យោងតាមកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទីពីរ ដោយមានការចូលរួមពីសំណាក់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត កាលពីថ្ងៃទី ២៦ តុលា នេះ។
ក្រសួងសាធារណការមានគ្រោងអភិវឌ្ឍន៏នៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលធ្វើឱ្យរំខានដល់សង្វាក់ពាណិជ្ជកម្មរបស់ពាណិជ្ជករ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធសិក្សា និងរៀបចំគម្រោងចំនួន ៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែកទន់ និងផ្នែករឹង នៅតាមច្រកទ្វារអន្តរជាតិដទៃទៀត។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាន និងកំពុងធ្វើឱ្យប្រសើរឡើងនូវ ចក្រទ្វារព្រំដែនអន្តរជាតិនានា រួមមាន បាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប។
គួរបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប (កម្ពុជា-វៀតណាម) នៅខេត្តស្វាយរៀងនេះ បានចំណាយថវិកាអស់ប្រមាណ ៦លានដុល្លារអាមេរិក ដើម្បីសាងសង់ ដែលជាកម្ចីធនាគារអភិវឌ្ឍអាស៊ី (ADB) បានបើកឱ្យដំណើរការជា បណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាម កិច្ចប្រជុំមួយ ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា កន្លងទៅនេះ។
ក្នុងកិច្ចប្រជុំដដែលនេះក៏បានពិភាក្សាអំពីគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារនៅភ្នំពេញផងដែរ ដោយមកទល់បច្ចុបន្នសេចក្តីព្រាងកិច្ចព្រមព្រៀងវវាងភាគីខ្មែរ និងសិង្ហបូរីត្រូវបានរៀបចំរួចរាប់ហើយ។ រដ្ឋាភិបាលកម្ពុជា សហការជាមួយភាគីសិង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏ទំនើបមួយកន្លែងនៅរាជធានីភ្នំពេញ (Phnom Penh SuperPort+ ) ដើម្បីពង្រឹងវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ ជាពិសេសថៃ វៀតណាម ឡាវ និងភូមាជាដើម។ ការអភិវឌ្ឍគម្រោងនេះ ស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម។ គម្រោងនេះក៏នឹងជួយលើកកម្ពស់វិស័យដឹកជញ្ជូន បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។
Comments