+85561 777 090
Logo
មន្រ្តី​ធនាគារ​ជាតិ​ក្រើន​រំ​ឭក​ពី​ផល​លំ​បាក​នៃ​ការ​ទទួល​​​កម្ចីទិ​ញ​ផ្ទះ​​ពី​ម្ចាស់​បុរី​ផ្ទាល់
Updated on: June 6, 2022, 5:02 p.m.
Published on: July 30, 2019, 3:31 a.m.

មន្រ្តី​ធនាគារ​ជាតិ​ក្រើន​រំ​ឭក​ពី​ផល​លំ​បាក​នៃ​ការ​ទទួល​​​កម្ចីទិ​ញ​ផ្ទះ​​ពី​ម្ចាស់​បុរី​ផ្ទាល់


Borey New World in Phnom Penh

កំ​ណើន​​ការទទួល​កម្ចី​ដោយ​ផ្ទាល់​ពីម្ចាស់​បុរី ឬ​​​​ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​ ​បានធ្វើ​ឲ្យ​​មន្រ្តីជាន់​ខ្ពស់​ពីធនាគារកណ្តាល​កម្ពុជាបង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​​ ហើយ​​​បាន​ក្រើន​រំ​ឭក​ដល់​អ្ន​កទិញផ្ទះ​ឲ្យ​បង្កើន​ការ​​​ប្រុងប្រយ័ត្ននិងពិចារណាឲ្យ​បាន​ហ្មត់​ចង់​ពី​ អត្រាការប្រាក់​។

ថ្លែងក្នុងឱកាសនៃការធ្វើបទបង្ហាញពី​លទ្ធផលឆមាស​ទី​មួយ​ឆ្នាំ ២០១៩ របស់​ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃសៅរ៍ លោកស្រី ជា សិ​រី អគ្គនាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បានមានប្រសាសន៍ថាវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ហើយ​តម្រូវ​ការ​​ប្រាក់កម្ចីទិញផ្ទះក៏​កំ​ពុង​កើន​ឡើង​។ លោក​ស្រី​បាន​បន្ត​ថា គូស្រករ​​វ័យក្មេងកាន់តែច្រើន តែង​ចង់​បាន​របៀប​នៃ​ការ​រស់​នៅ​ថ្មី​ដោយ​​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​ឱពុកម្តាយ​តាម​រយៈ​ការ​មាន​ផ្ទះ​ដោយ​ខ្លួន​ឯង ដោយ​ការ​ទទួល​កម្ចី។​

តាម​រយៈ​និន្នា​ការ​នេះ លោក​ស្រី សិរី ​បានជំរុញឱ្យអ្នកទិញអចលនទ្រព្យធ្វើការស្រាវជ្រាវដោយខ្លួនឯងឲ្យ​បាន​លម្អិត​មុនពេលសម្រេច​ចិត្ត​ ដោយ​សារ​ថា​ការ​ទិញ​ផ្ទះ​បង់​រំ​លស់​ពី​ម្ចាស់​បុ​រី ដោយ​ផ្ទាល់​តែង​មាន​​អត្រាការប្រាក់ខ្ពស់ជាងឆ្ងាយ​ធៀ​បនឹង​ការ​ទទួល​កម្ចី​ពី​ធនាគារ​។

គម្រោងតែងតែចង់ឲ្យអ្នកទិញបង់ផ្ទាល់

ដោយមិនបញ្ចេញ​ចំ​ឈ្មោះ លោក​ស្រី​ សិរី បាន​លើក​ឡើង​ថា​មាន​ក្រុមហ៊ុនអភិវឌ្ឍន៍​ខ្លះមាន​ចេត​នា​អូស​បន្លាយ​ពេល​អ្នក​ទិញ​ផ្ទះឲ្យ​បង់​កម្ចី​តាម​ក្រុម​ហ៊ុន​ជៀស​ជាង​តា​ម​ធនាគារ​ ដោយ​អូស​បន្លាយ​ការ​ផ្តល់​ប្លង់​កម្ម​សិទ្ធ។

លោក​ស្រី​ថ្លែង​ថា​៖«​ម្ចាស់គម្រោង​​ខ្លះ គាត់​អត់​ចង់​ចេញ​ប្លង់ហ្នឹង​​ឲ្យ​យើង​ទេ គាត់​អត់​ជួយ​​សម្រួល​យើង​ជា​មួយ​ធនាគារ​ ព្រោះ​គាត់​ចង់​ទុក​យើង​ឲ្យ​ខ្ចី​លុយ​គាត់ ហើយ​ឲ្យ​ការ​ប្រាក់​គាត់»។ 

លោក​ស្រី​បន្ត​ថា​៖​«​មាន​គម្រោង​ខ្លះ​ [អ្នក​ទិញ​] បាន​លុយ​កម្ចី​ពី​ធនាគារ​ ហើយ​យក​ទៅ​ឲ្យ​ម្ចាស់​គម្រោង តែ​ម្ចាស់​គម្រោង​អត់​យក​ភ្លាម​ៗ​ទេ​។ គាត់​ទុក​ឲ្យ​យើង​ចិញ្ចឹម​គាត់​មួយ​ឆ្នាំ ១៨ ភាគរយ​»។

