កំពត់ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលមួយរបស់កម្ពុជា។ ជាមួយនឹងលក្ខណៈធម្មជាតិ និងលក្ខណៈពិសេសដោយឡែកនៃតំបន់ ខេត្តបានក្លាយទីតាំងដ៏លេចធ្លោមួយ សម្រាប់ការវិនិយោគធំៗ។ បច្ចុប្បន្ននេះវិនិយោគិនធំៗ ទាំងវិស័យអចលនទ្រព្យ និងទេសចរណ៍ កំពុងសំឡឹងមើលពីឱកាសវិនិយោគ ដែលមានទាំងរមណីដ្ឋាន លំនៅដ្ឋាន បុរី សណ្ឋាគារ និងមជ្ឍមណ្ឌលពាណិជ្ជកម្ម។
អ្នកជំនាញធ្លាប់បានអះអាងថាដីនៅជុំវិញក្រុងកំពតក្នុងរង្វង់ ៣០ គីឡូម៉ែត្រត្រូវបានគេមើលឃើញថា មានសក្តានុពលសម្រាប់ការវិនិយោគផ្សេងៗគ្នាទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំងនីមួយៗ។
គម្រោងរមណីយដ្ឋានទេចរណ៍ដ៏ធំមួយត្រូវបានចាប់ផ្តើមអភិវឌ្ឍនៅក្នុងស្រុកឈូកខេត្តកំពត ដែលមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពីរង្វង់មូលធូរេនក្រុងកំពត។
លោក Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុន Chamreun Sambath Construction Co. , Ltd បានប្រាប់កាសែតខ្មែរថាមស៍ក្នុងពេលថ្មីៗថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមអភិវឌ្ឍដីនៅក្នុង ខេត្តកំពត ដើម្បីបង្កើតជារមណ៏ដ្ឋានធម្មជាតិដ៏ធំមួយឈ្មោះថា KC Advancture Resort។
គម្រោងនេះបានចាប់ផ្តើមសាងសង់រយៈពេល ៦ ខែហើយ ហើយគម្រោងទាំងមូលគ្រោងនឹងចំណាយ ទឹកប្រាក់ប្រមាណ ២០ លានដុល្លារ។ ដោយត្រូវសាងសង់ជាដំណាក់កាល ក្នុងនោះដំណាក់កាលទី ១ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ នេះបើតាមការអះអាងរបស់លោក Alexander។
លោកថាទីតាំងគម្រោងមានលក្ខណៈពិសេសណាស់ ដោយមានភ្នំ ទន្លេ និងព្រៃដែលហូរកាត់ចំគម្រោង ដែលបានធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់គម្រោងបែបនេះ។
រមណីយដ្ឋាន KC Advancture Resort នឹងមានកសិដ្ឋានផ្លែឈើ ផ្ទះវីឡា កន្លែងចុះចតឧទ្ធម្ភាគចក្រ ក្លឹបកំសាន្ត កន្លែងហែលទឹក កន្លែងបោះជំរុំ ភោជនីយដ្ឋាន កសិដ្ឋានចិញ្ចឹមគោក្របី រថយន្តខ្សែកាប សួនផ្កា ទីលានបាល់ទាត់ កន្លែងលេងកូនហ្គោល ឧទ្យានដាយណូស័រ កសិដ្ឋានចិញ្ចឹមត្រី និងកន្លែងកម្សាន្តសេវាកម្មផ្សេងៗទៀត។
តម្លៃដីក្នុងតំបន់ស្រុកឈូក
លោក សុខ គែន ស្ថាបនិកក្រុមហ៊ុន Kamport Property បានប្រាប់ឲ្យដឹងថា ដីនៅក្នុងស្រុកឈូកមិនទាន់មានសន្ទុះកំណើនខ្លាំងនៅឡើយ។ ទោះយ៉ាងណា លោកមើលឃើញថា តំបន់នេះមានសក្តានុពលសម្រាប់ទេចរណ៍ ព្រោះវាត្រូវបានអមដោយភ្នំ មានព្រៃ និងប្រភពទឹក ដែលអំណោយផលដល់ការកម្សាន្តបែបធម្មជាតិ។
តម្លៃដីបានកើនឡើងតិចតួចបើធៀបនឹងឆ្នាំកន្លងទៅ ដីភ្នំត្រូវបានគេលក់ចន្លោះពី ២ ទៅ ៣ ដុល្លារឆ្នាំមុន។ ខណៈបច្ចុប្បន្នបានកើនដល់ ៥ - ៧ ដុល្លារក្នុងម៉ែត្រការ៉េ។ លោក គែន បញ្ជាក់ថា តម្លៃនេះនៅមានអត្រាទាបនៅឡើយ ធៀបទៅនឹងតំបន់សក្តានុពលទេចរណ៍ផ្សេងទៀតនៅក្នុងខេត្ត៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងខេត្តកំពតនៅថ្ងៃនេះ!
Comments