+85561 777 090
Logo
អបអរសាទរ គម្រោងសាងសង់ផ្លូវជាតិលេខ១០សម្រេចបាន ៤៨,៧៧%ហើយ
Updated on: May 26, 2022, 3:37 a.m.
Published on: May 19, 2021, 4:20 a.m.

អបអរសាទរ គម្រោងសាងសង់ផ្លូវជាតិលេខ១០សម្រេចបាន ៤៨,៧៧%ហើយ


គម្រោងសាងសង់ផ្លូវជាតិលេខ ១០ តភ្ជាប់ពីខេត្តបាត់ដ៉បង - ពោធិ៍សាត់ - កោះកុង បានសម្រេចរហូតដល់ ៤៨,៧៧%ហើយ បើគិតមកទល់នឹងថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២១ នេះបើតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅថ្ងៃដដែលនេះ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ បានបន្តដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ ដោយមានការចូល រួមពី តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងភាគីពាក់ព័ន្ធ ដើម្បីធានាវឌ្ឍនភាពរបស់គម្រោងនេះ។

ថ្វីត្បិតតែគម្រោងសាងសង់នេះសម្រេចទៅបានច្រើនហើយមែន ក្រុមការងារសាងសង់នៅតែ បន្តធ្វើការយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាឱ្យគម្រោងនេះសម្រេចទៅតាមការគ្រោងទុក ថ្វីបើប្រទេសកម្ពុជានៅបន្តទទួលការរាតត្បាតពីជម្ងឺកូវីត១៩មិនឈប់ក៏ដោយ។ 

ឯកឧត្តមរដ្ឋលេខាធិការក៏ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។

គម្រោងផ្លូវជាតិលេខ១០នេះ ត្រូវបានរដ្ឋាភិបាល និងមហាជនរំពឹងទុកយ៉ាងមុតមាំថានឹង អាចផ្តល់នូវផលវិជ្ជមានយ៉ាងច្រើនទៅដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ដល់អ្នកដែលរស់នៅ តាមតំបន់នេះ។ គួរបញ្ជាក់ផងដែរថា ផ្លូវប្រវែង១៩៧,៣៦ គីឡូម៉ែត្រនេះ ​ចំណាយ​ថវិកា​សរុប ​ប្រមាណ១៨៨លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង និងគ្រោងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៣ខាងមុខ។

Comments