នៅក្នុងប្រទេសកម្ពុជាមានភ្នាក់ងារអចលនទ្រព្យប្រមាណ ១៥០ ក្រុមហ៊ុនដែលបានចុះបញ្ជីរួចរាល់ដោយពួកគេមានភ្នាក់ងារជំនាញកំពុងធ្វើការនៅទូទាំងប្រទេសផ្តោតសំខាន់លើការជួល និងការលក់អចលនទ្រព្យដូចជា៖ ខុនដូ វីឡា ផ្ទះល្វែង អាផាមេន បុរី និងដីឡូតិ៍ជាដើម។
ទោះយ៉ាងណា អ្នកជំនាញនៅក្នុងវិស័យនេះ នៅអះអាងថាចំនួនភ្នាក់ងារអចលនទ្រព្យដែលមានជំនាញច្បាស់លាស់នៅតែមានកម្រិត ដែលមិនទាន់អាចឆ្លើយតប និងចាប់យកឱកាសនៃតម្រូវការទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្នដែលកំពុងមានសន្ទុះខ្លាំងនៅឡើយទេ។
ការលើកឡើងរបស់ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅពេលនេះ ត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចពិភាក្សាអំពីការវិនិយោគលើវិស័អចលនទ្រព្យពីបណ្តាវិនិយោគិនក្នុង និងក្រៅស្រុក ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Vtrust Appraisal នាសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទីកាលពីពេលថ្មីៗនេះ។
ភ្នាក់ងារមានច្រើន តែអ្នកមានវិជ្ជាជីវៈច្បាស់លាស់មានតិច
ក្រុមអ្នកជំនាញនៅក្នុងកិច្ចពិភាក្សានោះ បានសង្កត់ធ្ងន់ថា ភាពរីកចំរើននេះ គឺបានមកពីការចូលរួមចំណែកយ៉ាងខ្លាំងក្លាពីបុគ្គល និងក្រុមហ៊ុន ពិសេសភ្នាក់ងារអចលនទ្រព្យជាច្រើននៅក្នុងវិស័យពោលគឺសំដៅសំខាន់ដល់់ការផ្តល់សេវាកម្មត្រឹមត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ភាពច្បាស់លាស់ នឹងមានទំនុកចិត្តខ្ពស់។ តែយ៉ាងណា បើនិយាយដល់ភ្នាក់អចលនទ្រព្យវិញ នៅក្នុងប្រទេសកម្ពុជាមានភ្នាក់ងារអចលនទ្រព្យប្រមាណ ១៥០ ក្រុមហ៊ុន ដែលបានចុះបញ្ជីរួចរាល់ ខណៈចំនួនភ្នាក់ងារអចលនទ្រព្យទាំងស្របច្បាប់ និងមិនទាន់ស្របច្បាប់ សរុបមានជាង ៣ ម៉ឺននាក់ប៉ុណ្ណោះ។
បន្ថែមពីនេះ ក្រុមអ្នកជំនាញអះអាងថា ចំនួនភ្នាក់ងារអចលនទ្រព្យនៅតែតិចតួច បើធៀបនឹងបណ្តាប្រទេសជិតខាង ដែលគេមានភ្នាក់ងារអចលនទ្រព្យច្រើន ហើយសុទ្ធតែជំនាញនិងពោពេញដោយវិជ្ជាជីវៈច្បាស់លាស់។ កត្តានេះហើយ ក្រុមអ្នកជំនាញយល់ថា ជាចំណុចខ្វះខាតមួយរបស់ទីផ្សារអចលនទ្រព្យកម្ពុជា ដែលទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សក្នុងភ្នាក់ងារអចលនទ្រព្យបន្ថែមទៀត។
យោងតាមការវិភាគលើទិន្នន័យដែលប្រើប្រាស់ជាមធ្យោបាយវាស់វែង ពីសុខុមាលភាពវិស័យអចលនទ្រព្យ របស់អ្នកជំនាញអលចនទ្រព្យនៅកម្ពុជា ដែលបានបង្ហាញនៅថ្ងៃទី២៥ ខែ តុលា ឱ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជានៅបន្តភាពរឹងមាំ និងមានភាពធន់ខ្ពស់នៅឆ្នាំ ២០១៩នេះ ខណៈវិស័យសំណង់ និងអចលនទ្រព្យនឹងបន្តកើនឡើងចន្លោះពី១០ភាគរយ ទៅ១៥ ភាគរយក្នុងមួយឆ្នាំ។
ទោះយ៉ាងណា ក្នុងកិច្ចពិភាក្សាអំពីការវិនិយោគលើវិស័អចលនទ្រព្យពីបណ្តាលវិនិយោគិនក្នុង និងក្រៅស្រុក ក្រុមអ្នកជំនាញនៅតែអះអាងថា វិស័យសំណង់នៅកម្ពុជា នឹងនៅតែមានសកម្មភាពមមាញឹកដែលបង្ហាញថា វិស័យនេះនៅតែជាគោលដៅសំខាន់មួយក្នុងការទាក់ទាញ។ ហេតុនេះ ក្រុមអ្នកជំនាញយល់ថា នេះជាឱកាសល្អ សម្រាប់ភ្នាក់ងារអចលនទ្រព្យ ឬអ្នកដែលចាប់អារម្មណ៍ក្លាយខ្លួន ជាភ្នាក់ងារអចលនទ្រព្យ៕
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!
Comments