អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងអ្នកជាប់ពន្ធទាំងអស់ដោយពេលថ្មីៗកន្លងទៅនេះមានមនុស្សមួយក្រុមដែលក្នុងនោះបានប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងគណនីក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលមានឈ្មោះថា Thyrith Sochantha, Thirith Kong, ហម ផល្គុន និង Princess Small បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួនដោយមានសកម្មភាពដូចជា ៖ ស្លៀកពាក់ឯកសណ្ឋានដែលមានទម្រង់ជាមន្ត្រីរាជការពន្ធដារ, បង្ហោះរូបភាពក្នុងឯកសណ្ឋាន ឬមានពាក់កាតសម្គាល់អង្គភាពនៅមុខរដ្ឋបាលខេត្តមួយចំនួន ហើយគណនី Thyrith Sochantha និង Princess Small ក៏បានបង្ហាញក្នុងគណនីរបស់ខ្លួនថា កំពុងបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អគ្គនាយកដ្ឋានពន្ធដារបានធ្វើការជូនដំណឹងដល់សាធារណជនទាំងអស់ និងអ្នកជាប់ពន្ធ មេត្តាជ្រាបថា មនុស្សមួយក្រុមនេះមិនមែនជាមន្ត្រីរាជការពន្ធដារ ឬជាមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពក្រោមឱវាទនៃអគ្គនាយកដ្ឋានពន្ធដារណាមួយឡើយ ។ ករណីនេះគឺជាករណីប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ឯកសណ្ឋានក្នុងគោលដៅទុច្ចរិតណាមួយ ដូចជាការក្លែងបន្លំ ឬឆបោក សាធារណជន ឬអ្នកជាប់ពន្ធតាមរូបភាពណាមួយជាយថាហេតុ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងនូវកិត្តិយសសេចក្តីថ្លៃថ្លូរ និងការបំពេញការងារស្របច្បាប់របស់អគ្គនាយកដ្ឋានពន្ធដារ ។
បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកជូនសាធារណជន និងអ្នកជាប់ពន្ធ សូមចៀសវាងការពាក់ព័ន្ធជាមួយមនុស្សមួយក្រុមនេះ ដើម្បីកុំឱ្យមានការឆបោកក្លែងបន្លំ ឬកេងប្រវ័ញ្ចក្នុងរូបភាពណាមួយជាយថាហេតុ និងសូមលើកទឹកចិត្តដល់សាធារណជន និងអ្នកជាប់ពន្ធដែលទទួលបានព័ត៌មានពីការក្លែងបន្លំខាងលើសូមរាយការណ៍ទៅកាន់អគ្គនាយកដ្ឋានពន្ធដារតាមរយៈលេខទូរស័ព្ទ១២៧៧ ។
ក្នុងនោះផងដែរ អគ្គនាយកដ្ឋានពន្ធដារក៏បានគោរពជូនឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អំពីបណ្តឹងលើករណីប្រើប្រាស់ដោយក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានរបស់មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
យោងតាមមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការក្លែងបន្លំនេះគឺបានធ្វើឱ្យខូចខាតដោយចេតនានូវការពិតដែលសម្តែងចេញជាក់ស្តែងដោយមានកម្មវត្ថុច្បាស់លាស់ និងអាចបណ្តាលឱ្យមានការខាតបង់ដល់ចំណូលពន្ធរដ្ឋយ៉ាងធ្ងន់ធ្ងរតាមរយៈការក្លែងបន្លំនេះ ។ ការក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានរបស់មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារនេះ ជាអំពើល្មើសធ្ងន់ធ្ងរដូចមានចែងក្នុងមាត្រា៦១០, មាត្រា៦១២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ៕
អត្ថបទដោយ
Comments