+85561 777 090
Logo

Editorial content

ផ្លូវ​សេដ្ឋកិច្ចជាតិ​ដែល​ចាយ​លុយ​ជិត​130​លាន​ដុល្លារ​សាងសង​បាន​37%​ហើយ
Updated on: July 19, 2022, 12:13 p.m.
Published on: June 21, 2022, 4:49 a.m.
Realestate News

ផ្លូវ​សេដ្ឋកិច្ចជាតិ​ដែល​ចាយ​លុយ​ជិត​130​លាន​ដុល្លារ​សាងសង​បាន​37%​ហើយ


ខេត្ត​ត្បូងឃ្មុំ ៖ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧១C ដែល​មាន​ប្រវែង​សរុប​១១៤,៦២​គីឡូម៉ែត្រ ចាប់ផ្តើម​ពី​គីឡូម៉ែត្រ​លេខ​១៥៤+៧០០​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់ នៅ​គីឡូម៉ែត្រ​លេខ​៣០+៤០០​ផ្លូវជាតិ​លេខ​៧១ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម សាងសង់​បាន​៣៧%​ហើយ ។ នេះ​បើ​យោង​តាម​ការ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​តាមដាន​វឌ្ឍនភាព​ការងារ ក្រោយ​អធិបតីភាព​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ នា​ពេល​កន្លង​ទៅ​នេះ ។

ការ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស តាមដាន​វឌ្ឍនភាព​ការងារ​សាងសង់ និង​ពិនិត្យ​ថា​តើ​ក្រុមហ៊ុន​សាងសង់​កំពុង​អនុវត្ត​ការងារ​នីមួយ​ៗ​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក ឬ​កិច្ចសន្យា​ដែរ​ឬទេ ដើម្បី​ធានា​គុណភាព​ផ្លូវថ្នល់​រឹង​មាំ និង​ប្រើប្រាស់​ជាប់​បាន​យូ​អង្វែង ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នា​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​លក្ខណៈ បច្ចេកទេស​នៃ​ការ​សាងសង់​ផ្លូវ​នេះ​ដែល​ក្នុង​នោះ​រួម​មាន​៖ ការ​សិក្សា​លម្អិត​លើ​ស្ថានភាព​ភូមិសាស្ត្រ កា​រលើ​កម្ពស់​តួ​ផ្លូវ​ឱ្យ​ផុត​ពី​ទឹក​នៅ​រដូវវស្សា​ពេល​មាន​ទឹកជំនន់​ធំ ការ​សាងសង់​ស្ពាន​បើកមុខ​ទឹក​ប្រវែង​៤០០ ម៉ែត្រ​ការពារ​ទឹក​ហូរ​បុក​ដាច់​ផ្លូវ និង​គ្រឹះ​ផ្លូវ នៅ​ទីប្រជុំជន​មានការ​ជីក​ប្រឡាយ​ទឹក និង​ដាក់​លូ​បង្ហូរទឹក ដើម្បី​ជា​មូលដ្ឋាន​ជាក់ស្ដែង​ក្នុង​ការ​ធានា​ឱ្យ​គុណភាព​ផ្លូវ​មាន​ភាពរឹងមាំ អាច​ប្រើប្រាស់​បាន​យូរអង្វែង ។

បន្ថែម​ពីលើ​នេះ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ឱ្យ​ក្រុម​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​យកចិត្តទុកដាក់​សាងសង់​ដោយ​ឈរ​លើ​គោលការណ៍​គុណភាព​ជា​ចម្បង និង​ត្រូវ​ស្រោច​ទឹក​ឱ្យ​បានជា​ប្រចាំ ដើម្បី​កុំឱ្យ​រំខាន និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ធ្វើ​ដំណើរ និង​បង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​នោះ​។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ផ្លូវជាតិ​លេខ​៧១C នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា​ដែល​អាច​ជួយ​សម្រួល​ដល់​កា​រត​ភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម និង​ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង ។

តាម​គម្រោងការ​សាងសង់​ផ្លូវជាតិ​លេខ​៧១C នេះ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៤២​ខែ គ្រោង បញ្ចប់​ការ​សាងសង់​នៅ​ខែតុលា ឆ្នាំ​២០២៤ សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) និង​ត្រួត ពិនិត្យ​បច្ចេកទេស​ដោយ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វា​ង​ចូ​វ​វ៉ា​ន អាន គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១២៩,៩៨​លាន ដុល្លារ​អា​មេ​រិ​ក ៕

Comments