+85561 777 090
Logo
កុំ​ជ្រួលច្របល់ ! សម្តេច​ប្រកាស​ហើយ​ទោះ​កូ​វី​ដ​អូ​មី​ក្រុង​ក៏​មិន​ធ្វើ​រឿង​នេះ​ដូច​កាល​ឆ្នាំ​២០២១
Updated on: June 6, 2022, 8:33 a.m.
Published on: February 23, 2022, 5:06 a.m.

កុំ​ជ្រួលច្របល់ ! សម្តេច​ប្រកាស​ហើយ​ទោះ​កូ​វី​ដ​អូ​មី​ក្រុង​ក៏​មិន​ធ្វើ​រឿង​នេះ​ដូច​កាល​ឆ្នាំ​២០២១


សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព និង​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​សម្តេច​បាន​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ច​ចាម​អារាម​ដែល​ថា នឹង​មានការ​បិទ​រាជធានី​ភ្នំពេញ ឬ​បិទ​ប្រទេស​ជា​ថ្មី​ម្តងទៀត​ក្រោយ​ពី​មាន​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង ដោយ​សម្តេច​បាន​ប្រកាស​ថា មិន​មាន​ភាព​ចាំបាច់​ណា​ដែល​ត្រូវ​បិទ​រាជធានី​ភ្នំពេញ ឬ​បិទ​ប្រទេស​ដូច​កាល​ឆ្នាំ​២០២១​នោះ​ឡើយ ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​សម្តេច​តេ​ជោ​បាន​ណែនាំ​ទៅ​កាន់​ប្រជាពលរដ្ឋ​ទាំង​កុំឱ្យ​មានការ​ស្លន់ស្លោ ឬ​ព្រួយបារម្ភ​ថា រាជរដ្ឋាភិបាល​នឹង​បិទ​ប្រទេស​ជា​ថ្មី​ម្តងទៀត​ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​រត់​ទិញ​ស្បៀងអាហារ ឬ​សម្ភារៈ​ប្រើប្រាស់​ទុក ដែល​វា​ធ្វើ​ឱ្យ​មានការ​ឡើងថ្លៃ​ទំនិញ​ខុស​ប្រក្រតី ។

សម្តេច​តេ​ជោ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​សូម​បញ្ជាក់​អ្នក​ដែល​និយាយ​ខ្សឹបខ្សៀវ​ថា​នឹង​មាន​បិទ​ទីក្រុង បិទ​ប្រទេស​ឡើង​វី​ញ គឺ​មិន​មាន​ទេ​។ ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ដែល​មាន​សិទ្ធិ​អំណាច​ពេញលេញ ក្នុង​ការ​បញ្ជា​បិទ ឬ​បើក គឺ​ខ្ញុំ​មិន​អនុវត្ត​នូវ​វិធានការ​បិទ​ខ្ទប់​នោះ​ទេ សូម​បញ្ជាក់​កុំ​ឱ្យមានការ​ជ្រួលច្របល់​ទៅ​ទិញ​ឥ​វ៉ា​ន់​ទុក​» ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖«ខ្ញុំ​សូម​បញ្ជាក់ ខ្ញុំ​សម្រេចចិត្ដ​បិទ​រាជធានី​ភ្នំពេញ និង​ទីក្រុង​តា​ខ្មៅ​កាលពី​ឆ្នាំទៅ នៅ​ក្នុង​ពេលវេលា​មួយ​ដ៏​លំបាក ដោយសារ​យើង​អត់​ទាន់​ចាក់​វ៉ាក់សាំង​។ ប៉ុន្ដែ​ឥឡូវនេះ យើង​អត់​មាន​តម្រូវការ​ណាមួយ សម្រាប់​ការ​បិទ​ទីក្រុង ឬ​បិទ​គោលដៅ​ទេ​។ ឧទាហរណ៍ កាលពីមុន ផ្សារ​ឆ្លង បួន ដប់​តូប យើង​អោយ​បិទ​ផ្សារ​ទាំងមូល​។ ឥឡូវ​អត់​ទេ អ្នក​ឆ្លង​ទៅ​ព្យាបាល​ទៅ ហើយ​បាញ់ថ្នាំ​សម្លាប់​ទៅ (​សម្លាប់​មេរោគ​) លក់​បន្ដ​ទៅ​ទៀត​។ ឥឡូវ​ទាល់តែ​វិធានការ​បែប​នេះ យើង​អត់​មាន​តម្រូវ​មានការ​ចាំបាច់​ដើម្បី​បិទ​ទេ ។ យើង​បាន​ទទួល​វ៉ាក់សាំង​ហើយ វា​មិន​នាំ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ពេក​ទេ» ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពីដើម​ឆ្នាំ​២០២១កន្លងទៅនេះ រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់​ប្រទេស រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ បន្ទាប់​មានការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩​។ ហើយ​ការ​សម្រេចចិត្ដ​បិទ​កាលនោះ គឺ​ដោយសារ​ពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នៅឡើយ ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​បិទ​ខ្ទប់​តំបន់​តែ​ផ្ទុះ​ខ្លាំង ដើម្បី​កាត់​ផ្ដាច់​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ នេះ​ទៅ​តំបន់​ដទៃ​ផ្សេង​ទៀត ដើម្បី​ការ​សុវត្ថិភាព និង​សុខ​មារ​ភាព​របស់​ប្រ​ជន​ទាំងមូល​ ៕

Comments