រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងបំផុតដើម្បីចាប់ផ្តើមអនុវត្ត ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Kick-Off Meeting of Feasibilities Study on Sihanouk Ville Logistics Complex Project) ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្តីការក្រសួង កាលពីព្រឹកថ្ងៃព្រស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ។
កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសនៃ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC មន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល។
កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៦ រួមមាន៖ (១) ការណែនាំអំពីសមាសភាពក្រុមការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (២) ការបញ្ជាក់លើគោលបំណងរបស់រាជរដ្ឋាភិបាលលើគម្រោងការងារនេះ និងអាទិភាព (៣) កិច្ចពិភាក្សាអំពី ការស្វែងរកគន្លឹះនៃរបាយការណ៍សម្រាប់ករណីអាជីវកម្ម ក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋ និងផ្នែកឯកជន (ហៅកាត់ថា PPP) បញ្ហា ឬ ហានិភ័យ ដែលអាចនឹងប៉ះពាល់ដល់គម្រោង (៤)បទបង្ហាញអំពី វិធីសាស្រ្តក្នុងការអនុវត្តការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (៥) ការលើកសំណើអំពីវិធីសាស្ត្រក្នុងការទំនាក់ទំនង និងសម្របសម្រួល រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (៦) បទបង្ហាញអំពីការកំណត់កាលបរិច្ឆេទ ដែលគ្រោងនឹងផ្តល់ជូននូវលទ្ធផលនៃការសិក្សា និងកិច្ចការជំហានបន្ទាប់។
មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ ដែលនឹងត្រូវអភិវឌ្ឍជាបន្តបន្ទាប់តាមផែនការមេ (Comprehensive Intermodal Transport Master Plan 2022-2030) និងជា មជ្ឍមណ្ឌលភស្តុភារកម្មទី២ បន្ទាប់ពីគម្រោងអភិវឌ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) នៅក្នុងប្រទេសកម្ពុជា ដែលនឹងអាចប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
ជាមួយនឹងទីតាំងយុទ្ធសាស្ត្រនៅភាគនិរតីតាមឆ្នេរសមុទ្រ និងដោយមានការតភ្ជាប់ល្អជាមួយផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក (ដែលអនាគតនឹងក្លាយទៅជា ផ្លូវដែកល្បឿនលឿន) និងផ្លូវអាកាសផងនោះ មជ្ឈមណ្ឌលមណ្ឌលភស្តុភារកម្មនេះ នឹងរួមចំណែកបំពេញសមត្ថភាពបន្ថែម ទៅឱ្យកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់គ្រងពីរភាគបី នៃចំនួនកុងតឺន័រទាំងអស់ដែលឆ្លងកាត់ប្រទេស។
គម្រោងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានសិក្សាជាដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវបង់កម្រៃសេវាជូន IFC ទៅតាមដំណាក់កាលនីមួយៗ ប៉ុន្តែថវិកានេះនឹងត្រូវបង្វែរសងមករាជរដ្ឋាភិបាលវិញ ដោយក្រុមហ៊ុនដែលទទួលបានជ័យជម្នះក្នុងការដេញថ្លៃជាសាធារណៈ៕
Comments