ដោយសារ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា ដូច្នេះ​ធនាគារជាតិនៃកម្ពុជាមិនមាន​ទិន្ន​ន័យ​​ទំ​ហំ​ ប្រាក់កម្ចីទិញផ្ទះដែល​អ្នកទិញ​ ធ្វើ​តាម​ក្រុម​ហ៊ុ​ន​អភិវឌ្ឍន៍អចល​ន​ទ្រព្យ​នោះ​ទេ។

ការ​ទិញ​ផ្ទះ​ដោយ​ការ​បង់​រំ​លស់​ពី​ម្ចាស់​បុរី ឬ ម្ចាស់​គម្រោង​អភិវឌ្ឍន៍​អចល​ន​ទ្រព្យ​ដោយ​ផ្ទាល់​បាន​ចាប់​ផ្តើម​ ក​ក្រើក​ខ្លាំង​នៅ​រយៈ​ពេល​បី​ ទៅ​បួន​ឆ្នាំ​ចុង​ក្រោយ។ ជាទូ​ទៅ ម្ចាស់​បុរី​បាន​អនុ​ញ្ញាត្តិ​ឲ្យ​អ្នក​ទិញ​ផ្ទះ​ ទិញ​ដោយ​មាន​លក្ខខណ្ឌងាយ​ស្រួល ដោយ​​មិន​ចាំ​បាច់​មានប្រាក់​តម្កល់​ដំ​បូង មិន​មាន​ការ​ត្រួត​ពិនិត្យ​ប្រ​វត្តិ​​ឥណ​ទាន ឬមិន​មាន​វាយ​តម្លៃ​ពី​លទ្ធ​ភាព​សង​ត្រ​លប់ ព្រម​ទាំង​អនុ​ញ្ញាត្តិ​ឲ្យ​មាន​ការ​បង់​រំ​លស់​​​រយៈ​ពេល​វែងដល់​ទៅ ២០ ឬ ៣០ ឆ្នាំ​។

ការប្រាក់អាចកើនពីរដង ឬបីដងនៃថ្លៃដើម

ទោះបីប្រាក់កម្ចី ពី​បុរី ឬ ម្ចាស់​គម្រោង​អចលន​ទ្រព្យ​​ទាំងនេះដំបូងមើលទៅគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកទិញក៏ដោយ តែ​​អត្រាការប្រាក់គឺ​​កើនឡើងទ្វេដង ឬបីដងនៃតម្លៃផ្ទះ នៅ​ពេល​ប្រាក់​កម្ចី​ត្រូវ​បាន​សង​ត្រលប់​ទាំង​ស្រុង។

ខុស​គ្នា​ពី​ ម្ចាស់​បុរី ​ធនាគាររបស់ប្រទេសកម្ពុជាជាធម្មតាតម្រូវឱ្យអ្នក​ទិញ​ផ្ទះ​ត្រូវ​​មាន​ប្រាក់​យ៉ាងហោចណាស់ ៣០ ភាគរយនៃ​តម្លៃ​ផ្ទះ​ និងមានការត្រួតពិនិត្យរយៈពេលវែងលើប្រវត្តិឥណទាន និងសមត្ថភាពក្នុងការសង។ តែ​អត្ថ​ប្រ​យោជន៍​គឺ​ អ​ត្រាការប្រាក់សម្រាប់ប្រាក់កម្ចីពី​ធនាគារ​​មានអត្រាចន្លោះ​ពី​ ៧ ទៅ ១២ ភាគរយក្នុង​មួយ​ឆ្នាំ​។

យោងតាមទិន្នន័យចុងក្រោយរបស់ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ប្រាក់កម្ចី​ទិញ​ផ្ទះ​នៅ​កម្ពុជា​បាន​កើន​ដល់​ចំនួន ៣.២ ពាន់លានដុល្លារគិត​ត្រឹម​ដំ​ណាច់​ខែ​​មីនាឆ្នាំ​នេះ គឺ​ការកើនឡើង ៣៤ ភាគរយធៀបនឹងដំ​ណាច់​ខែ​មិនា​ឆ្នាំ​មុន។

លោកអឿសុធារ័ត្ន នាយកប្រតិបត្តិ ស៊ី​ប៊ី​ស៊ី​ បានប្រាប់ Realestate.com.kh ថា «​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​​ដោយស្ថាប័នហិរញ្ញវត្ថុកំ​ពុង​ដំណើរ​ការ​យ៉ាង​ល្អ​នៅក្នុងទីផ្សារប្រទេសកម្ពុជា​»។លោក​បន្ត​ថា​៖​«​​​និន្នាការនេះកំពុងកើនឡើងក្នុងល្បឿនដូចឆ្នាំមុនហើយស្របនឹងកំណើនវិ​ស័យ​អចល​ន​ទ្រព្យ​ទូទៅ»។

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ! 

Comments