ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចរៀបចំឱ្យមានការចូលរួមប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វាច្រកចេញ-ចូលពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុដោយបេក្ខជន បេក្ខនារី ឬក្រុមដែលទទួលបានជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត និងលិខិតបញ្ជាក់អំពីស្នាដៃដែលចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានចេញកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ។
តាមរយៈសេចក្តីជូនដំណឹងស្តីពី«ការប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញចូលពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ» បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុចំនួន៣ថ្ងៃ ចាប់ពី១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។
សេចក្តីជូនដំណឹងបានឱ្យដឹងផងដែរថា ពិធីបុណ្យសមុទ្រនេះនឹងប្រារព្ធនៅទីលានតេជោ (ពយតាមួង) ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការហែរក្បួនព្យុហយាត្រា ការសម្តែងទស្សនីយភាព សិល្បៈជាតិ អន្តរជាតិ ការប្រជុំតន្ត្រី ការបាញ់កាំជ្រួច ការតាំងពិព័រណ៍ និងការប្រកួតកីឡាលើទឹក លើឆ្នេរខ្សាច់ ។ល។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ដើម្បីជាការសម្គាល់ទីតាំងប្រារព្ធពិធីបុណ្យសមុទ្រនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំសាងសង់ក្លោងទ្វារចំនួន២ទីតាំងនៅដើមផ្លូវ និងចុងផ្លូវ ។ ដូចនេះដើម្បីឱ្យមានការចូលរួមពីមហាជនដែលមានគំនិតច្នៃប្រឌិត និងទេពកោសល្យក្នុងការរចនាប្លង់ក្លោងទ្វារច្រកចេញចូលពិធីបុណ្យសមុទ្រលើកទី៩នេះ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចរៀបចំឱ្យមានការចូលរួមប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារដោយមានលក្ខខ័ណ្ឌដូចជា ៖
១. រចនាបទប្លង់ក្លោងទ្វារត្រូវបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ មានទំហំក្លោងទ្វារទទឹង១៦ម៉ែត្រ កម្ពស់១២ម៉ែត្រ និងរំលេចដោយគំនិតច្នៃប្រឌិតឆ្លុះបញ្ចាំងពីធនធានសមុទ្រ ជីវចម្រុះ និងការអភិវឌ្ឍខេត្តព្រះសីហនុ លំអដោយភ្លើងរចនាតាមលក្ខណៈទំនើប និងសាមញ្ញ ដោយមានខ្លឹមសារបញ្ជាក់អំពីអត្ថន័យនៃគំរូក្លោងទ្វារនេះ ។
២. ក្រោយពីបេក្ខជន បេក្ខនារី ឬក្រុមការងារ រចនាប្លង់ក្លោងទ្វារច្រកចេញចូលពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុរួចរាល់ សូមយកស្នាដៃគំរូរចនាប្លង់ក្លោងទ្វារមកដាក់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ (លោក ហង្ស ភិរក្ស លេខទូរស័ព្ទ ០១២ ៥០៥ ១៦៨) ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទីរសៀល ។ ចំពោះលទ្ធផលរដ្ឋបាលខេត្តព្រះសីហនុនឹងជូនដំណឹងនៅពេលក្រោយ ។
៣. បេក្ខជន បេក្ខនារី ឬក្រុមដែលទទួលបានជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត និងលិខិតបញ្ជាក់អំពីស្នាដៃដែលចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ។
ស្ថាបត្យករអាជីព សិស្ស និស្សិតស្ថាបត្យកម្មខ្មែរ និងសាធារណជនទាំងឡាយណាដែលមានបំណងបញ្ចេញស្នាដៃប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញចូលពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សូមចាប់ផ្តើមរចនាប្លង់ប្រកបដោយគំនិតច្នៃប្រឌិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕
Comments