ការវាយតម្លៃអចលនទ្រព្យមានសារៈសំខាន់ ព្រោះវាជាកត្តាមួយក្នុងការកំណត់ថាតើអចលនទ្រព្យ មួយអាចមានតម្លៃប៉ុន្មាននឹងថាតើនឹងកើនឡើងតម្លៃ ឬថាតើអាចនឹងធ្លាក់ចុះតម្លៃជាដើម។
ជាទូទៅ ការវាយតម្លៃអចលនទ្រព្យត្រូវធ្វើដោយអ្នកមានជំនាញវិស័យអចលនទ្រព្យ ដើម្បីឲ្យការវាយតម្លៃ មានលក្ខណៈសមស្រប និងអាចទទួលយកបាន ដែលអាចជួយការពារផលប្រយោជន៍គ្រប់ភាគីពាក់ព័ន្ធ អ្នកទិញ អ្នកលក់ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ ដើម្បីភាពជោគជ័យ និងផលប្រយោជន៍រយៈពេលវែង។
ហេតុអ្វីត្រូវវាយតម្លៃអចលនទ្រព្យ?
វាជាដំណើរការនៃផ្តល់ ឬបង្កើតគំនិតប្រកបដោយសុភវិនិច្ឆ័យទៅលើតម្លៃអចលនទ្រព្យមួយ ឬច្រើន ដោយផ្អែកលើវិធីសាស្រ្ត/រូបមន្ត និងការអង្កេតច្បាស់លាស់របស់អ្នកវាយតម្លៃ។
ការវាយតម្លៃអចលនទ្រព្យត្រូវបានធ្វើឡើងក្នុងគោលបំណងខុសៗគ្នា អាស្រ័យទៅតាមភាពចាំបាច់ និងតម្រូវ ការរបស់អ្នកស្នើសុំ។ ទាហរណ៍ នៅពេលអ្នកត្រូវការលក់អចលនទ្រព្យ តែមិនដឹងថាគួរត្រូវលក់ក្នុងតម្លៃប៉ុន្មាន ដូច្នេះ អ្នកត្រូវស្វែងរកអ្នកជំនាញ (ក្រុមហ៊ុនវាយតម្លៃ) ដើម្បីវាយតម្លៃ និងកំណត់ទីផ្សារអចលនទ្រព្យរបស់អ្នក ដើម្បីអាចដាក់លក់បានសមស្របតាម តម្លៃទីផ្សារ ជៀសវាងការដាក់លក់តម្លៃខ្ពស់ ឬទាបជាងទីផ្សារ។ លោក-អ្នកត្រូវការទិញអចលនទ្រព្យណាមួយពីម្ចាស់អចលនទ្រព្យដែលប្រកាសលក់ តែលោក-អ្នកមិន ច្បាស់ពីតម្លៃទីផ្សារដែលត្រូវទិញ ។ល។ វាចាំបាច់ណាស់ដែលលោក-អ្នកត្រូវតែធ្វើការ វាយតម្លៃអចលនទ្រព្យ របស់លោក-អ្នក ដើម្បីកំណត់ដឹងពីតម្លៃទីផ្សាររបស់អចលនទ្រព្យនោះ (Market Values)។
មួយវិញទៀត ឧទាហរណ៍ថា អ្នកចង់ខ្ចីលុយធនាគារមួយ ហើយជាលក្ខខណ្ឌតម្រូវឲ្យអ្នកត្រូវតែមានទ្រព្យ ធានាសម្រាប់ការស្នើសុំខ្ចីប្រាក់នោះ ដូច្នេះហើយ ដើម្បីឲ្យធនាគារអាចផ្តល់កម្ចីឲ្យអ្នកតាមការស្នើសុំ ធនាគារតម្រូវឲ្យអ្នកវាយតម្លៃអចលនទ្រព្យរបស់អ្នកជាមុនសិន។ ឧបមាថា អចលនទ្រព្យរបស់អ្នកត្រូវ បានអ្នកជំនាញវាយតម្លៃឲ្យបានត្រឹម ១០០,០០០ដុល្លារ ដូច្នេះ មានន័យថា ធនាគារអាចផ្តល់កម្ចីឲ្យ អ្នកយ៉ាងច្រើនបំផុត ៧០,០០០ដុល្លារ (គឺស្មើនឹង ៧០% នៃតម្លៃអចលនទ្រព្យរបស់អ្នក) ប៉ុណ្ណោះ ។
ការវាយតម្លៃអចលនទ្រព្យ មិនមែនត្រឹមតែធ្វើឡើងដើម្បីតែគោលបំណងទិញ-លក់ ជួល និងកម្ចីប៉ុណ្ណោះ ទេ ប៉ុន្តែវាមានភាពចាំបាច់ និងគោលបំណងមួយចំនួនទៀត ដូចជា៖ ការដាក់បញ្ចាំ ធ្វើគណនីយភាព ធ្វើ ទិដ្ឋាកាទៅក្រៅប្រទេស ធានារ៉ាប់រង បែងចែកទ្រព្យសម្បត្តិ និងការវាយតម្លៃដើម្បីបង់ពន្ធ ជាដើម ។
