+85561 777 090
Logo
ទីតាំងភូមិសាស្រ្តនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤ដែលមានប្រវែង១៩៥ គីឡូម៉ែត្រ
Updated on: May 15, 2022, 9:07 p.m.
Published on: October 20, 2020, 6:58 a.m.

ទីតាំងភូមិសាស្រ្តនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤ដែលមានប្រវែង១៩៥ គីឡូម៉ែត្រ


ក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់
ភ្នំពេញ៖ ថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្ដម លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និង តម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង មន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥​រាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិនផងដែរ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណង ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ យន្តការការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អំពីផលប៉ះពាល់លើ​អនុវត្តគម្រោងនេះ និងដើម្បីប្រមូលធាតុចូលបន្ថែមឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្ដរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖
ផ្លូវខ្សែក្រវាត់ក្រុងទី៤ ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ពេលនេះ​ក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ផ្លូវក្រវាត់ក្រុងទី៤​នេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់​ខេត្តកំពង់ស្ពីចំនួន​៣ស្រុក ខេត្តតាកែវចំនួន​១ស្រុក ខេត្តកណ្តាល​៨ស្រុក និងខេត្តព្រៃវែង​២ស្រុក។
ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តទៀតថា៖ ផ្លូវក្រវាត់ក្រុងទី៤ជាផ្លូវមួយមានសារៈសំខាន់ ក្នុងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត។

ឯកឧត្តមរដ្ឋលេខាធិកា ក៏បានគូសបញ្ជាក់ផងដែរថា៖ ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ​តាមដងផ្លូវខុសច្បាប់​ ឬការទន្ទ្រាន យកដីចំណីផ្លូវយកមកគ្រប់គ្រងធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យ​កកស្ទះ​ដល់ហេដ្ឋា​រចនាសម្ព័ន្ធ​​ប្រព័ន្ធលូបង្ហូរទឹក​ ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុង​បានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង។
ចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឲ្យក្រសួង ក៏ដូចជា​មន្ទីរជំនាញពាក់ព័ន្ធ លើកសំណើទៅរដ្ឋបាលខេត្ត សិក្សាទីតាំងចាក់សំរាម ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងការទន្ទ្រានយកដីចំណីផ្លូវ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពការទន្ទ្រានយកដីចំណីផ្លូវ ការចាក់ដីលុបរំលោភលើដីចំណីផ្លូវ ដែលធ្វើឲ្យផ្លូវបាត់បង់សោភ័ណភាព នឹងបណ្ដាលឲ្យផ្លូវឆាប់ខូចមុនពេលកំណត់៕

ប្រភព៖ https://www.facebook.com/mpwt.gov.kh/posts/1548123282038673

 

Comments