ក្រុមប្រជាពលរដ្ឋជាច្រើននាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីស្នើសុំអន្តរាគមន៍បញ្ចប់ទំនាស់ដីធ្លីរវាងអ្នកភូមិ និងក្រុមទាហាន ដែលបានកើតឡើងក្នុងសហគមន៍ឧត្តមស្រែខ្ទរ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយប្រជាពលរដ្ឋបានចោទថា ក្រុមទាហានបានទន្ទ្រានយកដីរបស់ពួកគាត់ដែលអាស្រ័យផលធ្វើស្រែចម្ការជាង២០ឆ្នាំមកហើយ ដោយមានទំហំជាង២០០ហិកតា ។
លោក សុខ លី ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលបានប្រមូលផ្តុំគ្នាបានស្នើសុំអន្តរាគមន៍ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយស្វែងរកដំណោះស្រាយស្រាប់ពួកគាត់ផង ព្រោះពួកគាត់ជាប្រជាពលរដ្ឋក្រីក្រតស៊ូលំបាកក្នុងការថែរក្សាដីសហគមន៍នេះសម្រាប់ក្មេងជំនាន់ក្រោយ ។
ជម្លោះដីធ្លីដ៏រាំរ៉ាំនេះបានកើតឡើងជាយូរណាស់មកហើយរវាងអ្នកភូមិចំនួន៧០០គ្រួសារ និងក្រុមទាហាន ។ មិនតែប៉ុណ្ណោះក៏ធ្លាប់បានស្នើទៅកាន់រដ្ឋបាលខេត្តឱ្យជួយដោះស្រាយផងដែរ ប៉ុន្តែមិនមានលទ្ធផលអ្វីសោះឡើយ ។ ហើយក្រុមទាហានក៏បានធ្វើការគំរាមកំហែលមកលើប្រជាពលរដ្ឋ ថែមទាំងរារាំងមិនឱ្យពួកគាត់ចូលព្រៃរកទឹកឃ្មុំថែមទៀត ។ នេះបើតាមការឱ្យដឹងបន្តពីលោក សុខ លី ។
ប្រជាពលរដ្ឋខាងលើក៏បានបញ្ជាក់ផងដែរថា មានតែការអន្តរាគមន៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងក្រសួងតែប៉ុណ្ណោះអាចដោះស្រាយជម្លោះដីធ្លីសហគមន៍នេះបាន ។ តំណាងក្រសួងរៀបចំដែនដី បានទទួលយកញត្តិរបស់យើង ហើយសន្យាថានឹងដោះស្រាយបញ្ហាដីធ្លីនេះ ។ បច្ចុប្បន្នប្រជាពលរដ្ឋមិនហ៊ានចូលដីដែលកំពុងមានជម្លោះនោះទេ ព្រោះតែក្រុមទាហានកំពុងនៅទីនោះ ។ យើងខ្ញុំនឹងរង់ចាំមើលដំណោះស្រាយពីសម្តេចតេជោ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យអនុញ្ញាតឱ្យទាហានកាត់ផ្ទៃដីជាង២៦០ហិកតាពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានប្រជាពលរដ្ឋប្រហែល ៤១ គ្រួសាររស់នៅ និងដាំដុះនៅទីនោះ ៕
Comments