+85561 777 090
Logo
ប្រជាពលរដ្ឋ​ជិត​៧០០​គ្រួសារ​នៅ​តំបន់​អង្គរ​នឹង​ត្រូវ​ចាប់ឆ្នោត​យក​ដី​ឡូត៍​នៅ​តំបន់​ថ្មី
Updated on: August 24, 2022, 7:17 a.m.
Published on: August 24, 2022, 7:17 a.m.

ប្រជាពលរដ្ឋ​ជិត​៧០០​គ្រួសារ​នៅ​តំបន់​អង្គរ​នឹង​ត្រូវ​ចាប់ឆ្នោត​យក​ដី​ឡូត៍​នៅ​តំបន់​ថ្មី


ក្រសួង​រៀបចំ​ដែនដី​បាន​បញ្ជូន​ក្រុមបច្ចេកទេស និង​មន្ត្រី​ជំនាញ​ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​អ្នកកាន់កាប់​សំណង់​ខុសច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ (​បរិ​វេន​ស្រះស្រង់ មុខ​ប្រាសាទបន្ទាយក្តី​) ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​រៀបចំ​ការ​ចាប់ឆ្នោត​ទទួល​ដី​ឡូ​តិ៍​ទៅ​រស់នៅ​តំបន់​ថ្មី សម្រាប់​ពលរដ្ឋ​សង់​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២២ នៅ​រដ្ឋបាល​ខេត្តសៀមរាប​។

សេចក្ដី​ប្រកាស​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ដែនដី នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២២ នេះ​បានឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២៣ ខែសីហា សកម្មភាព​វាស់វែង​កំណត់​និយាម​កា​ក្បាលដី និង​កំណត់​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ មាន​ចំនួន ២០០៣១ ក្បាលដី ក្នុង​នោះ​ក្បាលដី​មាន​សំណង់ ១២៣១៥​ក្បាល ក្បាលដី​គ្មាន​សំណង់​ចំនួន ៦៧៣៧ ក្បាលដី ក្នុង​ទំហំ​សរុប ៤០១១៨ ហិ​កតា ។

ក្នុង​នោះ​បាន​បំពេញ​សម្រង់​ព័ត៌មាន​របស់​អ្នក​សាងសង់ និង​កាន់កាប់​ដី​ចំនួន ១៧ ៣២២​គ្រួសារ​។ ពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​រុះរើ​តូប​លក់ដូរ​ចំនួន ៤៤​តូប ក្នុង​នោះ ៣៤​តូប ដែល​ភាគច្រើន​លក់​វត្ថុ​អនុស្សាវរីយ៍ នៅ​លើ​ខឿន​ជុំវិញ​ស្រះស្រង់ និង​១០​តូប ស្មើនឹង ៧៩​ខ្ចុះ នៅ​ភូមិ​កស្សិណ​ត្បូង និង​ភូមិ​វាល សង្កាត់​គោក​ចក​ ។

សេចក្តី​ប្រកាស​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​តាំងទី​លំនៅ​ខុសច្បាប់​សរុប ៦៨៩ គ្រួសារ ដោយ​បាន​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ។ ពលរដ្ឋ​ជិត​៧០០​គ្រួសារ​នេះ ក្នុង​នោះ​នៅ​ភូមិ​២៣៤​គ្រួសារ​នៅ​ភូមិ​ទក្សិណ​ត្បូង និង​៤៥៥​គ្រួសារ នៅ​ភូមិ​ត្រពាំង​សេះ ដោយ​ពួក​គេ​ត្រូវ​ចូលរួម​ចាប់ឆ្នោត​ទទួលយក​ដី​ឡូ​តិ៍​នៅ​ថ្ងៃ​ទី​២៥ ខែសីហា វេលា​ម៉ោង ៨ និង​៣០​នាទី នៅ​រដ្ឋបាល​ខេត្តសៀមរាប ៕

Comments