នៅប្រទេសកម្ពុជា ការវាយតម្លៃដែលយើងជួបញឹកញាប់បំផុតនោះ គឺការវាយតម្លៃអចលនទ្រព្យ ក្នុងគោលបំណងខ្ចីប្រាក់ពីធនាគារ ដែលនោះគឺជាលក្ខខណ្ឌតម្រូវរបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលតម្រូវ ឲ្យម្ចាស់ទ្រព្យដែលស្នើសុំប្រាក់កម្ចីនោះត្រូវធ្វើការវាយតម្លៃអចលនទ្រព្យរបស់ខ្លួនជាមុន ដើម្បីកំណត់ដឹង ពីតម្លៃទីផ្សារអចលនទ្រព្យ ដែលជាកម្មវត្ថុនៃការធានាប្រាក់កម្ចីនោះ។ ហើយការវាយតម្លៃអចលនទ្រព្យ មិន មែនចេះតែវាយតម្លៃដោយម្ចាស់អចលនទ្រព្យខ្លួនឯង ឬធនាគារខ្លួនឯងនោះទេ គឺត្រូវពឹងពាក់ក្រុមហ៊ុន វាយតម្លៃណាមួយដែលលោក-អ្នកពេញចិត្ត ហើយជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណសេវាកម្មវាយតម្លៃអចលនវត្ថុ ចេញដោយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា មានដូចជា៖ ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ក្រុមហ៊ុន ស៊ី-ភី-អិល ជាដើម ។
វិធីសាស្ត្រ ឬរូបមន្តនៃការវាយតម្លៃ
ក្នុងការវាយតម្លៃអចលនទ្រព្យមួយ អ្នកវាយតម្លៃមិនអាចគ្រាន់តែប្រើរូបមន្តតែមួយដដែលៗបានទេ គឺត្រូវប្រើវិធីសាស្ត្រ ឬរូបមន្តផ្សេងៗគ្នា អាស្រ័យទៅតាមគោលបំណងនៃការវាយតម្លៃ ភ្ជាប់ជាមួយ នឹងប្រភេទនៃអចលនទ្រព្យដែលត្រូវវាយតម្លៃ ។
ខាងក្រោមនេះ ជាវិធីសាស្ត្រ/រូបមន្ត នៃការវាយតម្លៃអចលនទ្រព្យ ដែលបានអនុវត្តជាទូទៅ និងជាប្រចាំ ដែលគេនិយមប្រើប្រាស់ក្នុងការផ្តល់សេវាកម្មវាយតម្លៃអចលនទ្រព្យទូទាំងពិភពលោក៖
១) វិធីសាស្រ្តប្រៀបធៀប Sale Comparison Approach
២) វិធីសាស្រ្តថ្លៃដើម Cost Approach ឬ Cost Replacement Approach
៣) វិធីសាស្ត្រប្រាក់ចំណូល Income Capitalization Approach
៤) វិធីសាស្ត្រវិនិយោគ Investment ឬ Profits
៥) វិធីសាស្រ្តសំណល់ Residual
ក្នុងចំណោមវិធីសាស្ត្រ/រូបមន្ត ទាំង ០៥ នេះ មានតែវិធីសាស្រ្តសំខាន់ៗ ០៣ ប៉ុណ្ណោះ ដែលគេនិយមប្រើ ប្រាស់ច្រើនបំផុតក្នុងដំណើរការ និងការអនុវត្តជាក់ស្តែងលើការវាយតម្លៃអចលនទ្រព្យនោះគឺ (១) វិធីសាស្រ្ត ប្រៀបធៀប (២) វិធីសាស្រ្តថ្លៃដើម និង (៣) វិធីសាស្ត្រប្រាក់ចំណូល ហើយសម្រាប់នៅប្រទេសកម្ពុជាយើងវិញ វិធីសាស្ត្រដែលគេប្រើញឹកញាប់បំផុតគឺវិធីសាស្រ្តប្រៀបធៀប ។
- វិធីសាស្រ្តប្រៀបធៀប ត្រូវបានគេប្រើដោយយកអចលនទ្រព្យដែលទើបតែលក់ចេញមួយចំនួន យកមកប្រៀបធៀបតម្លៃលក់ ហើយកំណត់យកតម្លៃកណ្តាលមួយដោយចាត់ទុកជា តម្លៃទីផ្សារ (Market Values) ។ អចលនទ្រព្យដែលយកមកប្រៀបធៀបនោះ ត្រូវតែជាអចលនទ្រព្យដែលមាន ទីតាំងតែមួយ ទំហំប្រហាក់ប្រហែល រូបរាងប្រហាក់ប្រហែល ស្ថានភាពប្រហាក់ប្រហែល ប្រភេទ អចលនទ្រព្យដូចគ្នា និងលក្ខខណ្ឌដទៃៗប្រហាក់ប្រហែល ហើយក្នុងករណីដែលលក្ខខណ្ឌរបស់វា មិនមានភាពប្រហាក់ប្រហែលគ្នានោះ អ្នកវាយតម្លៃនឹងប្រើការកាត់រំលោះ ឬបូកបន្ថែមតម្លៃរបស់ អចលនទ្រព្យនោះទៅតាមស្ថានភាព និងលក្ខខណ្ឌផ្សេងៗជាក់ស្តែង ។
