+85561 777 090
Logo
ស្វែងយល់ពីកត្តាដែលអាចបណ្តាលឲ្យមានការបាក់រលំអគារនៅកម្ពុជា
Updated on: May 9, 2022, 6:01 a.m.
Published on: July 3, 2019, 6:27 a.m.

ស្វែងយល់ពីកត្តាដែលអាចបណ្តាលឲ្យមានការបាក់រលំអគារនៅកម្ពុជា


រួបភាពប្រជាជនឈរមើលអគារដែលបានបាក់រលំនៅខេត្តព្រះសីហនុ

ស្របពេលដែលប្រទេសកម្ពុជាទទួលបានការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើវិស័យសំណង និងអចលនទ្រព្យ អគារលំនៅដ្ឋាន និងពាណិជ្ជកម្មតូចធំ រាប់តាំងពីគម្រោងបុរីរហូតដល់អគារខ្ពស់កប់ ពពកបានរីកដុះដាលនៅក្នុងរាជធានី ​និងតាមទីជុំជនខេត្តក្រុងទូទាំងប្រទេស។ ទាំងនេះគឺជាចំណុចវិជ្ជមានមួយសម្រាប់សម្រាប់វិស័យអចលនទ្រព្យកម្ពុជា ប៉ុន្តែនេះក៏ជាការផ្លាស់ប្តូរថ្មីមួយនៅក្នុងទីផ្សារមួយនេះ ក្នុង រយៈពេលជិត ១០ ឆ្នាំចុងក្រោយនេះផងដែរ។ 

ហេតុដូចនេះហើយទ់ើបគេនៅតែមានក្តីបារម្ភចំពោះវិស័យនេះទាំងមូល ក្នុងនោះ មួយក្នុងចំណោមកង្វល់ជាច្រើនគឺគុណភាពសំណង់ និងបទដ្ឋានសាងសង់ ថាតើគម្រោងនីមួយៗនឹងផ្តល់ជូនភាពរឹងមាំកម្រិតណា និងជាប់បានយូរកម្រិតណា?

ជាក់ស្តែងព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តព្រះសីហនុ គឺជាឧទាហរណ៍ជាក់ស្តែង​ ដែលបានសរឲ្យឃើញពីស្ថានភាពប្រឈមផ្នែកគុណភាពសំណង់នៅកម្ពុជា។ ហេតុការណ៍នេះបាន បង្ករឲ្យមានការភ្ញាក់ផ្អើល ហើយទទឹមជាមួយគ្នានេះ អ្នកគ្រប់គ្នាបានងាកមកចាប់អារម្មណ៍កាន់តែ ខ្លាំងពីគុណភាពនៃការសាងសង់នានានៅទូទាំងប្រទេស។​

ការបាក់រលំអគារមិនមែនជារឿងចៃដន្យនោះ ប៉ុន្តែវាមានហេតុផលសំខាន់ៗជាច្រើនយ៉ាងដែលពាក់ព័ន្ធទៅនឹងកង្វះខាតគុណភាព ប្រព័ន្ធត្រួតពិនិត្យគុណភាសំណង់នៅមានកម្រិត  កង្វះធនធាន និងមធ្យោបាយបច្ចេកទេស និងការគិតតែពីផលចំណេញពីម្ចាស់សំណង់ និងអ្នកពាក់ព័ន្ធ។ នេះបើតាមការដកស្រង់ពី rfi ។ 

គុណភាពនៃសំណង់អគារ

អគារទាំងតូចទាំងធំ ទាំងលំនៅដ្ឋានស្នាក់ ឬជួលជាច្រើនត្រូវបានសាងសង់នៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែគុណភាពនៃសំណង់ត្រូវបានគេនិយាយពីមាត់មួយទៅមាត់មួយថា មិនសូវល្អនៅឡើយ។ ជាក់ស្តែងសំណង់ផ្ទះបុរីជាច្រើន ត្រូវបានគេសង្កេតឃើញមានស្នាមប្រេះ និងជ្រាបទឹក ដែលសុទ្ធតែជាបញ្ហានៃគុណភាពសំណង់នោះ។

