វិនិយោគិនកម្ពុជាដែលមានបំណងវិនិយោគក្នុងវិស័យអចលនទ្រព្យគួរដាក់ទុនវិនិយោគលើការសាងសង់ឃ្លាំងសម្រាប់ជួល ដោយសារតម្រូវការទីតាំងស្តុកទំនិញកំពុងកើនឡើង ស្របពេលវិស័យឧស្សាហកម្មមានសកម្មភាពកាន់តែខ្លាំង។ នេះបើយោងតាមលោកឧកញ៉ា សៀ ឬទ្ធី វិនិយោគិនផ្នែកអចលនទ្រព្យដ៏ជោគជ័យម្នាក់នៅកម្ពុជា។
ថ្លែងនៅក្នុងសុន្ទរកថាបើកកម្មវិធី Realestate.com.kh Expo 2019 កាលពីថ្ងៃទី ៤ ខែតុលានៅណាហ្គាវើល លោក សៀ ឬទ្ធី ដែលជាប្រធានក្រុមហ៊ុន WorldBridge Group ដែលមានអាជីវកម្មស្នូលលើវិស័យអចលនទ្រព្យ និងការដឹកជញ្ជូន បាននិយាយថាឃ្លាំង ដែលមានស្រាប់នៅកម្ពុជាភាគច្រើនត្រូវបានវិនិយោគ ដោយជនបរទេស។ ស្រពេលតម្រូវការឃ្លាំងកើនឡើងជាប្រចាំឆ្នាំ លោក រិទ្ធី បញ្ជាក់ថាគិតមកទល់ពេលនេះកម្រឃើញមានជនជាតិខ្មែរវិនិយោគលើអាជីវកម្មនេះនៅឡើយ។
លោកបញ្ជាក់ថា៖«ខ្ញុំអាចធានាបានថាប្រសិនបើយើងមានដើមទុន និងធនធាន ដើម្បីសាងសង់ឃ្លាំងនៅជាយក្រុងយើងនឹងទទួលបានប្រាក់ចំណូលល្អ។ ប្រសិនបើយើងសាងសង់ឃ្លាំងសម្រាប់ជួល យើងអាចទទួលបានប្រាក់ចំណេញយ៉ាងហោចណាស់ ៨ ទៅ ១០ ភាគរយ ខណៈដែលការជួលខុនដូអាចបង្កើតចំណូលឲ្យយើងបានពី ៥ ទៅ ៨ ភាគរយតែប៉ុណ្ណោះ»។
តម្រូវការឃ្លាំងត្រូវបានជំរុញមួយផ្នែកដោយសារការកើនឡើងនៃចំនួនរោងចក្រនិងសកម្មភាពឧស្សាហកម្ម។
យោងតាមរបាយការណ៍របស់ VTrust Appraisal ចំនួនសហគ្រាសឧស្សាហកម្មនៅភ្នំពេញមានការកើនឡើងយ៉ាងខ្លាំងពីមូលដ្ឋានតូចមួយនៃទំហំផ្ទៃក្រលាសរុបត្រឹមតែ ៣១,០០០ ម៉ែត្រក្រឡាកាលពីឆ្នាំ ១៩៩៨ ដល់ប្រហែល ១,៥៨ លានម៉ែត្រការ៉េក្នុងឆ្នាំ២០១៨ ។
នាយកផ្នែកស្រាវជ្រាវ VTrust Appraisal លោក ហ៊ឹម សីហា បានព្យាករណ៍ថាទំហំផ្ទៃដីសរុបសម្រាប់ឧស្សាហកម្មនៅភ្នំពេញនឹងឈានដល់ជិត ២ លានម៉ែត្រក្រឡានៅឆ្នាំ ២០៣០ ពោលគឺស្ទើរតែទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។
លោកបានមានប្រសាសន៍ថា៖«វិស័យកាត់ដេរ ដែលរួមមានសម្លៀកបំពាក់ ស្បែកជើង បាននាំមុខគេក្នុងការប្រើផ្ទៃក្រលាច្រើនជាងគេនៅក្នុងឧស្សាហកម្មនៅភ្នំពេញ»។ លោកបានបន្ថែមថាវិស័យកាត់ដេរបានស្រូបយកប្រមាណ ៧០ ភាគរយនៃផ្ទៃក្រលាសរុបប្រើប្រាស់ក្នុងវិស័យ ឧស្សាហកម្ម បន្ទាប់មកការកែច្នៃម្ហូបអាហារនិងភេសជ្ជៈការវេចខ្ចប់ និងវិស័យបោះពុម្ព។ លោកបន្តថា៖«ជាមួយនឹងកំណើននៃវិស័យឧស្សាហកម្មមានឱកាសធ្វើជំនួញជាច្រើនដែល រួមមានការវិនិយោគក្នុងការសាងសង់ឃ្លាំងផងដែរ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់គេហទំព័រ realestate.com.kh ថាការហូរចូលយ៉ាងលឿននៃលំហូរវិនិយោគបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញឱ្យមានតម្រូវការឃ្លាំង ហើយវិនិយោគិនមួយចំនួនក៏កំពុងប្រឈមនឹងការលំបាក ក្នុងការស្វែងរកទីតាំងឃ្លាំងនេះផងដែរ។
លោកបន្តថា៖«បច្ចុប្បន្នទីតាំងឃ្លាំងទំនេរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសលែងមានហើយ។ នេះគឺដោយសារតែក្រុមហ៊ុនមួយចំនួនធំបានប្រើទំហំដែលមានស្រាប់រួចហើយ»។
របាយការណ៍ថ្មីមួយដែលចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅដើមខែនេះបានបង្ហាញថាសេដ្ឋកិច្ចកម្ពុជានៅតែស្ថិតក្នុងដំណើររីកចម្រើនយ៉ាងខ្លាំងនៅឆ្នាំ ២០១៩។ ADB នៅតែរក្សាការព្យាករណ៍របស់ខ្លួនចំពោះកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រទេសកម្ពុជា ៧ ភាគរយនៅឆ្នាំនេះ និង ៦,៨ ភាគរយនៅឆ្នាំ២០២០ ។
របាយការណ៍បានកត់សម្គាល់ថាកំណើនឧស្សាហកម្មមានភាពខ្លាំងក្លាដោយសារកំណើននៃការ ផលិតសម្លៀកបំពាក់ស្បែកជើង និងការផលិតទំនិញទាក់ទងនឹងការធ្វើដំណើរ។
លោក ចេង ខេង ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន CPL បានមានប្រសាសន៍ ថាប្រជាជនកម្ពុជាបច្ចុប្បន្នកាន់តែមានការចាប់អារម្មណ៍ក្នុងការដាក់ប្រាក់របស់ពួកគេនៅក្នុងអាជីវកម្មឃ្លាំង។ ខណៈទំហំទឹកប្រាក់ក្នុងការវិនិយោគលើអាជីវកម្មឃ្លាំងមានភាពខុសប្លែកគ្នាអាស្រ័យលើទំហំឃ្លាំង លោក ខេង បាននិយាយថាអ្នកវិនិយោគជាមធ្យមអាចចំណាយចាប់ពី ៨០ ដុល្លារ ទៅ ១២០ ដុល្លារក្នុងមួយម៉ែត្រការ៉េដើម្បីសាងសង់ឃ្លាំងនេះ។
លោកបានមានប្រសាសន៍ថា៖«តម្រូវការកន្លែងសម្រាប់រោងចក្រកំពុងកើនឡើងដោយសារតែការកើនឡើងនៃការផ្តូរទីតាំងរោងចក្រពីប្រទេសចិនមកប្រទេសកម្ពុជា។ បន្ថែមលើនេះ ដោយសាររដ្ឋាភិបាលតម្រូវឲ្យមានការផ្លាស់ទីរោងចក្រពីខាងក្នុងទីក្រុងភ្នំពេញទៅជាយក្រុងនិងព័ទ្ធជុំវិញផ្លូវក្រវ៉ាត់ក្រុង ដូច្នេះតម្រូវការកន្លែងស្តុកទុកនឹងកាន់តែធំហើយការវិនិយោគក្នុង អាជីវកម្មឃ្លាំងគឺជាជម្រើសដ៏ល្អមួយ»៕
ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
Comments