+85561 777 090
Logo
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាចនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២
Updated on: June 7, 2022, 4:13 a.m.
Published on: December 9, 2019, 6:27 a.m.

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាចនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២


អត្ថបទព័ត៌មានផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ(ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រូបភាពពីទំព័រហ្វេកបុកផ្លូវការក្រសួងសាធារណការ និងដឹកជញ្ជូន)

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅខែធ្នូ ឆ្នាំ២០១៩ នេះ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

គិតមកដល់ត្រឹមខែធ្នូ ឆ្នាំ២០១៩នេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានជាង ៧ ភាគរយហើយ​ និង គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ហ្រេសញ៉ូ ។ 

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាខ្សែផ្លូវទី១ និងដំបូងគេបំផុតពុំធ្លាប់មានពីមុនមកនៅ ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ ផ្លូវនេះនឹងក្លាយជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានបន្តទៀតថា ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទីផ្សារអន្តរជាតិតាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅ។ 

ផ្លូវល្បឿនលឿននេះនឹងជួយបង្កភាពងាយស្រួល កាត់បន្ថយការចំណាយ និង សន្សំពេលវេលា សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងធុរកិច្ច និងទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជា ផ្លូវការកាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩កន្លងទៅនេះ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០ គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩ គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០ លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនCambodian PPSHV Expressway Co.,Ltd។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

CREA Ticket

អត្ថបទដោយ

គី កុសល

Comments