+85561 777 090
Logo
អ្នកជំនាញ៖ ការ​លក់​អចន​ទ្រព្យ​ដោយ​ផ្តល់​សិទ្ធ​ផ្តាច់​មុខ​ទៅ​ឲ្យ​ភ្នាក់​ងារ​លក់​នឹង​មាន​ការ​ពេញ​និយម​នា​ពេល​ខាង​មុខ
Updated on: June 6, 2022, 5:01 p.m.
Published on: November 15, 2019, 1:29 a.m.

អ្នកជំនាញ៖ ការ​លក់​អចន​ទ្រព្យ​ដោយ​ផ្តល់​សិទ្ធ​ផ្តាច់​មុខ​ទៅ​ឲ្យ​ភ្នាក់​ងារ​លក់​នឹង​មាន​ការ​ពេញ​និយម​នា​ពេល​ខាង​មុខ


លោកគីម ហ៊ាង លោកម៉ឺក ចិន្តា និងលោកខន គង្គារ

ការ​អភិវឌ្ឍន៍​នៅ​​កម្ពុជាកំ​ពុង​មាន​ដំ​ណើរ​ការ​យ៉ា​ង​ល្អ និង​រឹង​មាំ​​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសវិស័យអចលនទ្រព្យ។ អគារថ្មីៗជា​ច្រើន​​បានសាងសង់នៅទូទាំងប្រទេស ហើយ​ថ្មី​ៗ​នេះ​​នៅក្រុងព្រះសីហនុ និងភ្នំពេញ។

ការរីកចម្រើននៃវិ​ស័យ​​អចលនៈទ្រព្យកម្ពុជា​បាននាំឱ្យមាន​ក្រុម​ហ៊ុ​ន​ភ្នាក់ងារអចលនទ្រព្យកាន់តែកើនឡើងនិងមានការប្រកួតប្រជែងខ្លាំងក្នុងចំណោមពួកគេ។ អ្នកជំនាញផ្នែកអចលនទ្រព្យបាន​អះ​អាង​ថា​​អ្នកអភិវឌ្ឍន៍គួរតែពិចារណាផ្តល់ជូននូវកិច្ចព្រមព្រៀងលក់ផ្តាច់មុខដល់ទីភ្នាក់ងារជាក់លាក់មួយដើម្បីទទួលបានលទ្ធផលនៃការលក់ប្រសើរជាងមុន។

បណ្ឌិត គីម ហ៊ាង នាយកប្រតិបត្តិក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានឱ្យដឹងថាការ​មានភ្នាក់ងារមួយដែលតំណាងឱ្យអ្នកអភិវឌ្ឍន៍គឺល្អប្រសើរជាងមានភ្នាក់ងារច្រើនពីព្រោះពួកគេនឹងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ និងលក់គម្រោង។

លោក​​ថ្លែង​ថា​៖​«​​​ខ្ញុំតែងតែលើកឡើងនូវគម្រូអាជីវ​កម្ម​ [ក្នុង​វិស័យ​អចលន​ទ្រព្យ] បើ​គ្មានកិច្ច​ព្រម​ព្រៀង​ផ្តាច់មុខទេ គឺ​គ្មានការ​ព្រមព្រៀង​ឲ្យ​មាន​ការ​ទិញ​លក់។​ យើងចង់ធានាថានៅចុងបញ្ចប់នៃដំណើរការសេវា​ជា​ភ្នាក់​ងារ គឺ​​យើងនឹង​ទទួលបានកម្រៃ​ពីការ​ផ្តល់​សេវា​​របស់យើង»​​។ លោក​បន្ថែម​ថា៖«​ប្រសិនបើយើងមិនមានសិទ្ធិផ្តាច់មុខក្នុងការលក់អចលន​ទ្រព្យ​ទេ យើ​ង​នឹង​​ធ្វើការដើម្បី​ឲ្យ​តែ​ម្ចាស់អលនទ្រព្យ​ប៉ុណ្ណោះ»។​​

ទីភ្នាក់ងារអចលនទ្រព្យកាន់តែច្រើនឡើង​ៗ​នៅកម្ពុជា កំ​ពុង​ទាមទារឱ្យម្ចាស់អចលនទ្រព្យផ្តល់សិទ្ធិផ្តាច់មុខដល់ពួកគេក្នុងការលក់អចលនទ្រព្យណា​មួយ។ ទោះយ៉ាងណាការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យជាច្រើនក្នុងពេលតែមួយនៅតែជាទម្លាប់ធម្មតា និង​ពេញ​និយ​ម​នៅ​ឡើយ​ក្នុងចំណោមអ្នកអភិវឌ្ឍន៍នៅកម្ពុជា។

លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA ដែល​ជា​ក្រុម​ហ៊ុន​ភ្នាក់​ងារ​អចលន​ទ្រព្យ​ ជំ​នាញផ្នែក​ទី​ផ្សារ​ខុន​ដូ បានបញ្ជាក់ថាគិត​មក​ទល់​ពេល​នេះ ក្រុម​ហ៊ុន​អភិវឌ្ឍន៍​នៅ​តែ​ប្រើប្រាស់​ភ្នាក់​ងារ​ច្រើន​នៅ​ឡើយ​ក្នុង​ការ​ធ្វើ​គម្រោង​លក់​អចលន​ទ្រព្យ​របស់​ពួក​គេ។ តែ​លោក​បញ្ជាក់​ថា វា​ជា​និន្នាការថ្មីមួយ​ក្នុង​វិ​ស័យ​អចល​ន​ទ្រព្យ​ និងទី​ផ្សារ​ខុនដូ ដែលក្រុម​ហ៊ុន​ភ្នាក់​ងារ​កំ​ពុង​ត្រូវ​ការ​​​សិទ្ធ​ផ្តាច់មុខ​ក្នុង​ការផ្តល់​សេវា​ក្នុង​ទី​ផ្សារ​អចលនទ្រព្យ។

