(ការប្រជុំផ្សព្វផ្សាយអំពីសុវត្ថិភាព និង គុណភាពសំណង់នៅក្នុងសាលាខេត្តព្រះសីហនុ)
ដើម្បីជំរុញដល់ការសាងសង់ ដែលកំពុងតែរីកដុះដាលយ៉ាងខ្លាំងនៅក្នុងខេត្តព្រះសីហនុ និងដើម្បីរក្សាបាននូវសំណង់ដែលមានគុណភាព និងសោភ័ណភាព ជាពិសេសការធានាបានសុវត្ថិភាព ពេញលេញ ចាប់តាំងពីដំណាក់កាលនៃការសាងសង់ រហូតដល់ពេលស្នាក់នៅ អាជ្ញាធរខេត្តព្រះសីហនុ បានចាប់ផ្តើមយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងចាត់វិធានការជាបន្តបន្ទាប់លើម្ចាស់គម្រោង និងការដ្ឋានណា ដែលមិនគោរពតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ។
យោងតាមទំព័រហ្វេសបុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះផ្សាយកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះរដ្ឋបាលខេត្តបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ នៅក្នុងខេត្តព្រះសីហនុដោយមានការចូលរួមពីឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុត សំអន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុចំនួន ១៩៥ កន្លែងត្រូវបានអញ្ជើញឲ្យចូលរួមស្តាប់នៅក្នុងកិច្ចប្រជុំនេះ។
ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ការដ្ឋានសំណង់មួយចំនួននៅតែមិនបានអនុវត្តតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានបញ្ហាប្រឈមអំពីសុវត្ថិភាព និងគុណភាពសំណង់ ដោយមិនបានធ្វើរបងហ៊ុមព័ទ្ធការដ្ឋាន ខ្វះសំណាញ់ការពារសុវត្ថិភាពក្នុងការដ្ឋាន បានបង្កហានីភ័យបង្កគ្រោះថ្នាក់ដល់កម្មករ និងប្រជាពលរដ្ឋដូចជាថ្មីៗនេះ។
ជាការកត់សម្គាល់មានការដ្ឋានមួយកន្លែងបានបាក់ដងសន្ទូច ការធ្លាក់សម្ភារៈសំណង់ក្នុងការដ្ឋាន និងការរំលោភដីចំណីផ្លូវសាធារណៈជាដើម។ កន្លងមកខេត្តព្រះសីហនុធ្លាប់ទទួលរងនៅការបាក់រលំអគារ ដែលបានបណ្តាលឲ្យកម្មករជាច្រើននាក់បានស្លាប់។
ចំពោះបញ្ហានេះ លោកបានស្នើសុំឱ្យម្ចាស់ការដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាព និងគុណភាពសំណង់ក្នុងការដ្ឋានរៀងៗខ្លួន។ ការសាងសង់ត្រូវគោរពតាមច្បាប់របស់កម្ពុជា និងគោរពតាមបទដ្ឋានគតិយុត្តិ នៃច្បាប់សំណង់។ ម្ចាស់ការដ្ឋានត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើបណ្តាលឱ្យមកម្មករមានរបួស ឬស្លាប់។
ក្នុងពេលកន្លងមកដើម្បីធានាបាននូវភាពរឹងមាំនៃសំណង់ រដ្ឋបាលខេត្តបានធ្វើការរឹតបណ្តឹង ច្បាប់ទម្លាប់ និងបច្ចេកទេសសាងសង់ ដែលបានតម្រូវឲ្យគ្រប់ការដ្ឋានទាំងអស់ត្រូវអនុវត្តតាម ក្នុងនោះការសាងសង់ត្រូវ អនុវត្តតាមបទដ្ឋានបច្ចេកទេសទាំង៤ចំណុច៖
១.ការងារសិក្សាគម្រោងប្លង់ និងប្លង់បច្ចេកទេសផ្សេងៗតាមច្បាប់ ម្ចាស់ការដ្ឋានត្រូវមាន អជ្ញាប័ណ្ណអនុញាតិគ្រប់គ្រាន់។
២.ម្ចាស់សំណង់ ត្រូវរកក្រុមហ៊ុនសាងសង់ វិស្វករ និងកម្មករ ប្រសិនបើរកឃើញថា ការដ្ឋានមិនមានក្រុមហ៊ុនសាងសង់ដែលមានចុះបញ្ជីត្រឹមត្រូវ គ្មានវិស្វករប្រចាំការ និងគ្មានកម្មករទេ នោះការដ្ឋានសំណង់នឹងត្រូវផ្អាកដំណើរការ ។
៣.ការប្រើប្រាស់ដងសន្ទូច ម៉ាស៊ីនស្ទូច ម្ចាស់ការដ្ឋានត្រូវមានប្លង់ទីតាំងគ្រឹះដងសន្ទូច ក្នុងដែនប្រើប្រាស់ប្រចាំថ្ងៃ ។
៤. ចំពោះគ្រឹះអគារ ក្រុមហ៊ុនសាងសង់គ្រឹះចាំបាច់ត្រូវត្រួតពិនិត្យអំពីស្ថានភាពដីឲ្យបានច្បាស់លាស់។
គួររំលឹកផងដែរថា វិស័យសំណង់នៅខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើគិតចាប់ពីឆ្នាំ២០១៧ ដល់ខែវិចិ្ឆកា ឆ្នាំ២០១៩ មានគម្រោងសរុបទាំងអស់ ១,០៧៦ ហើយក្នុងនោះអគារកម្ពស់ចាប់ពី ៥ ជាន់ ដល់ ៤៥ ជាន់ មានចំនួន ៨០១ គម្រោង៕
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូលអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
អត្ថបទដោយ
Comments