រាជធានីភ្នំពេញ ៖ ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់នៅលើដងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅនេះទើបតែមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ស្ថិតត្រង់ចំណុចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច (លើផ្លូវល្បឿនលឿន) ដែលបណ្ដាលឱ្យរងរបួសមនុស្សចំនួន០៦នាក់(ស្រី២នាក់) ដោយមានអ្នករបួសធ្ងន់៣នាក់ (ស្រី១) ពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងហាមមិនអនុញ្ញាតឱ្យធ្វើចរាចរយានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ។
យោងតាមប្រភពសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បាន និងកំពុងដំណើរការសាងសង់មិនទាន់បញ្ចប់ទាំងស្រុងទេ ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ ។
សេចក្តីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងបន្តថា បច្ចុប្បន្នការធ្វើចរាចរយានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់ ។ ដើម្បីចៀសវាងការរំខានដល់ដំណើរការធ្វើដំណើរ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូលដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿនក្រៅពីយានយន្តដែលបម្រើការងារឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូនចាប់ពីពេលជូនដំណឹងនេះតទៅ ៕
Comments