រាជធានីភ្នំពេញ ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI)។
កម្មវិធីនេះមានការចូលរួមពីឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោក Saravanan Kichenamourty នាយកគ្រប់គ្រងគម្រោង ប្រធាន- អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋាននាវាជំនួញសមុទ្រ ព្រមទាំងសិក្ខាកាមដែលជាតំណាងក្រុមហ៊ុនភ្នាក់ងារនាវាសរុបប្រមាណជាង ៣០រូប។
ថ្លែងក្នុងមតិសំណេះសំណាលជាមួយសិក្ខាកាមនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការបង្កើតប្រព័ន្ធ Port EDI នេះឡើង ដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ក៏ដូចជាដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រព័ន្ធ(Port EDI)នេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយចំណាយថ្លៃដើមនៃការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រឱ្យនៅកម្រិតទាប មានតម្លាភាព គណនេយ្យភាព និងធ្វើឱ្យអតិថិជនចុងក្រោយទទួលបានទំនិញក្នុងតម្លៃថោកសមរម្យ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ដថាចំណូលមួយផ្នែកដែលបានមកពីប្រព័ន្ធ Port EDI នឹងត្រូវបានបម្រុងទុកសម្រាប់ការធានានិរន្តរភាពនៃការប្រើប្រាស់ប្រព័ន្ធ។ ប្រព័ន្ធនេះមានសារៈសំខាន់ក្នុងការជួយកាត់បន្ថយនូវនីតិវិធីបំពេញការងារ និងការធ្វើឯកសារលើក្រដាស ចំណេញពេលវេលា ព្រមទាំងកាត់បន្ថយការចំណាយផងដែរ។
សូមជម្រាបជូនដែរថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចាប់ពីថ្ងៃទី១៦ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២២៕
Comments