+85561 777 090
Logo
សម្តេច​ប្រតិកម្ម​ចំ​ៗ​ចំពោះ​អ្នក​រកស៊ី​អចលនទ្រព្យ​រឿង​មិន​ឱ្យ​សាងសង់​អគារ​ខ្ពស់​ៗ​នៅ​សៀមរាប
Updated on: May 16, 2022, 11:05 p.m.
Published on: April 4, 2022, 8:27 a.m.

សម្តេច​ប្រតិកម្ម​ចំ​ៗ​ចំពោះ​អ្នក​រកស៊ី​អចលនទ្រព្យ​រឿង​មិន​ឱ្យ​សាងសង់​អគារ​ខ្ពស់​ៗ​នៅ​សៀមរាប


ខេត្តសៀមរាប ៖ នា​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២២ នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​ការ​ប្រតិកម្ម​ជុំវិញ​ការ​លើក​ឡើង​របស់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​ចំនួន ជា​ពិសេស​ឱ្យ​លោក គឹ​ម ហ៊ា​ង អ្នក​រកស៊ី​អចលនទ្រព្យ​ដែល​ធ្លាប់​ថា ឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប​ដែល​មិន​អនុញ្ញាត​ឱ្យ​សាងសង់​សំណង់​អគារ​ខ្ពស់​ៗ​ដែល​ធ្វើ​ឱ្យ​វិស័យ​ដីធ្លី​មិន​អាច​ឡើងថ្លៃ​បាន ត្រូវ​ឈប់​ធ្វើការ​ទិទាន​បន្ត​ទៀត ព្រោះ​ខេត្តសៀមរាប​ជា​ខេត្ត​បេតិកភណ្ឌ​មិន​ដូច​ខេត្ត​ដទៃ​ឡើយ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កុំ​យក​ខេត្តសៀមរាប​ដែល​ជា​ខេត្ត​បេតិកភណ្ឌ​របស់​ប្រទេស​កម្ពុជា​ទៅ​ប្រៀបធៀប​ជាមួយនឹង​ទីផ្សារ​ខេត្ត​ដទៃ ដោយ​ខេត្តសៀមរាប​មិន​អាច​អភិវឌ្ឍន៍​សំណង់​អគារ​ខ្ពស់​ៗ​បាន​ទេ ព្រោះ​មានការ​ហាមឃាត់​ពី​អាជ្ញាធរ និង​អង្គការ​យូ​ណេ​ស្គូ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ប្រតិកម្ម​នឹង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​ចំនួន​ដែល​ចង់ឱ្យ​មានការ​អភិវឌ្ឍ​អគារ​ខ្ពស់​ៗ​នៅ​ក្នុង​ក្រុង​សៀមរាប ដោយ​សម្តេច​បាន​មាន​ប្រសាសន៍​ថា ៖«​ប្រសិនបើ​ធ្វើ​អគារ​ខ្ពស់​ៗ​បែប​នោះ អង្គរវត្ត​នឹង​ត្រូវ​ដក​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ ។ ត្រូវ​មើល​ព្រៃ​ទាំងមូល កុំ​មើល​ឈើ​មួយ​ដើម​» ។

សម្តេច​តេ​ជោ​បាន​ជម្រាប​ទៅ​កាន់​អង្គការ​យូ​ណេ​ស្កូ​ថា ៖«​សូមកុំ​បារម្ភ​ចំពោះ​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ទាំងឡាយ​ចំពោះ​ការ​អភិរក្ស​នៅ​តំបន់​ក្រុង​សៀមរាប គឺ​កម្ពុជា​មិន​កាប់​មេមាន់​ដើម្បី​ឆ្ងាញ់​មួយ​ពេល​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​កម្ពុជា​ត្រូវ​ចិញ្ចឹម​មេមាន់​ឱ្យ​ធំធាត់ ដើម្បី​យក​ពង​យូរអង្វែង​» ។

សម្តេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មិន​ខ្វះ​កន្លែង​រកស៊ី​អចលនទ្រព្យ​ទេ តែ​មិន​ត្រូវ​បំពាន​អង្គរ​ជា​ដាច់ខាត ។ ដោយ​សម្តេច​មិន​ឱ្យ​តម្លៃ​បេតិកភណ្ឌ​អង្គរវត្ត​បាត់បង់ និង​អាច​ឈាន​ដល់​ការ​ដក​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្គូ ហើយ​ធ្លាប់​កើត​នៅ​ប្រទេស​ជឿនលឿន​ខ្លះ​ហើយ​ដែរ ដែល​បំពាន​លក្ខខណ្ឌ​របស់​អង្គការ​យូ​ណេ​ស្គូ ៕

អត្ថបទដោយ

Comments