+85561 777 090
Logo
សញ្ញាល្អ ! ទីផ្សារអចលនទ្រព្យក្រុងព្រះសីហនុចាប់ផ្តើមកម្រើកក្រោយមានរៀងនេះ
Updated on: January 23, 2023, 3:44 a.m.
Published on: January 10, 2023, 9:15 a.m.

សញ្ញាល្អ ! ទីផ្សារអចលនទ្រព្យក្រុងព្រះសីហនុចាប់ផ្តើមកម្រើកក្រោយមានរៀងនេះ


ក្រោយពេលរាជរដ្ឋាភិបាលបានសម្រេចបិទល្បែងស៊ីសងអនឡាញនៅក្នុងខេត្តព្រះសីហនុ រួមជាមួយនឹង​ការផ្ទុះ​ឡើង​នៃ​វិបត្តិកូវីដ-១៩កាលពីពេលកន្លងទៅបានធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះមានការជាប់គាំងជា​បន្តបន្ទាប់ ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះវិញ ទីផ្សារអចលនទ្រព្យក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមកម្រើក​ឡើងវិញ​ជា​បណ្តើរ​ហើយ ។ នេះបើតាមការឱ្យដឹងពីអ្នកជំនាញទីផ្សារអចលនទ្រព្យ ។

ក្រោយពេលមានផ្លូវល្បឿនលឿនបានធ្វើឱ្យសកម្មភាពភ្ញៀវទេសចរក្នុងស្រុកសម្រុកទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុយ៉ាងច្រើន ដែលបណ្តាលឱ្យទីផ្សារអចលនទ្រព្យក្នុងខេត្តមួយនេះមានសភាបកម្រើកឡើងវិញ ។ នេះបើតាមលោក ឌិ​ត ​ច​ណ្ណា ទីភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​លើកឡើង ។

អ្នកជំនាញទីផ្សារអចលនទ្រព្យខាងលើបានបន្តឱ្យដឹងថា ដោយមានការសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ​បានដោះ​ស្រាយ​បញ្ហាគម្រោងអគារដែលជាប់គាំងនាពេលកន្លងមកក្នុងខេត្តព្រះសីហនុបានធ្វើឱ្យ​វិនិយោគិន​ចិនមួយ​ចំនួន​ចាប់​ផ្តើម​សាងសង់គម្រោងដែលជាប់គាំងឡើងវិញ និងមានគម្រោងខ្លះសាងសង់បញ្ចប់ ។

តម្លៃ​ដីធ្លី​នៅតែមាន​តម្លៃ​ខ្ពស់ ជាក់ស្តែង​នៅ​តំបន់​ល្អៗ​ទីប្រជុំជនដូចជា​ តំបន់ឆ្នេរ​ឯក​រាជ្យ​ទៅ​រង្វង់​មូល​តោ​, តំបន់រ​ង្វ​ង់​មូល​តោ​ទៅ​ឆ្នេរ​អូរ​ឈើទាល, ​តំបន់​ម្តុំ​សណ្ឋាគារ​សុខា​ជាដើមគឺ​តម្លៃ​ខ្ពស់បំផុត​ចាប់ពី​៣០០០-៣៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េទៅតាម​ទំហំ​ដី​តូច ឬ​ដី​ធំ ​។ ជាមួយគ្នានេះ តំបន់​ជាយក្រុង​វិញ មានតម្លៃ​ចាប់ពី​២០០០-២៥០០​ដុល្លារ ក្នុង១​ម៉ែត្រការ៉េ ហើយ​តំបន់​ចុះ​ពី​ជាយក្រុង​វិញ គឺមាន​តម្លៃ​ចាប់ពី​១០០០​ដុល្លារ​-១៥០០​ដុល្លារ​ជាដើម​ ។​

បច្ចុប្បន្នពាណិជ្ជករ និងវិនិយោគិនចិនជាច្រើនបានវិលត្រឡប់មកកាន់ខេត្តព្រះសីហ​នុជាបន្តបន្ទាប់ដែលធ្វើឱ្យតម្រូវ​ការជួលផ្ទះ ខុនដូ និងទីតាំងផ្សេងៗសម្រាប់បើកដំណើរការអាជីវកម្មផ្សេងៗមានការកើនឡើង ។​ វិនិយោគិន​កាន់តែ​ច្រើនឡើងៗ​ចាប់ផ្តើម​សាកសួរ​ពី​ហាងឆេង​តម្លៃ​ដីធ្លី​ដែល​នេះ​អាចជា​សញ្ញា​ល្អ​សម្រាប់​សកម្មភាព​ទិញ​លក់​នាពេល​ខ្លី​ខាងមុខ​ ។

គួររម្លឹកផងដែរថា យោងតាមសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ឆ្នាំ២០៣៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា រាជរដ្ឋាភិបាលបានកំណត់អភិវឌ្ឍន៍ក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ៕

Comments