បើតាមការចេញផ្សាយរបស់លោកស្រី សេង សុមេត្តា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧លាននាក់ ដោយចាយទុនវិនិយោគ៨៨០លានដុល្លារ មានផ្លូវរត់ប្រវែង៣៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា គិតមកទល់ពេលនេះសម្រេចបាន៩០ភាគរយហើយតាមផែនការគ្រោងទុក ។
អាកាសយានដ្ឋានអន្តរជាតិនេះមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្គ និងត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បងនៅខែឧសភា សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខ ។
អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរចាស់នឹងត្រូវបិទជាស្ថាពរ បន្ទាប់ពីគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខ ហើយកាតបិទនេះដោយសារតែអាកាសយានដ្ឋានថ្មី មានសមត្ថភាពអាចទទួលអ្នកដំណើរបានច្រើន រហូតដល់៧លាននាក់ក្នុងមួយឆ្នាំ ។
គួររម្លឹកផងដែរថា ព្រលាននេះចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ នៅលើផ្ទៃដីទំហំ៧០០,០៦ហិកតា ជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា និងចិនដែលសាងសង់ដោយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក ដែលចាយទុនវិនិយោគ ៨៨០ លានដុល្លារ ៕
Comments