+85561 777 090
Logo
អ្វីដែលរងចាំជិតមកដល់ហើយ ! គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជិតបើកការដ្ឋានសាងសង់ហើយ
Updated on: May 15, 2023, 10:07 a.m.
Published on: May 15, 2023, 10:07 a.m.

អ្វីដែលរងចាំជិតមកដល់ហើយ ! គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជិតបើកការដ្ឋានសាងសង់ហើយ


រាជធានីភ្នំពេញ ៖ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញទៅក្រុងបាវិត និងស្ពានតភា្ជប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញ បច្ចេកទេសរបស់ក្រសួងជាច្រើនរូបផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្តីការក្រសួង កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាក្រុមការងារសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននៃគម្រោងខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយ សុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ ។

ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានណែនាំសមាជិកសមាជិកាក្រុមការងារទាំងអស់ឱ្យទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ឱ្យអស់ពីសមត្ថភាព និង លទ្ធភាព សំដៅត្រៀមរៀបចំពិធីប្រកាសបើកការដ្ឋានគម្រោងនេះអាចសម្រេចទៅបានប្រកបដោយ ជោគជ័យតាមការគ្រោងទុក ។

បើតាមប្រភពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតមានចំងាយសរុប១៣៨គីឡូម៉ែត្រ និងធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្ដាក់ទុនប្រមាណ១៦៣៨លានដុល្លារអាមេរិក បើធៀបនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានទំហំតិចជាងតែប្រវែងក៏ខ្លីជាងផ្លូវល្បឿនលឿនទី១ដែរ ។ ផ្លូវនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៦ ឬក៏ដើមឆ្នាំ២០២៧ ដែលគម្រោងផ្លូវនេះដែរនឹងជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញទៅកាន់បាវិត និងបន្តទៅកាន់ប្រទេស​វៀតណាម និងប្រទេសអាស៊ានផ្សេងៗទៀត ៕

Comments