+85561 777 090
Logo
វឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានជាង ៥០%ហើយ
Updated on: June 6, 2022, 5:00 p.m.
Published on: June 4, 2021, 4:33 a.m.

វឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានជាង ៥០%ហើយ


យោងតាមការបង្ហោះជាសាធារណៈដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះគឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំមួយក្នុងចំនោមគម្រោងជាច្រើនដែលកំពុងស្ថិតក្រោមការយកចិត្តទុកដាក់សាងសង់តាមគ្រោងការដើម បើទោះបីជាប្រទេសកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩មែនក៏ដោយ។

ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើនឹង ១៨៦,៨៦គីឡូម៉ែត្រ ហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ អាចឱ្យយានយន្តគ្រប់ប្រភេទបើកបរក្នុងល្បឿន រហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ គម្រោងនេះមានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វ ២៨ កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧កន្លែង និងស្ពានរំលងផ្លូវ ២០កន្លែង។

សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ៤កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង និងសុទ្ធសឹងបំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ដែលរួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ។

នៅពេលដែលគម្រោងសាងសង់ផ្លូវល្បឿនលឿននេះសម្រេចរួច គេរំពឹងទុកថាផ្លូវនេះអាចសន្សំ ពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ដែលសម្រួលទៅដោយការចំនាយផ្សេងៗ និងបង្កើនល្បឿន សេដ្ឋកិច្ច ក៏ដូចជាសកម្មភាពទេសចរណ៍បានកាន់តែច្រើនជាងមុនផងដែរ៕

Comments