៤កន្លែង (ប្រវែង១១៣ម) ប្រព័ន្ធបង្ហូររំដោះទឹក លូមូលបេតុង ១៤០កន្លែង(ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) លូប្រអប់ ១៥កន្លែង(ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ ការកំណត់ល្បឿន៨០គីឡូម៉ែត្រ/ម៉ោង (តំបន់ទំនាប ឬផ្លូវត្រង់) ៦០គីឡូម៉ែត្រ/ម៉ោង (តំបន់ខ្ពង់រាប ឬផ្លូវកោង) រយៈពេលសាងសង់ចំនួន៣២ខែ គ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨ ៣៩៨ ៧៤១,៥៣ ដុល្លារអាមេរិក ក្នុងនោះ៖ តម្លៃគម្រោងសាងសង់ចំនួន ៥៩ ១៤៦ ៧៤១,៥៣ ដុល្លារអាមេរិក តម្លៃសិក្សានិងត្រួតពិនិត្យ គម្រោងចំនួន៦ ០០០ ០០០ដុល្លារអាមេរិក ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ ថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣ ២៥២ ០០០ ដុល្លារអាមេរិកសម្រាប់ការងារដោះស្រាយផល ប៉ះពាល់ ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ សាងសង់ដោយ ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ។

ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសភូមា ។

តាមបណ្តោយផ្លូវជាតិលេខ៤៨នេះមានតំបន់សេដ្ឋកិច្ច ពិសេស(SEZ) ចំនួន០៤កន្លែង៖ ១). តំបន់សេដ្ឋកិច្ចពិសេសកោះកុង(Koh Kong SEZ) ២). តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ) ៣). តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និង៤). តំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ) ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ប្រាក់កម្ចីដើម្បីស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ (EDCF) និងបានសំណូមពរឱ្យក្រុមហ៊ុនសាងសង់អនុវត្ត គម្រោងសាងសង់ផ្លូវនេះប្រកបដោយគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាសាងសង់ និងតាម បទដ្ឋាបច្ចេកទេស ជាពិសេសត្រូវតាមដាន និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់ ឱ្យបាន ខ្ជាប់ ខ្ជួនដើម្បីធានាថាផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ បច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវស្រោចទឹកឱ្យបានជាប្រចាំដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្រជាពល រដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះ និងត្រូវធានាថាគ្មានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនេះ តាមរយៈ ការបំពាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ និងមានភ្លើងបំភ្លឺនៅពេលយប់ផងដែរ ។

គួរកត់សម្គាល់ថា គម្រោងលើកកម្រិតគុណផ្លូវជាតិលេខ៤៨នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចតទៅ៖ ១). ធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍របស់អ្នកដំណើរតាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃធ្វើ ដំណើរនិងដឹកជញ្ជូន ២). បង្កើនការធានាសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរតាមរយៈបំពាក់គ្រឿង បរិក្ខារសុវត្ថិភាពគ្រប់គ្រាន់ និងកែសម្រួលកាំកំណោង និងចំណោតខ្លាំងរបស់ផ្លូវ ៣). ជំរុញសក្តានុពល តំបន់ទេសចរណ៍ ៤). បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសជាមួយប្រទេសជិតខាង ៕

Comments