រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ទាក់ទងនឹងកិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះធ្វើឡើងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សារិះរកដំណោះស្រាយធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយអាចទទួលយកបាន និងអាចអនុវត្តដោយរលូននៅពេលអនាគត ប្រកបដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់ ជាពិសេសដើម្បីជំរុញឱ្យគម្រោងការងារនេះអាចសម្រេចបានតាមផែនការដែលបានគ្រោងទុក ។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើចំណុចសំខាន់ៗមួយចំនួនដែលមិនទាន់ទទួលបានការសម្រេចជាផ្លូវការ ជាពិសេសការវិភាគលើការព្យាករណ៍ទំហំចរាចរណ៍ដែលនឹងអាចកើតមាននៅពេលអនាគត ។
សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងក្លាយជាផ្លូវល្បឿនលឿនទីពីរនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។ ផ្លូវល្បឿនលឿនខ្សែទីពីរនេះ នឹងក្លាយជាខ្សែផ្លូវដ៏សំខាន់មួយទៀតសម្រាប់បម្រើឱ្យសកម្មភាពដឹកជញ្ជូន និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាមផងដែរ ៕
Comments