(ការជួសជុលផ្លូវជាតិលេខ៣ ក្នុងឆ្នាំ២០១៧ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន)
នៅពេលលោក អាន ច័ន្ទថ្លា បានដឹងព័ត៌មានក្រៅផ្លូវការកាលពីចុងឆ្នាំ ២០១៧ ថារដ្ឋាភិបាលគ្រោងពង្រីកផ្លូវជាតិលេខ ៣ ដែលជាផ្លូវប្រវែង ២០២ គីឡូម៉ែត្រតភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពត លោកបានគិតថាវាជាឱកាសមិនអាចរំលងបានដែលលោកត្រូវចាប់យកដើម្បីបង្កើនទ្រព្យសម្បត្តិ។
ចាប់ផ្តើមពីដើមទុនតិចតួច និងមិនសូវមានបទពិសោធក្នុងវិស័យដីធ្លី លោក ច័ន្ទថ្លា បានសម្រេចចូលទុន ជាមួយមិត្តភ័ក្ត ហើយបណ្តាក់ទុនរួមគ្នាក្នុងទឹកប្រាក់ចំនួន ១៤,០០០ ដុល្លារដើម្បីទិញដីទំហំ ២,៥០០ ម៉ែត្រការ៉េនៅភូមិព្រៃទទឹង ចុះពីផ្លូវជាតិលេខ៣ ប្រហែល ៥០០ ម៉ែត្រ។
តម្លៃដីបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់
នាពេលនោះ ដីដែលក្រុមលោក ច័ន្ទថ្លា បានទិញមិនទាន់មានតម្លៃខ្ពស់ទេ។ វាត្រូវបានព័ទ្ធជុំវិញដោយវាលស្រែ ហើយអាចធ្វើដំណើរចូលបានតែតាមផ្លូវតូច ដោយសារតែតម្លៃលក់មានត្រឹមតែ ៥ ឬ ៦ ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ លោក ច័ន្ទថ្លា សង្ឃឹមថាដីដែលលោកទិញនឹងកើនឡើងទ្វេដងក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ។
ប៉ុន្តែសំណាងបានមកដល់ឆាប់ជាងអ្វីដែលគាត់បានរំពឹងទុក។ ពីរបីខែបន្ទាប់ពីការទិញនេះ រដ្ឋាភិបាល បានប្រកាសជាផ្លូវការនូវផែនការដើម្បីជួសជុលនិងពង្រីកផ្លូវជាតិលេខ៣ ។ តម្លៃដីធ្លីនៅជុំវិញផ្លូវធំបានហក់ឡើងស្ទើរតែមួយប៉ប្រិចភ្នែក រួមទាំងដីទំហំ ២,៥០០ ម៉ែត្រការ៉េរបស់លោក ច័ន្ទថ្លា។
លោកថ្លែងថា៖«យើងបានលក់ដីនោះវិញក្នុងតម្លៃ ១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ក្នុងរយៈពេលត្រឹមតែ បីខែ យើងបានចំណេញជិត ២ ម៉ឺនដុល្លារពីការទិញដីលើកដំបូងរបស់យើង»។
បន្ទាប់ពីបានឃើញភាពជោគជ័យនៃការបណ្តាក់ទុនលើកដំបូងរបស់ពួកគេ ក្រុមដៃគូរបស់លោក ច័ន្ទថ្លា បានព្រមព្រៀងបន្ថែមការវិនិយោគដោយទិញដីទំហំធំជាងមុនក្នុងតម្លៃ ៥ ម៉ឺនដុល្លារដែលមានទំហំរហូតដល់កន្លះហិកតា ហើយបន្តលក់ចេញ និងទិញចូលបន្ថែមរាល់ពេលមានឱកាសចំណេញ។
លោកបន្តថា៖ «យើងទិញដីធំជាងមុន នៅពេលយើងឃើញសក្តានុពល។ បច្ចុប្បន្នក្រុមរបស់យើងមានដីជិត ៥ ហិកតា។ ក្នុងតម្លៃដីប្រហែល ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ យើងមានលុយនៅក្នុងនោះជិត ២ លានដុល្លារ [ភាគហ៊ុនម្នាក់មានលុយប្រហែល ២០ ម៉ឺនដុល្លារ]»។
