+85561 777 090
Logo
ដឹង​ហើយ ! នេះ​ជា​ថ្ងៃ​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ
Updated on: June 5, 2022, 12:06 p.m.
Published on: April 26, 2022, 9:55 a.m.

ដឹង​ហើយ ! នេះ​ជា​ថ្ងៃ​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ


ព្រះ​សីហ​នុ​៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ សម្រេច​វឌ្ឍនភាព​ការងារ​បាន​៩០,៩៥%​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២២ ដោយ​ត្រៀម​នឹង​បញ្ចប់​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង នៅ​ខែកក្កដា ឆ្នាំ​២០២២ ខាង​មុខ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពេលវេលា​សម​ស្រប​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​ការងារ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ជម្រាប​ជូន​ថា បន្ថែម​ពីលើ​នេះ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា ផ្លូវ​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ឱ្យ​ប៉ូ​ល​សេដ្ឋកិច្ច​ភ្នំពេញ និង​ប៉ូ​ល​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​មានការ​រីក​ចម្រើន​លឿន​ជាង​ធម្មតា​ដោយសារ​ការ​ធ្វើ​ដំណើរ​ឆាប់រហ័ស កាត់​បន្ថយ​ចំណាយ កាត់​បន្ថយ​ពេលវេលា និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៤ និង​បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​កំពុង​សិក្សា​ធ្វើ​ផែនការមេ​ដើម្បី​ឱ្យ​ខេត្ត​ព្រះ​សីហ​នុ​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ហើយ​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ចូលរួម​បម្រើ​ផែនការ​មេនេះ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​បន្ថែម​ទៀត ។

សូម​ជម្រាប​ជូន​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែង ១៨៧,០៥​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២២​នេះ ដំណើរការ​នៃ​ការដ្ឋាន​សាងសង់​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​សាងសង់​បញ្ចប់ ហើយ​និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៣ និង​គ្រោង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០២២ ខាង​មុខ​។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់ សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដោយ​ប្រើ​រយៈពេល​សាងសង់​៤៨​ខែ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២០១៩​លាន​ដុល្លារ សហរដ្ឋអាមេរិក មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង ទទឹង​ផ្លូវ​សរុប ២៤,៥ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស​៧​កន្លែង មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ចំនួន​៤​កន្លែង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង ស្ពាន​តូច​ចំនួន​៥​កន្លែង ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ​០៨​គីឡូម៉ែត្រ និង​ខេត្ត​ចំនួន​០៤​បួន​ក្នុង​នោះ ៖ ខេត្តកណ្តាល​ប្រវែង ៩,១ គីឡូម៉ែត្រ​, ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨ គីឡូម៉ែត្រ​, ខេត្តកោះកុង​ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះ​សីហ​នុ​ប្រវែង ៨៩,៨៩​គីឡូម៉ែត្រ ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះ​សីហ​នុ គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​គម្រោង​ផ្លូវ​របៀង​យុទ្ធសាស្ត្រ​សំខាន់​បំផុត​នៅ​កម្ពុជា ជួយ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់​បន្ថយ​តម្លៃ​ភស្តុ​ភារ​កម្ម​ផង​ដែរ ៕

Comments