(យន្តហោះនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ)
លើកឡើងនៅក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី៨ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ២០១៩ កាលពីព្រឹក ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានបញ្ជាក់ថាគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ភាគខាងត្បូងរាជធានីភ្នំពេញបានកំពុងដំណើរការសាងសង់ហើយ។
បើតាមការអះអាងការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ គ្រោងនឹងចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១,៥០០ លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ពោលគឺនៅត្រឹមឆ្នាំ២០២៣។
តាមផែនការដែលបានគ្រោងទុក ព្រលានថ្មីនេះគ្រោងនឹងសាងសង់លើផ្ទៃដីជាង ២,៦០០ ហិចតា។
បើតាមប្រសាសន៍របស់ ឧកញ៉ា ពុង ឃាវសែ លោកបានបញ្ជាក់ថា ទីតាំងសាងសង់ព្រលានយន្តហោះថ្មីគឺស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងមួយផ្នែកទៀតអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។
តម្លៃដីបន្តកើនឡើងដែរឬទេ?
ភ្លាមៗបន្ទាប់ការប្រកាសពីទីតាំងព្រលានយន្តហោះថ្មីនេះ តម្លៃដីនៅក្នុងតំបន់នោះបានហក់ឡើងយ៉ាងខ្លាំង ដោយសារតែទាំងវិនិយោគិន និងអ្នកក្នុងស្រុកបានសំរុកនាំគ្នាទិញដី។ ប៉ុន្តែប្រតិបត្តិការទិញលក់ហាក់បានស្ងប់ស្ងាត់ទៅវិញក្នុងមួយរយៈពេលចុងក្រោយនេះ។ ទោះយ៉ាងណា អ្នកជំនាញអចលនទ្រព្យនៅតែមើលឃើញថា តម្លៃដីនៅជុំវិញទីតាំងព្រលានថ្មីនេះនឹងនៅតែបន្តកើន ឡើង។
លោក បា៉ន់ ដារ៉ា ជាប្រធានគ្រង់គ្រងទូទៅរបស់ក្រុមហ៊ុនអចលនទ្រព្យ BZ Properties បានប្រាប់ Realestatate.com.kh ថាតម្លៃដីនៅជុំវិញទីតាំងព្រលានថ្មីនេះបានកើនបន្តកើនឡើងគួរឲ្យកត់តសម្គាល់។ ជាក់ស្តែងរហូតមកដល់ពេលនេះ តំបន់មួយចំនួនតម្លៃដីបានហក់ឡើងខ្ពស់ខ្លាំង តួរយ៉ាងដូចជានៅតាមបណ្តោយផ្លូវជាតិលេខ ២។
លោកបញ្ជាក់ថា ដីនៅតាមផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលគួរស្រូវ ដល់តំបន់ឃុំបឹងខ្យាងមានតម្លៃ ៣០០ ទៅ ៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចាប់ពីបឹងខ្យាងទៅដល់ស្រុកបាទី ដីមានតម្លៃ ១០០ ទៅ ២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីក្រោម ១ ហិចតា និងតម្លៃជាង ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីចាប់ពី ១០ ហិចតាឡើងទៅ។
លោក ដារ៉ា ជឿជាក់ថាតម្លៃនឹងនៅតែបន្តកើនឡើងថែម ទៀតនៅពេលហេដ្ឋាចនាសម័្ពន្ធធំៗត្រូវបានតភ្ជាប់ ដូចជាផ្លូវក្រវ៉ាតក្រុងទី ៣ និងផ្លូវសំខាន់ៗដែលត្រូវតភ្ជាប់ទៅកាន់ព្រលានថ្មីនេះ។
សម្រាប់ការទិញទុកវិនិយោគ ឬទិញទុកចំណេញ លោក ដារ៉ា បានណែនាំថា វិនិយោគិនគួរងាកទៅទិញនៅប៉ែកខាងកើតគម្រោងព្រលានក្នុងស្រុកស្អាង ដោយសារដីនៅទីនេះនៅមានតម្លៃទាបចាប់ពី ២៥ ទៅ ៣៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
Comments