+85561 777 090
Logo
មេដែកឆក់ថ្មី ! តំបន់សេដ្ឋកិច្ចថ្មីមួយតម្លៃជិត១០០លានដុល្លារនឹងរះនៅក្នុងខេត្តមួយនេះ
Updated on: October 31, 2023, 4:09 a.m.
Published on: October 31, 2023, 4:06 a.m.

មេដែកឆក់ថ្មី ! តំបន់សេដ្ឋកិច្ចថ្មីមួយតម្លៃជិត១០០លានដុល្លារនឹងរះនៅក្នុងខេត្តមួយនេះ


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីជួបសំណេះសំណាលរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងកម្មករនិយោជិតនៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ តុលា កន្លងទៅនេះថា ខេត្តកំពង់ចាមទទួលបានការវិនិយោគនៅតំបន់សេដ្ឋកិច្ចថ្មីមួយទៀតដែលមានទំហំផ្ទៃដី៦៨ហិកតា ក្រោមទុនវិនិយោគសរុប៩៦,៤លាន ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា៖ «ថ្មីៗកន្លងទៅនេះ ខេត្តកំពង់ចាមក៏ទទួលបាននូវការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ (Jiangsu) ជាតិលេខ៦ ដែលមានទុនសរុបចំនួន៩៦,៤លានដុល្លារលើផ្ទៃដី៦៨ហិកតាដែលតំបន់សេដ្ឋកិច្ចពិសេសនេះនឹងបង្កើតឱ្យមានការទាក់ទាញរោងចក្រ សហគ្រាសជាច្រើនថែមទៀតមកបង្កើតនៅក្នុងខេត្តកំពង់ចាមដែលនឹងបង្កើតឱកាសការងារ និងផ្ដល់ប្រាក់ចំណូលកាន់តែច្រើនបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងតំបន់ជុំវិញ» ។

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះខេត្តកំពង់ចាមមានរោងចក្រ សហគ្រាសសរុបចំនួន៥១៣ និងមានកម្មករនិយោជិតសរុបចំនួន៤១,០០០នាក់ ដែលផ្តល់ចំណូលជាប្រាក់ឈ្នួលសរុបប្រមាណ១២៥លានដុល្លារក្នុង១ឆ្នាំ ក្នុងនោះគ្រាន់តែវិស័យវាយនភណ្ឌ និងកាត់ដេរមួយមុខ គឺមានរោងចក្ររហូតដល់ទៅ២០រោងចក្រ និងមានកម្មករនិយោជិតប្រមាណជិត៣ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលសរុបប្រមាណ៨០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ៕

Comments