លោកបានមានប្រសាសន៍ថា៖«នៅថ្ងៃ​ខាង​មុខ​ទៅ ប្រសិនបើអ្នកអភិវឌ្ឍន៍នៅ​តែ​បន្ត​ជ្រើសរើស ​ភ្នាក់ងារច្រើន​ដើម្បី​លក់​គម្រោង​របស់​ពួក​គេ ក្រុម​ហ៊ុន​ភ្នាក់ងារដែល​មាន​បណ្តាញ​ធំ​នឹង​មិន​​ចូលរួមនោះ​ទេ»​។ លោក​បន្ត​ថា​៖​«​​ក្រុម​ហ៊ុន​ភ្នាក់​ងា​រ​ត្រូវ​ ចំណាយប្រាក់សម្រាប់ការផ្សព្វ​ផ្សាយ និង​ការ​ធ្វើ​ទី​ផ្សារ ដូច្នេះប្រសិនបើមានក្រុម​ហ៊ុន​ភ្នាក់ងារ​ច្រើនដើម្បីលក់គម្រោងតែ​មួយ ពួកគេនឹងប្រ​ចាំ​គ្នាក្នុង​​ការចំណាយ​លើការ​ផ្សព្វផ្សាយនិង​ធ្វើ​ទី​ផ្សារ»។

លោកមឹក ចិន្តា លោក ម៉ឹក​ ចិន្តា ស្ថាបនិករបស់ក្រុមហ៊ុន អនឡាញ រៀលអ៊ីស្ទេត បាន​លើក​ឡើង​ថា ការ​ដែល​អចលនទ្រព្យមួយត្រូវបានដាក់លក់ជាមួយភ្នាក់ងារចំនួនពីរ​ បី បួន ឬច្រើនជាងនេះ ហៅថា Open Listing ហើយ​ការដាក់លក់បែបនេះបានផ្តល់ជម្រើសច្រើន​សម្រាប់ម្ចាស់​អចល​ន​ទ្រព្យ។ ប៉ុន្តែ លោក​បញ្ចាក់​ថា ការ​ធ្វើ​បែប​នេះ វាបានធ្វើឲ្យមានការលួចបន្លំ និងភាពមិនស្មោះត្រង់រវាងអ្នកភ្នាក់ងារ និងភ្នាក់ងារ ព្រោះពួកគេត្រូវធ្វើការប្រកួតប្រជែង ដើម្បីទទួលបានកម្រៃជើងសាររៀងៗខ្លួន។   

យោង​តាម​លោក ចិន្តា ការ​ប្រើប្រាស់យុទ្ធសាស្ត្រលក់​ដែល​ក្រុម​ហ៊ុន​ភ្នាក់ងារអចលនទ្រព្យមួយទទួលសិទ្ធលក់ផ្តាច់មុខលើអចលនទ្រព្យណាមួយ ឬគម្រោងណាមួយ (Exclusive Listing) ជា​វិ​ធី​សា​ស្រ្ត​ល្អ អាចជំរុញការសហការគ្នាបានល្អរវាងភ្នាក់ងារ និងភ្នាក់ងារ​ គ្មានការកេងបន្លំផលប្រយោជន៍គ្នាឡើយ។

លោក​ថ្លែង​ថា​៖​«​​បើ​ភ្នាក់ងារមួយមានអតិថិជនចង់ទិញអចលនទ្រព្យ ប៉ុន្តែមិនមានអចលនទ្រព្យ ដូនេះគេអាចផ្តល់អតិថិជននោះទៅឲ្យភ្នាក់ងារដែលមាន​អចលនទ្រព្យ ឬភ្នាក់ងារដែលមានអចលនទ្រព្យអាចបោះទៅឲ្យភ្នាក់ងារផ្សេងទៀតជួយលក់បាន ដោយគ្មានកេង ប្រវ័ញ្ញផលប្រយោជន៍គ្នាឡើយ»។ យ៉ាង​នេះក៏​ដោយ លោក​បន្ត​ថា ការលក់ដោយទទួលសិទ្ធិផ្តាចមុខក៏មានបញ្ហាខ្លះផងដែរ ប្រសិនបើភ្នាក់ងារនោះមិនអាចលក់អចលនទ្រព្យបានតាមការកំណត់ ដែល​អាចធ្វើឲ្យមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនផងដែរ។ 

លោក​បញ្ជាក់​ថា​៖​«​ដូច្នេះ លោកបញ្ជាក់ថា ភ្នាក់ងារត្រូវត្រៀមខ្លួន​ឲ្យបានរួចរាល់ ត្រូវមានក្រុមការងារ និងក្រុមលក់ដែលមានសមត្ថភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ជាមុនសិន»៕    

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

ចុះឈ្មោះចូលរួមពានរង្វាន់អចលវត្ថុកម្ពុជា២០១៩

 

 

Comments