រឿងរ៉ាវនៃការបណ្តាក់ទុនរកស៊ីរបស់ លោកច័ន្ទថ្លា ឆ្លុះបញ្ចាំងពីស្ថានភាពដែលបានផ្លាស់ប្រែនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដែលប្រជាពលរដ្ឋ និងអ្នកជំនួញដីធ្លីជាច្រើននាក់បានទទួលប្រយោជន៍ពីការអភិវឌ្ឍនេះ។
គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មកើនឡើង
យោងតាម លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អេស៊ា រៀលអ៊ីស្ទេត មានប្រសាសន៍ថា អចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ ៣ បានកើនឡើងខ្លាំង នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈផ្លូវជាតិមួយនេះមានចំនួនគម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្មកើនឡើងច្រើន។
លោកថាចម្ងាយផ្លូវជាតិលេខ៣ គឺវែង ដូច្នេះការផ្លាស់ប្តូរតម្លៃដីអាចត្រូវបានគេគិតតាមចន្លោះផ្លូវនីមួយៗ ដូចជា ចាប់ពីចោមចៅ រហូតដល់ ស្ពានកំពង់ទួល ដែលជាព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ តម្លៃដីសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មមានចំនួន ២០០ ដុល្លារទៅ ៤០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
លោក គង់ ថ្លែងបន្តថា ចាប់ពីស្ពានកំពង់ទួលទៅដល់អង់តាសោម ដែលស័ក្តិសមចំពោះឧស្សាហកម្ម តម្លៃដីមានតម្លៃក្នុងរង្វង់ ២០ ទៅ ៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងចាប់ពីអង់តាសោម ដល់បែកគុស និងទៅដល់ស្ថានីយ៍រថភ្លើងខេត្តកំពត តម្លៃដីមានក្នុងរង្វង់ ១០ ដុល្លារ ទៅ ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបន្តថា៖«ហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតក្នុងការសាងសង់កំពុងជំរុញតម្លៃដីឲ្យកើនឡើងផងដែរ សម្រាប់ ២ ឆ្នាំចុងក្រោយនេះ។ តម្លៃដីតាមបណ្តោយផ្លូវជាតិលេខ ៣ កើនប្រមាណជា ១០ ភាគរយ រៀងរាល់ឆ្នាំ។ ផ្លូវជាតិលេខ៣ គឺតភ្ចាប់ពីភ្នំពេញទៅកាន់គោលដៅទេសចរណ៍ខេត្តកំពត និងកំពង់ផែសមុទ្រទឹកជ្រៅ»។
លោក គង់បន្តថាការស្ថាបនាផ្លូវជាតិលេខ៣ ឡើងវិញនេះធ្វើឲ្យមានគម្រោងសំណង់អចលនទ្រព្យកើនឡើងច្រើនដូចជាសំណង់ផ្ទះល្វែង បុរី ឧស្សាហកម្ម រោងចក្រ និងឃ្លាំង។ ក្នុងពេលអនាគត លោក គង់ថា ខេត្តកំពតនឹងក្លាយជា សួនឧស្សាហកម្ម ដូច្នេះតម្លៃដីនឹងកើនឡើងបន្តទៀត ដូច្នេះហើយដីនៅខេត្តកំពតប្រាកដជាមានសក្តានុពលសម្រាប់ឧស្សាហកម្ម។
ផ្លូវជាតិលេខ ៣ ជាផ្លូវដឹកជញ្ជូនដ៏សំខាន់
