+85561 777 090
Logo
ផ្លូវជាតិលេខ៣១ និងលេខ៣៣ ត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ
Updated on: December 15, 2022, 8:23 a.m.
Published on: December 15, 2022, 8:23 a.m.

ផ្លូវជាតិលេខ៣១ និងលេខ៣៣ ត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ


ខេត្តកំពត ៖ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសម្រាប់រៀបចំពិធី​បើកការដ្ឋាន​លើគម្រោង​ធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ៣១ និងលេខ៣៣ ព្រមទាំង ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខា​ធិការ​ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង (PMU) ផ្លូវជាតិលេខ៣៣ បានអញ្ជើញ​ចុះ​ពិនិត្យ​​ស្ថានភាពផ្លូវជាតិទាំងពីរខ្សែដឹកនាំដោយ ឯកឧត្តម យូ ស៊ុនឡុង និងឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី និងជា នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ត្រៀម​រៀបចំបើក​ការ​ដ្ឋាន​សាងសង់ជាផ្លូវការ ។ ការអញ្ជើញចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសទីតាំង បែងចែកការទទួលខុសត្រូវការងារ ក្នុងការត្រៀម​ប្រារព្ធ​ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល​គ្រោង​​នឹងប្រារព្ធនាពេលឆាប់ៗខាងមុខនេះ ។

បន្ទាប់ពីចុះពិនិត្យលើទីតាំងនីមួយៗរួចមក ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូទាំងពីរ បានជ្រើសរើយក​ទីតាំង​សម្រាប់​រៀប​ចំពិធី​បើកការ​ដ្ឋាន នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងបានបន្តដឹកនាំកិច្ចប្រជុំពិភាក្សា​បែងចែក​តួនាទី និងភារកិច្ចមុនថ្ងៃចាប់ផ្តើម និងថ្ងៃប្រារព្ធពិធីនៅក្នុងកិច្ចប្រជុំ ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទាំងពីររូប បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធដែលបានចូលរួម និង​មាន​​ប្រសាសន៍បញ្ជាក់លើកឡើងពីជំហរក្នុងការអនុវត្តការងារ​សូមធ្វើឱ្យមាន​ប្រសិទ្ធភាព​ប្រកប​ដោយកា​រ​ទទួល​ខុស​ត្រូវ​ដើម្បីញ៉ាំងឱ្យពិធីបើកការដ្ឋាននាឱកាសនោះអាចប្រព្រឹត្តិទៅដោយរលូន ៕

Comments