កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយក្នុងការធ្វើការអភិវឌ្ឍទីក្រុង ហើយស្ថិតក្នុងដំណាក់កាលចាំបាច់ក្នុងការផ្លាស់ទៅជាទីក្រុងឆ្លាតវៃ។ នេះបើយោងតាមអ្នកជំនាញដែលបានលើកឡើងក្នុងកិច្ចពិភាក្សាមួយកាលពីថ្ងៃអង្គារ។
កិច្ចពិភាក្សាទាក់ទងនឹង ទីក្រុងវៃឆ្លាត និងអនាគតនៃការអភិវឌ្ឍទីក្រុងត្រូវបានរៀបចំឡើងនៅភ្នំពេញ ដែលជាកិច្ចសហការរៀបចំដោយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ CBRE ក្រុមហ៊ុនប្រឹក្សាវិនិយោគ DFDL និង ក្រុមហ៊ុនផ្នែកសំណង់ Archetype។
លោក Guillaume Massin សហអគ្គនាយកក្រុមហ៊ុន DFDL Cambodia បានលើកឡើងនៅក្នុងកិច្ចពិភាក្សាថាទីក្រុងភ្នំពេញគឺជាទីក្រុងដែលមានការអភិវឌ្ឍលឿនរហ័ស និងត្រូវបានផ្លាស់ប្តូរជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើកមួយ។
លោកលើកឡើងថា៖ «កាលពី១០ ឆ្នាំមុន យើងស្ទើរតែមិនដែលស្រមៃផងថា សំណង់ផ្សារទំនើបធំៗ និងអគាខ្ពស់ៗនឹងលេចរូបរាងដូចពេលនេះ»។ លោកបន្តថា ការអភិវឌ្ឍគម្រោងថ្មី និងការសាងសង់អាកាសយាន្ដដ្ឋានអន្តរជាតិថ្មីជាដើម សុទ្ធសឹងធ្វើតាមគោលគំនិតទីក្រុងឆ្លាតវៃ។
លោកបញ្ជាក់ថា៖«វានឹងមានគម្រោងច្រើនទៀតចូលមក ប៉ុន្តែកម្ពុជាត្រូវតែខិតខំដើម្បីធ្វើឲ្យប្រដំប្រសងនឹងប្រទេសផ្សេង។ ខ្ញុំគិតថា កម្ពុជាមានភាពប្រកួតប្រជែងទាក់ទងនឹងការរៀបចំទីក្រុង»។
តើអ្វីទៅជាទីក្រុងឆ្លាតវៃ?
ទីក្រុងឆ្លាតវៃ គឺជាការអភិវឌ្ឍទីក្រុងដែលប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកត់សម្គាល់ពីបញ្ហាដូចជា កង្វះខាតផ្ទះ ការស្ទះចរាចរណ៍ និង ការប៉ះពាល់បរិស្ថាន។
ទីក្រុងភ្នំពេញ បាត់ដំបង និង សៀមរាម ត្រូវបានជ្រើសរើសជាទីក្រុងសម្រាប់បណ្តាញទីក្រុងឆ្លាតវៃអាស៊ាន។ ទីក្រុងទាំងបីនេះបានទទួលជំនួញពីរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍគម្រោងរៀបចំទីក្រុង។
ក្រៅពីគម្រោងថ្នាក់ជាតិ គម្រោងអភិវឌ្ឍន៍ឯកជនមួយចំនួនក៏កំពុងតម្រង់ទិសការអភិវឌ្ឍស្របតាមគោលការណ៍បណ្តាញទីក្រុងឆ្លាតវៃអាស៊ានដែរ។ ទីក្រុងទាំងនោះមានដូចជា៖ ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន អូស៊ីអាយស៊ី និង ទីក្រុងរណប អ៊ីង ស៊ីធី ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន អ៊ីង គ្រុប។
លោក សេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅក្នុងកិច្ចពិភាក្សាថា ការលើកតម្លើនគុណតម្លៃ ទីក្រុងវៃឆ្លាតគឺជាការល្អ ប៉ុន្តែ វាមានបញ្ហាច្រើនណាស់ដែលត្រូវប្រឈម។
ក្នុងចំណោមបញ្ហាប្រឈមធំៗ លោក វណ្ណៈ លើកឡើងថាការលើកកម្ពស់ចំណេះដឹងក្នុងចំណោមប្រជាជនកម្ពុជា និងជួយឲ្យពួកគេយល់ពីការផ្លាត់ប្តូរ និងរបៀបនៃរស់នៅក្នុងទីក្រុងវៃឆ្លាតគឺជាបញ្ហាប្រឈមចម្បង។
លោកថ្លែងថា៖«បញ្ហាប្រឈមចម្បងជាងគេគឺធ្វើម៉េចជួយប្រជាជនឲ្យបានយល់ពីអ្វីដែលពួកគេត្រូវចូលរួមសហការនៅក្នុងទីក្រុង និងថាតើពួកគេត្រូវធ្វើដូចម្តេចដើម្បីក្លាយជាចំណែកមួយនៃការអភិវឌ្ឍនោះ»។
ស្វែងរកខុនដូសម្រាប់លក់នៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
Comments