យ៉ាងណាមិញ លោក ស៊ន សៀប អគ្គនាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បានឲ្យដឹងថា ផ្លូវជាតិលេខ៣ គឺតភ្ចាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាផ្លូវដែលមានសក្តានុពលសម្រាប់ឧស្សាហកម្ម និងដឹកជញ្ជូន។ លោកបន្តថា ផ្លូវជាតិលេខ៣ នឹងជំនួសឲ្យផ្លូវជាតិលេខ៤ សម្រាប់ដឹកជញ្ជូនទំនិញ ទៅកាន់កំពង់ផែទឹកជ្រៅ នៅពេលដែលផ្លូវនេះសាងសង់ចប់ជាស្ថាពរ។ វានឹងមានរោងចក្រ ឃ្លាំងទំនិញទៅសាងសង់នៅតាមបណ្តោយផ្លូវជាតិលេខ៣នេះ។
លោក សៀបថា៖«បើសិនជាយើងមើលពីការអភិវឌ្ឍនៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា រាល់រោងចក្រសហគ្រាស ឧស្សាហកម្មថ្មីៗទាំងអស់ត្រូវចាប់សាងសង់នៅលើផ្លូវក្រវាត់ក្រុងទី ៣»។
លោកបន្តថាជាធម្មតា តម្លៃដី សម្រាប់រោងចក្រ ឧស្សាហកម្មនៅកម្ពុជា គឺនៅទាបនៅឡើយ បើប្រៀបធៀបទៅនឹងគម្រោងលំនៅដ្ឋានប៉ុន្តែនៅពេលមានរោងចក្រ សហគ្រាសកើតឡើងច្រើន គម្រោងលំនៅដ្ឋាននឹងចូលទៅកាន់ទីនោះដែរ ដើម្បីបម្រើដល់តម្រូវការ ទៅវិញទៅមករបស់គម្រោងវិនិយោគ។ បើប្រៀបធៀបតំបន់ផ្សេងៗក្រៅពីផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ ៣ ក៏មានរោងចក្រច្រើនផងដែរ។
ផ្លូវជាតិលេខ៣ គឺជាផ្លូវល្បឿនលឿនមួយយ៉ាងសំខាន់នៅកម្ពុជា ជាមួយនឹងប្រវែង ២០២ គីឡូម៉ែត្រ វាតភ្ចាប់ទីក្រុងភ្នំពេញទៅកាន់ស្រុកវាលរិញ។ ផ្លូវជាតិលេខ៣ កំពុងត្រូវបានជួសជុល ប្រមាណ២០គីឡូ ម៉ែត្រដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តកំពតចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែធ្នូ ឆ្នាំ ២០១៩ និងទិវាជិះកង់អន្តរជាតិពីខេត្តកោះកុង មកខេត្តកែប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករាឆ្នាំ ២០២០។
សម្រាប់ប្រជាជនសាមញ្ញដូចជាលោក អាន ច័ន្ទថ្លា ដែលបានឃើញដីធ្លីរបស់លោកមានការកើនឡើង តម្លៃក្នុងរយៈពេលខ្លីបែបនេះ លោកមានសុទិដ្ឋិនិយមថា រាល់ការអភិវឌ្ឍន៍តាមបណ្តោយផ្លូវធំៗរបស់ ប្រទេសកម្ពុជានឹងផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
លោកបាននិយាយថា៖«យើងអាចគេងលក់ស្រួលនៅពេលយប់ ហើយលែងសូវបារម្ភពីភាពស្មុគ្រស្មាញ ក្នុងការងាររបស់យើងទៀតហើយ»។លោកបន្តថា៖«យើងឃើញភាពវិជ្ជមានសម្រាប់អនាគតយើងទៅមុខ ពីព្រោះដីរបស់យើងផ្តល់ក្តីសង្ឃឹមដល់យើង»៕
ស្វែងរកអចលនទ្រព្យតាមបណ្តោយផ្លូវជាតិលេខ ៣ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
អត្ថបទដោយ
Comments