ឧទាហរណ៍៖ អ្នកវាយតម្លៃបានចុះវាយតម្លៃដីមួយកន្លែងដែលមានទំហំក្បាល ៣០ម៉ែត្រ ជម្រៅ ៤០ ម៉ែត្រ ដែលមានទីតាំង ស្ថិតនៅឡូត៍ លេខ ១៣ ផ្លូវលេខ ៥៥៤ ភូមិ ១០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អ្នកវាយតម្លៃបានចុះទៅវាយតម្លៃដីនោះ ដោយបានចុះប្រមូលទិន្នន័យអចលនទ្រព្យ ដែលបានលក់ក្នុងឆ្នាំ២០១៩ នេះ បានចំនួន ៥ អចលនទ្រព្យ ដោយអចលនទ្រព្យទី១ លក់បានតម្លៃ ៣,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទី២ លក់បាន ៣,៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ទី៣ លក់បាន ៣,៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ទី៤ ៤,១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីទី ៥ លក់បាន ៤,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ដូច្នេះ បើយើងរកតម្លៃមធ្យមរបស់អចលនទ្រព្យទាំងនេះគឺស្មើនឹង ៣,៨៦០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដូចនេះមានន័យថា តម្លៃទីផ្សារនៃដីឡូត៍លេខ ១៣ ផ្លូវ ៥៥៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោកនេះគឺតម្លៃ ៣,៨៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬស្មើនឹងតម្លៃសរុប ៤,៦៣២,០០០ ដុល្លារ។ សូមចងចាំថា នេះគ្រាន់តែជាឧទាហរណ៍សាមញ្ញៗប៉ុណ្ណោះ ពេលវាយតម្លៃជាក់ស្តែង គេត្រូវកាត់រំលោះ ដកចេញ ឬបូកតម្លៃបន្ថែមទៅលើអចលនទ្រព្យ ដែលមានស្ថានភាព និងលក្ខខណ្ឌខុសគ្នា ឬប្រហាក់ប្រហែលគ្នា ដោយគិតលើ៖ រូបរាងដី ស្ថានភាពដី ទីតាំងល្អ ឬមិនល្អ ប័ណ្ណកម្មសិទ្ធិ (ប្លង់ទន់ ឬប្លង់រឹង) ប្រភេទដី ដីបឹង ដីទំនាប ឬដីរាបស្មើ ទីប្រជុំជន ឬអត់? ។ល។
- វិធីសាស្រ្តថ្លៃដើម ត្រូវបានគេប្រើដើម្បីវាយតម្លៃអចលនទ្រព្យមួយដែលបានកែឆ្នៃ អភិវឌ្ឍ ជួស ជុល ឬធ្វើអ្វីមួយបន្ថែមទៅលើអចលនទ្រព្យសភាពដើម ដូចជាសង់អគារបន្ថែមជាដើម ។ វិធីសាស្ត្រ នេះពាក់ព័ន្ធនឹងការគណនា និងវាយតម្លៃដាច់ដោយឡែកពីគ្នារវាងដី និងអគារ។
- វិធីសាស្រ្តប្រាក់ចំណូលត្រូវបានគេប្រើដើម្បីគណនានូវតម្លៃអចលនទ្រព្យមួយ ដែលមានចរន្ត ប្រាក់ចំណូលពីការជួល ដូចជា៖ អាផាតមែន អគារជួល ផ្ទះជួល និងហាងជួលជាដើម។ អ្នកវាយតម្លៃអាចប្រើប្រាស់រូបមន្តនេះបានត្រឹមត្រូវ លុះត្រាតែអចលនទ្រព្យនោះ អាចផលិត ឬបង្កើតប្រាក់ចំណូលក្នុង ពេលអនាគត់បាន ហើយប្រាក់ចំណូលនោះត្រូវតែអាចស្មានទុក មុនបានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់បំផុត ។
ចំណែកវិធីសាស្ត្រ ០២ ផ្សេងទៀត យើងនឹងមិនលើកយកមកបកស្រាយក្នុងទីនេះទេ ដោយសារតែវា មិនសូវសំខាន់ និងមិនសូវមានការប្រើប្រាស់ជាទូទៅទេ។
សូមបញ្ជាក់ដែរថា សមាគមអ្នកវាយតតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពូជាក៏មានក្រុមការងារ ដើម្បីជួយប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ ការទិញ ការលក់ និងការវាយតម្លៃជាដើម។ សូមធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារ ប្រសិនបើអ្នកត្រូវការជំនួយពាក់ព័ន្ធនឹងការវិយោគនានា។ អ្នកត្រូវការការរវង្វាយតម្លៃពីអចលនទ្រព្យកម្ពុជាដែរឫទេ? យើងអាចនាំអ្នកឲ្យជួបជាមួយអ្នកវាយតម្លៃអចលនវត្ថុនៅកម្ពុជានៅថ្ងៃនេះ!
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
Comments