ប្រព័ន្ធត្រួតពិនិត្យគុណភាពសំណង់

ស្របពេលដែលការអភិវឌ្ឍជាច្រើនបានកើនឡើង គេមើលឃើញថាប្រព័ន្ធគ្រប់គ្រងការត្រួតពិនិត្យសំណង់របស់អាជ្ញធរមូលដ្ឋាន ត្រូវបានគេឃើញថាមានភាពទន់ខ្សោយនៅឡើយ ដែលអាចបណ្តោយឲ្យការសាងសង់គ្មាន គុណភាពចេះតែបន្តកើតមាន។ កង្វះសមត្ថភាពនៃអាជ្ញាធរនេះ ក៏បណ្តាលមកពីការខ្វះការយល់ ដឹងជាសារវន្តផ្នែកបច្ចេកទេសនៃការត្រួតពិនិត្យផងដែរ បូកផ្សំនឹងភាពមិនប្រក្រតីក្នុង ការអនុវត្តជាមួយនឹងម្ចាស់គម្រោងផងនោះ វាបានធ្វើឲ្យប្រព័ន្ធត្រួតពិនិត្យជារួមមានលក្ខណៈ ទន់ខ្សោយ។

កង្វះធនធាន និងមធ្យោបាយបច្ចេកទេស

ដោយសារតែប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ធនធានជាច្រើនក៏នៅមានកង្វះខាតយ៉ាងច្រើន ដែលទាមទារឲ្យមានមានជំនួយពីបរទេស និងដៃគូសហការផ្សេងៗ។ ត្រង់ចំណុចនេះយើងសង្កេតឃើញពី ការខិតខំប្រឹងប្រែងរបស់ដ្ឋ ក្នុងការពង្រីកធនធាន សមត្ថភាព និងមធ្យោបាយរបស់អាជ្ញាធរ។  ប៉ុន្តែវាហាក់នៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត។ 

ការគិតតែពីផលចំណេញច្រើនជ្រុល

ម្ចាស់គម្រោងអភិវឌ្ឍន៍ ត្រូវបានគេសង្កេតឃើញថាជាអ្នកដែលទទួលបានផលប្រយោជន៍មុនគេ សម្រាប់ការសាងសង់អគារទោះធំក្តី ឬតូចក្តី។ ដូច្នេះ ប្រសិនបើពួកគេគិតតែពីផលចំណេញច្រើនពេក ប្រាកដណាស់ គម្រោងរបស់ពួកគេនឹងត្រូវសាងសង់ដោយមិនឆ្លើយទៅតាមស្តង់ដារគុណភាព  ពោលគឺខ្វះទាំងវត្ថុធាតុដើម និងជំនាញបច្ចេកទេស ដែលនេះជាបញ្ហាប្រឈមដ៏ធំ។ 

ទោះយ៉ាងណាក៏ដោយ នៅពេលដែលមានហេតុការណ៍ដ៏រន្ធត់បានកើតឡើងនៅក្រុងព្រះសីនុថ្មីៗនេះមក វាអាចជាមេរៀនមួយសម្រាប់ទាំងរដ្ឋាភិបាល និងអ្នកម៉ៅការសាងសង់ ម្ចាស់ក្រុងហ៊ុនសាងសង់ និងអ្នករចនាប្លង់គម្រោងជាដើម ឲ្យងាកមកយកចិត្តទុកដាក់ឡើងវិញនូវរាល់ សំណង់តូចធំ ដែលកំពុងដំណើរការសាងសង់ ឬគ្រោងនឹងសាងសង់នៅពេលខាងមុខ ដើ​ម្បីឲ្យអាចធានាបានគុណភាពសំណង់រឹងមាំ និងសុវត្ថិភាពសម្រាប់អ្នករស់នៅទូទៅ៕  

ចង់ទិញអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh! ឬអានអត្ថបទនេះ ដ្ឋា​ភិ​បាល​បង្កើត​គណៈ​កម្មាការ​ពង្រឹង​ការ​ត្រួត​​​ពិ​និត្យ​គុណ​​​ភាព​សំ​ណង់នៅ​ខេត្ត​ព្រះ​សី​ហនុ​

Comments